Wednesday, February 1, 2012

សំណាងល្អ និង អាក្រក់?





ប្រែសម្រួលដោយ តេង សំអាន
ដកស្រង់ចេញពីសៀវភៅៈ "Born To Win" និពន្ធដោយ Boris Vene និង Nikola Grubisa

កាលពីបុរាណកាល ដ៏យូរលង់មួយក្នុងប្រទេសចិន មានកសិករចំណាស់ម្នាក់។ គាត់មានទ្រព្យ និង របស់របរប្រើប្រាស់ច្រើនគួរសម មានសេះដ៏ស្អាតមួយក្បាល និងមានកូនប្រុសប្រកបដោយគន្លង​ធម៌ម្នាក់ ដែលជាទី​ច្រណែន នៃអ្នកភូមិផង។

ថ្ងៃមួយសេះរបស់គាត់បានលោតចេញពីក្រោល ហើយរត់ចូលទៅក្នុងព្រៃបាត់។ ក្រោយពីឮថាគាត់ បាត់សេះ អ្នកជិតខាងគាត់ក៏បានមកផ្ទះរបស់គាត់ដើម្បីលួងលោមគាត់។ ពួកគេនិយាយទៅកាន់ គាត់ថា "ហេតុអ្វីក៏សំណាងអាក្រក់ម្ល៉េះ?" កសិករចំណាស់កាលបើបានឮហើយ ក៏តបយ៉ាងសាមញ្ញ វិញថា "ហេតុអ្វីក៏អ្នកដឹងថា វាជាសំណាងអាក្រក់សម្រាប់ខ្ញុំ?"

រំលងពីរបីសប្តាហ៍ក្រោយមក សេះរបស់គាត់ដែលស្រេកឃ្លាន ក៏បានត្រលប់មកវិញ ដើម្បីស៊ីចំណី ដែលវាធ្លាប់ស៊ីក្នុងក្រោល។ អ្វីដែលនឹកស្មានមិនដល់នោះ សេះនោះថែមទាំងបាននាំសេះព្រៃ ជាច្រើនក្បាលមកជាមួយវាផង។ ដំណឹងនេះបានឮដល់អ្នកភូមិ ពួកគេក៏មកជួបគាត់ដើម្បីអបអរ ដល់គាត់ដែលបានទទួលនូវលាភថ្មីនេះ។ ពួកគេអះអាងថា ជាសំណាងដ៏ធំសម្រាប់កសិករ ចំណាស់ ក៏ប៉ុន្តែនៅពេលឮពាក្យទាំងនេះ គាត់គ្រាន់តែតបថា "ហេតុអ្វីបានជាអ្នកដឹងថា ជាសំណាងរបស់ខ្ញុំ?"

ច្រើនខែកន្លងហួសទៅ ថ្ងៃមួយនៅពេលដែលកំពុងបង្ហាត់សេះថ្មី​ កូនប្រុសរបស់គាត់បានធ្លាក់ពី លើខ្នងសេះ ហើយមានរបួសជាទម្ងន់។ គ្រូពេទ្យប្រាប់ទៅគាត់ថា កូនប្រុសតែមួយរបស់គាត់ នឹងពិការអស់មួយជីវិត។ បន្ទាប់ពីឭដំណឹងដ៏អកុសលនេះ អ្នកភូមិបានមកជួយលួងលោម នឹង បង្ហាញក្តីអាណិតអាសូរចំពោះកសិករចំណាស់។ នៅពេលឮអ្នកភូមិនិយាយថា វាជាសំណាង ដ៏ អាក្រក់ដែលកូនប្រុសតែមួយធ្លាក់ខ្លួនពិការ គាត់មិនអស់សង្ឃឹម ហើយតបវិញយ៉ាងសុទិដ្ឋិនិយម និងទឹកមុខញញឹម ថា "ហេតុអ្វីបានជាអ្នកដឹងថា វាជាសំណាងដ៏អាក្រក់?"

ក្រោយមកមិនយូរប៉ុន្មាន ស្រុកទេសក៏កើតកលយុគ។​ ព្រះរាជាបានបញ្ជាឲ្យគេ ដើរកែនទាហាន ពីគ្រប់ទីកន្លែងដើម្បីយកទៅច្បាំង។ ប្រុសៗក្នុងភូមិរបស់គាត់ក៏ជាប់ក្នុងកំណែននោះដែរ។ ដោយ សារពិការភាព កូនប្រុសរបស់គាត់មិនត្រូវបានជ្រើសរើសឡើយ។ សង្រ្គាមបានបញ្ចប់ តែដំណឹង​ដ៏គួរ​ឲ្យរន្ធត់មួយបានមកដល់ភូមិរបស់គាត់ ទាហានដែលកែនទៅ ទាំងប៉ុន្មានបានពលីក្នុង​សមរភូមិ​អស់ទៅហើយ គ្មាននរណាម្នាក់អាចត្រលប់មកវិញឡើយ។

ទោះបីស្ថិតក្នុងជីវភាពលំបាក កសិករចំណាស់ នឹងកូនប្រុស បានបន្តរស់យ៉ាងសុខសាន្តនៅ ក្នុងភូមិរបស់គាត់។
-------------------------------------------------


តើអ្វីជាតម្លៃក្នុងរឿងនេះ?

"អ្វីដែលកើតឡើងចំពោះយើង មិនសុទ្ធតែល្អ ឬ អាក្រក់ឡើយ។ នៅពេលដែលអ្នក​បាន​ទទួល​របស់ម្យ៉ាង អ្នកក៏បានបាត់បង់របស់ ម្យ៉ាង នៅពេលជាមួយគ្នាដែរ។ "  គប្បីមាន​សុទិដ្ឋិនិយម និង សង្ឃឹមជានិច្ច!!!!