Showing posts with label Stories. Show all posts
Showing posts with label Stories. Show all posts

Sunday, April 1, 2012

ហុង ម៉េង





ជីវិតពិត នៃកុមារម្នាក់ដែលបាត់បង់ឱកាស 
និពន្ធដោយៈ តេង សំអាន

រតនគិរី ជាខេត្តមួយមានចំការកៅស៊ូច្រើនគួរសម ចំការទាំងនេះភាគច្រើន បន្សល់​ទុកតាំងពី សម័យសង្គមរាស្រ្តនិយមមកម៉្លេះ។ ចំការកៅស៊ូទាំងនេះ ជាប្រភព ផ្តល់ចំណូល​ដល់ ខេត្ត ក៏ដូចជាផ្តល់ការងារឲ្យប្រជាជន។ ដោយសារ ប្រជាជនក្នុងខេត្ត នេះ ភាគច្រើន​ជាក្រុម​កុលសម្ព័ន្ធរស់នៅពឹងផ្អែកលើការធ្វើកសិកម្មពនេចរ បរបាញ់សត្វ និងប្រមូលអនុផល​ព្រៃឈើ ពួកគេមិនចាប់អារម្មណ៍នឹងការងារដែលផ្តល់ដោយចំការ កៅស៊ូទាំងនេះឡើយ។​ ចំការកៅស៊ូ​ទាំងនោះ ផ្ទុយមកវិញ បានទាក់ទាញចំណូលស្រុក មកពីតាមបណ្តាខេត្តនានា​ឲ្យមករស់នៅ និងប្រកបរបរចៀរជ័រដើម្បីចិញ្ចឹមជីវិត។ ទឹកដីថ្មី ផ្តល់ឱកាសថ្មី ប៉ុន្តែក៏ជាកន្លែងដែលត្រូវប្រឈម​នឹងគម្រាមកំហែងថ្មីដែរ។ បញ្ហាមួយដែល ពួកគេត្រូវប្រឈមមុខខ្លាំងបំផុតនោះ គឺជម្ងឺគ្រុនចាញ់ ដែលជាមជ្ជុរាជដ៏សាហាវអាចឆក់ យកជីវិតអ្នកជម្ងឺម្នាក់តែក្នុងរយៈពេលបីបួនថ្ងៃប៉ុណ្ណោះ។

ក្នុងកំឡុងឆ្នាំ ២០០២ ក្នុងចំណោមចំណូលស្រុកថ្មីៗ​ មានគ្រួសារមួយបានចូល​មករស់នៅ។ គ្រួសារ​នេះមានកូនបួននាក់។​ មករស់នៅបានពីរបីឆ្នាំ ប្តីប្រពន្ធទាំងពីរនាក់ ក៏ស្លាប់ចោលកូនទាំងបួននាក់។ បន្ទុកគ្រួសារក៏ធ្លាក់មកលើ កូនស្រីច្បង និង កូនស្រី​បន្ទាប់ ដែលស្ថិតក្នុងបឋមវ័យនៅឡើយ។ ក្រោយ​មក កូនច្បងនោះ នាងក៏បានរៀបការ​ជាមួយនឹងបុរសម្នាក់ដែលជា កម្មករចៀរជ័រដូចគ្នា។ គ្រួសារនេះមានជីវភាពខ្វះមុខ ខ្វះ​ក្រោយ។ ប្អូនៗទាំងពីរដែលនៅតូចនៅឡើយពុំមាន​លទ្ធភាព​ទៅសាលារៀននឹងគេទេ។

ពេលវេលាកន្លងទៅយ៉ាងឆាប់ គូភរិយាថ្មីនេះក៏បានទទួលនូវចំណងដៃថ្មីមួយ នៃជីវិតគូភរិយាស្វាមី គឺការចាប់កំណើតនៃកូនប្រុសម្នាក់ គឺហុងម៉េង។ កំណើតរបស់ ហុងម៉េងជាក្តីរីករាយមួយ តែក៏ជា​បន្ទុកដ៏ធំមួយសម្រាប់គ្រួសារក្រីក្រមួយនេះ។ ក្រោយពី​​​ចាប់ កំណើតមិនយូរប៉ុន្មាន ម្តាយហុងម៉េង ក៏ធ្លាក់ខ្លួនឈឺ ហើយ ក៏ស្លាប់បាត់បង់ជីវិត​ទៅ។ ហុងម៉េងមិនទាន់ទាំងដឹងក្តី និងស្គាល់មុខម្តាយផង រូបគេបានក្លាយជាក្មេងកំព្រា ម្តាយរួចទៅហើយ។ ក្រោយមរណភាពម្តាយ ឪពុករបស់គេ ក៏​បានទុក​ឲ្យ កុមារកំព្រា​ម្នាក់​នេះនៅជាមួយម្តាយមីង ដែលជាប្អូនស្រីបង្កើតរបស់ម្តាយវា ហើយគាត់ក៏បាន​ត្រាច់ចរ រកការងារ ធ្វើពីកន្លែងមួយ ទៅកន្លែងមួយ រហូតបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី។

បន្ទុកគ្រួសារ ក្រោយពេលឪពុកហុងម៉េងចាកចេញ ក៏ត្រូវធ្លាក់មកលើម្តាយមីង។ នាងត្រូវ​ចិញ្ចឹមប្អូន​ពីរនាក់ ដែលប្អូនពៅមានអាយុប្រមាណ​៥ឆ្នាំ និងក្មួយដែលមិនទាន់​ដឹងក្តីម្នាក់ទៀត។ យូរៗម្តង ឪពុកហុង​ម៉េង ផ្ញើលុយមកម្តង ប៉ុន្តែមិនគ្រប់គ្រាន់សម្រាប់​ការផ្គត់ផ្គង់ជីវភាពគ្រួសារក្រីក្រនេះ​ឡើយ។

ម្តាយមីង ដែលស្ថិត​ក្នុង​វ័យជំទង់ បានទទួលភារៈដ៏ធ្ងន់ធ្ងរ ជាម្តាយមីង ជាបងស្រី ជាអ្នករកចំណូល​ផ្គត់ផ្គង់គ្រួសារ។ ការងារជាកម្មករចៀរជ័រ មិនអាចឲ្យនាងរកចំណូលបាន គ្រប់គ្រាន់ទេ ដោយខ្វះ​កម្លាំងផងខ្លួនជាស្រ្តីផង ម្ល៉ោះហើយដើម្បីបង្រ្គប់​ការទំនុក​បំរុង​ប្អូនៗ និងក្មួយ ក្រោយពេលចៀរជ័រ​នាងបាននាំប្អូនៗដើររើសជ័រ (ជ័រចាន ជ័រដី ជ័រមុខពន្លាក) ដែល​នៅសេសសល់ នៅចំការកៅស៊ូ​ក្បែរខាងដើម្បីលក់។ ជាអកុសល ថ្ងៃមួយម្ចាស់ចំការ​ក៏ទាន់ ហើយបាន​ចាប់នាងយកទៅ​កាន់​សាលាឃុំ។

តើវាសនាប្អូនៗនឹងក្មួយទៅជាយ៉ាងណា បើអ្នកទទួលភារៈ និងជាសរសរទ្រូង​គ្រួសារត្រូវជាប់ឃុំ? ជាសំណាងល្អ មានជន្ទុកឃុំម្នាក់ បានជួបនាងនៅសាលាឃុំ គាត់​មានចិត្តអាណិត និង ចង់ផ្សំ​ផ្គុំនាង​ជាមួយបុរសម្នាក់ដែលជាកម្មករ​យាមចំការរបស់គាត់។ ជន្ទុកឃុំរូបនោះ ក៏បាន​ធានានាង​ឲ្យនាងឲ្យ​នៅក្រៅឃុំ និង ជួយជ្រុំជ្រែងចាត់ ចែងរៀបចំ ផ្សំផ្គុំសែនព្រេននាង​ជាមួយ​នឹងកម្មករចាំចំការ​របស់​គាត់ ឲ្យបានគ្នាជាប្តីប្រពន្ធ។ ថ្វីត្បិតតែ​ប្តីរបស់​នាងមិនមែនជាកូន​កំព្រា​​​ដូចនាង គាត់ជាកូនប្រុស​ច្បង​ដែលមានប្អូនៗដល់ទៅ ៧​នាក់ នៃគ្រួសារក្រីក្រមួយ។ ទាំងប្តី និង ប្អូនៗថ្លៃរបស់នាង មិនបាន​ចូលរៀនសូត្រ​នឹងគេ​ទេ ផ្ទុយទៅវិញពួកគេត្រូវចេញទៅរស់ផ្ញើខ្លួន ជាអ្នកស៊ីឈ្នួល ជាកម្មករ​ ឬ អ្នកនៅជាមួយ​គេដើម្បី ទទួលបានប្រាក់ខែមួយបន្តិចបន្តួច នឹង​ជាថ្នូរនឹងការហូបចុក​ប្រចាំថ្ងៃ។ ការស្លៀក​ពាក់ ហូបចុក កំសាន្ត និង ​ថ្នាក់ថ្នម ដែលពួកគេ គួរទទួលបានក្នុងឋានៈជាមនុស្សរស់ នៅ​ក្នុងសង្គមមួយ ត្រូវបាត់បង់ស្ទើរ​ទាំងស្រុង ដោយ​សារជីវភាព។ បាយម្ហូបមួយចានៗ ខោអាវមួយ​សម្រាប់ៗ លុយកាក់តិចតួច ដែលពួកគេទទួលបាន ជាតម្លៃនៃញើស ជាតម្លៃ​នៃ​ឈាម និងជាតម្លៃ​នៃ​ការ​លះបង់ឱកាសដែលក្មេងដទៃកំពុងមាន។

កន្លងទៅមួយឆ្នាំ គ្រួសារថ្មីនេះ បានផ្តល់កំណើតដល់ កូនស្រីម្នាក់។ កុមារីម្នាក់​នេះ អាយុប្អូន​ហុង ម៉េង ប្រហែលមួយ ទៅមួយឆ្នាំកន្លះប៉ុណ្ណោះ។ ពេលនេះ ចំណីចំណុក និងអ្វីៗដែល ហុងម៉េង ធ្លាប់ទទួលបានពីម្តាយមីងត្រូវ​ចែក រំលែក​ជាមួយ នឹងកូនបង្កើត​របស់ម្តាយមីងគេ។ នៅពេលអាន​មកដល់ចំណុចនេះ អ្នកប្រាកដជាអាច ស្មានបាន​ហើយ​ថា រវាងកូនបង្កើត និងក្មួយ បើទោះជា​ស្រឡាញ់យ៉ាងណា ក៏នៅតែលំអៀងដែរ។

ក្នុងសភាពហូបចុក និងថែទាំ មិនបានគ្រប់គ្រាន់ កុមារអភ័ព្វ ហុងម៉េង ក៏ធ្លាក់​ខ្លួន​ឈឺ។ ជីវភាពខ្វះ​មុខខ្វះក្រោយនៃគ្រួសារដែលគេផ្ញើរខ្លួនជាមួយនេះ មិនអាចផ្តល់ ឲ្យ​គេ នូវការព្យាបាលឲ្យបាន​ដិតដល់​ឡើយ។ គ្រាដែលទើបតែបានអាយុបីឆ្នាំ ក្រៅពីបាត់បង់​ការថ្នាក់ថ្នម​ ការស្រឡាញ់ និង​រក្សាពីឪពុកម្តាយ រូបគេថែមទាំងខ្វះ អាហារូបត្ថម្ភ និងបៀត​បៀន​ដោយជម្ងឺទៀត។ ពីមួយថ្ងៃទៅ​មួយថ្ងៃ សុខភាពកាន់តែ ទ្រុឌ​ទ្រោម​ទៅៗ កុមារនេះ មានរូបកាយស្គមស្គាំងរហូតដើរលែងចង់រួច។ ជួនវា ជួនដើរនៅក្នុង ចំការធ្វើឲ្យខ្លួនរបស់ គេ​មុតបន្លា និងកើតដំបៅក្លាយរលេះ​រលួយ​ពេញខ្លួន។

ក្នុងសភាពស្គមស្គាំង​ ភ្នែករូង ស្បែកដណ្តប់ឆ្អឹង និង ដំបៅរលេះរលួយពេញខ្លួន នេះ ជាទិដ្ឋភាព​មួយគួរឲ្យសង្វេគពេកក្រៃ។ ក្នុងសភាពបែបនេះ ម្តាយមីង និង ឪពុកមារ បានគិត​ថា កុមារដ៏គួរឲ្យ​អាណិត​ម្នាក់នេះ កើតជម្ងឺអេដស៍ ឬថ្លើម ហើយអាចស្លាប់ ក្នុង​ពេលដ៏ខ្លី​ខាងមុខ។ ឪពុកមារបស់គេ បានសង់កូនខ្ទមតូចមួយ ទំហំប្រហែល ៥ គុណ ៨ តឹក ក្រាលឫស្សី​ នឹងប្រក់និងបាំងដោយ​កៅស៊ូ​ផ្លាស្ទិច។ ហុងម៉េងត្រូវដាក់ ឲ្យដេកក្នុងខ្ទម​នេះ ដើម្បីរង់ចាំថ្ងៃស្លាប់ ក្នុងសភាពដែលគេបង់​បោះ​ចោល។ គេដេក ក្នុងខ្ទមនេះដោយ​គ្មាន​មុង គ្មានភួយលើកំរាល ការ៉ុង ក្នុងតំបន់​ដែលមានជម្ងឺ​គ្រុន ចាញ់ដ៏សាហាវដែល​អាច​សម្លាប់​គេ​ក្នុងរយៈពេលតែបី ទៅប្រាំពីរថ្ងៃ។

ប្រហែលទិដ្ឋភាពខ្លោចផ្សារ និងអណោចអធមនិងដក់ជាប់នៅក្នុងអារម្មណ៍របស់ អ្នក បើអ្នកបាន​ឃើញដោយផ្ទាល់ភ្នែក នូវសភាពដែលគេដេក និង ស្ថានភាពដែល រង​ចាំ សេចក្តីស្លាប់យ៉ាងដូច​ច្នេះ។ កុមារម្នាក់ ដែលគួរ​ទទួលបានការថ្នាក់ថ្នម និង​ គួរអាចរត់​លេង សើចសប្បាយ និង​ និយាយ​លេង​ប៉ប៉ាច់ប៉ប៉ោច (បែបកូនក្មេងអាយុបីឆ្នាំ) មករក​អ្នក។ ប្រហែលជាអ្នក នឹងយំអាណិត​គេផងក៏​មិនដឹង នៅពេល ដែលគេខំបើកភ្នែក ស្វែងរក​សំណួរដែលអ្នក ឬអ្នកផ្សេងសួរទៅគេ ហើយ ធ្មេច​ភ្នែក​ទៅវិញ។

សេចក្តីមរណៈកាន់តែខិតមកជិត ដំណឹងនេះបានឮទៅដល់បុរសម្នាក់ដែលមាន​ចំការ​នៅក្បែរ ហើយក៏ ជាមន្រ្តីរាជការម្នាក់។ គាត់បានយកដំណើររឿងនេះ ប្រាប់ដល់ស្ត្រី​ម្នាក់​ទៀត ដែល​ជា​សហការី របស់គាត់។ ជាបណ្តោះអាសន្នស្រ្តីរូបនោះ បានយល់ព្រម​ធ្វើជា ម្តាយចិញ្ចឹម​របស់​ហុងម៉េង។ ពួកគេ បានទៅយកហុងម៉េងពីចំការ។​ ម្តាយចិញ្ចឹមថ្មី នេះ ពុំហ៊ានយកដៃ​ចាប់​ខ្លួនរបស់​ហុងម៉េង ដោយផ្ទាល់ទេ ដោយការរអារពីជម្ងឺផ្សេងៗ។ ពេលមកដល់ក្រុង​បានលុង (ផ្ទះរបស់​បុរស​ម្ចាស់ចំការ) បុរសម្ចាស់ចំការបានឲ្យប្រពន្ធ​ របស់គាត់ក៏រៀបចំ បាយឲ្យ​ ហុងម៉េង។ វាបានធ្វើឲ្យអ្នក​ទាំង​បីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈវាខំប្រឹងស៊ីអាហារ ដោយក្តីស្រេក​ឃ្លាន​​ពន់ពេក។

ប្រហែលជាអាហារចុងក្រោយរបស់រូបគេហើយ គេត្រូវតែប្រឹងស៊ី។ ក្រោយពេល ស្រស់ ស្រូប​ហើយ ពួកគាត់បាននាំវាទៅមន្ទីរពេទ្យដើម្បីពិនិត្យជម្ងឺ។ កាលបើ ឃើញ​សភាព​របស់ ហុងម៉េង គ្រូពេទ្យក៏រអ៊ូរថា “ មិនចាំបាច់ពិនិត្យអ្វីច្រើនទេ បើមិន មែនជា​អេដស៍ ក៏ជាថ្លើមដែរ ”។ ទោះជា​មាន​ពាក្យទាំងនេះ ពួកគាត់នៅតែជំនះ​ ឲ្យធ្វើការពិនិត្យ។ ការពិនិត្យពុំបានបង្ហាញ លទ្ធផលវិជ្ជមាន​ណាមួយទេ ពោលគឺវា ឈឺដោយសារជម្ងឺផ្សេង​ទៅវិញ។​ ខណៈពេលវាទទួលការព្យាបាល ពួកគាត់​ក៏បាន រៀបចំបញ្ជូនដំណឹងនេះទៅឲ្យ អង្គការក្រៅរដ្ឋាភិបាលមួយនៅ​ភ្នំពេញ ដើម្បីទទួលយក ហុង​ម៉េង។ តើវាសនា របស់គេ​ទៅ​ជាយ៉ាងណា បើគេមិនមាន​ជម្ងឺ​សាហាវដែលអ្នកផ្សេង បានគិតផង​នោះ?

ក្រោយមកពីរបីថ្ងៃ អង្គការនោះបានចុះទៅដល់មែន។ ប្រហែលជាពន្លឺជីវិតថ្មីមួយ សម្រាប់ហុងម៉េង​ហើយមើលទៅ។ ទោះយ៉ាងណា​មានការអល់អែកពីបុគ្គលិក របស់​ អង្គការ នោះ ក្នុងការទទួល​យក​ហុងម៉េងដោយបារម្ភពីជម្ងឺ។ ការអល់អែកនេះ បានបញ្ចប់ នៅពេល លទ្ធផលនៃការពិនិត្យ​ជម្ងឺត្រូវ​បាន​បង្ហាញ។ ទន្ទឹមពេលនោះ មានបញ្ហាថ្មីមួយ​ទៀតកើតឡើង គឺឪពុករបស់វា។ ឪពុករបស់វា​បាន​ប្រកែក ដាច់អហង្ការពុំព្រម​ប្រគល់ ហុង​ម៉េង ឲ្យទៅគេ... ។ បើឪពុកមិនយល់ព្រម ហុងម៉េង ប្រាកដ​​នឹង​ត្រូវត្រលប់ទៅ​រស់នៅនឹងម្តាយមីង ក្រោយពីការព្យាបាលមិនខាន​ កុំថាឡើយនឹកគិតដល់ការ​រៀនសូត្រ សូម្បីការហូបចុកក៏មាន បញ្ហាដែរ។

ក្រោយពីការសន្ទនាតាមទូរស័ព្ទជាមួយឪពុកបង្កើត ដែលនៅម៉ាឡេស៊ី អស់រយៈ​ពេល​យ៉ាងយូរ ឪពុក បង្កើតរបស់វាក៏យល់ព្រមប្រគល់វាឲ្យទៅគេ។ ហុងម៉េង ត្រូវបែកពី ញាតិមិត្ត និង អ្នកបាន​ជួយ​​គេនាពេលចុងក្រោយខណៈដែល​មិនសង្ឃឹម​ថាអាចនឹងរស់ មកតាមអង្គការមករស់នៅ​ភ្នំពេញ។ ទោះបីខ្វះខាតនូវការថ្នាក់ថ្នម តើរូបគេមានអារម្មណ៍ យ៉ាង ណា​នៅពេលដែលវាត្រូវ​បែកពីញាតិមិត្តរបស់វា ដែលជា​សាច់ឈាមដែល មិនអាច កែប្រែ​បាននេះ?

ក្រោយពីមកដល់ភ្នំពេញ វាត្រូវបានគេព្យាបាល និង បានកើតទម្ងន់ឡើងវិញ។ ប្រវត្តិរូប រូបថត​ពេលឈឺ និង រូបថតនៃរោងរងចាំថ្ងៃស្លាប់របស់វា ត្រូវបានផ្ញើរ (ដោយ​អង្គការ) ទៅបរទេស​ដើម្បីរក​ឪពុកម្តាយចិញ្ចឹម។ មនុស្សធម៌ក្នុងលោកពិតជាមាន ​សេចក្តី អាសូរចំពោះគេបានធ្វើឲ្យគ្រួសារ​បរទេសមួយ យល់ព្រមទទួលយករូបគេជាកូន ចិញ្ចឹម ព្រមទាំងចង់​បានគេយកទៅ រស់នៅជាមួយ​​ពួកគេផងដែរ។ ហុងម៉េង កុមារ​អភ័ព្វ ត្រូវបាន​ប្តូរ​ឈ្មោះ​ថ្មីមួយទៀត (ដែលខ្ញុំ​មិនបានចាំ) ដើម្បី​បញ្ចប់​នូវទុក្ខសោក និង អតីតកាល​ដ៏ខ្លោចផ្សារ ...។

ខណៈដែលអ្នកទាំងអស់គ្នាកំពុងអាន ហុងម៉េង (ដែលតាមការពិត ខ្ញុំត្រូវហៅ ឈ្មោះ ថ្មីរបស់វា) កំពុងរងចាំការចាកចេញទៅរស់នៅជាមួយឪពុកម្តាយចិញ្ចឹម របស់វា​នៅបរទេស.... ទោះបីមិនដូច ម៉ាដុក (កូនប្រុស​ចិញ្ចឹមរបស់តារាភាពយន្ត អាមេរិច អេនជេលីណា ជូលៀរ) ក៏ជាមហាសំណាង​សំរាប់រូបគេដែរ។

យើងសូមបួងសួងឲ្យរាល់ដំណើរការនៃការធានា ប្រព្រឹត្តិទៅដោយជោគជ័យ និង​សូម​ជូនពរឲ្យ ហុង​ ម៉េង ទទួលបាននូវអ្វីៗដែលក្នុងនាមជាមនុស្សម្នាក់សមនឹងទទួល​បាន ចាប់ពីពេលនេះតទៅ ...៕
*  *  *

“ តើមានកុមារប៉ុន្មាននាក់ផ្សេងៗទៀតដែលកំពុងរងគ្រោះ? ​
សូមឲ្យ
ក្តីស្រឡាញ់ ក្តីមេត្តា ការទទួលខុសត្រូវ ការអធ្យាស្រ័យ និង​ ការចែករំលែក ​
កើតមាននៅលើ មាតុភូមិរបស់យើង។”

~ចប់~

© រក្សាសិទ្ធិ (តុលា ២០១០) 
អត្ថបទនេះមិនមានន័យ រិះគន់ ឬបន្តុះបង្អាប់ ដល់បុគ្គលណាម្នាក់ឡើយ ប៉ុន្តែ
ដើម្បីជាការចែក​ រំលែក នៃការពិតមួយក្នុងសង្គមរបស់យើង។ លើសពីនេះ ក៏មិន
មានចេតនាណាមួយក្នុងការធ្វើអាជីវកម្មលើទុក្ខសោក និង ការឈឺចាប់ របស់អ្នក
ដទៃ ជាពិសេស កុមារហុងម៉េងតែម្តង។