Showing posts with label Personal development. Show all posts
Showing posts with label Personal development. Show all posts

Sunday, March 4, 2012

ឥរិយាបទ ៤ បែប​​បង្ហាញ​​ការ​​មិន​​ពេញ​​ចិត្ត​ចំពោះ​​ការងារ





ដោយៈ សំអាន
អត្ថបទដកស្រង់ចេញពី Organizational Behavior 


អ្វីជាការពេញចិត្តចំពោះការងារ?

ជាឥរិយាបទទូទៅ របស់បុគ្គលចំពោះ ការងាររបស់ខ្លួន។ វាជាបណ្តុំ នៃអារម្មណ៍ និងទស្សនៈ នៃ​បុគ្គល ចំពោះការងារ។  ភាពផ្ទុយនៃ ភាពមិនពេញចិត្ត មិនភាពពេញចិត្តឡើយ ប៉ុន្តែជាភាព​គ្មាន​ការពេញចិត្ត។  បានន័យថា យើងមិនអាច ធ្វើឲ្យបុគ្គលម្នាក់ ពេញចិត្តទាំងស្រុងឡើង ប៉ុន្តែ​យើង​អាចកាត់បន្ថយភាព មិនពេញ ចិត្តរបស់គាត់។

ហេតុអ្វីត្រូវស្វែងយល់ពីការមិនពេញចិត្តរបស់និយោជិក

បើនិយោជិកពេញចិត្ត ផលិតភាព ភាពស្មោះត្រង់ និង ការខិតខំ​ដើម្បីអង្គភាពមាន​លក្ខណៈ​ល្អ​ប្រសើរ។ ផ្ទុយមកវិញ
  • បើនិយោជិកមិនពេញចិត្ត ផលិតភាពអាចនឹងធ្លាក់ចុះ
  • បើនិយោជិកមិនពេញចិត្ត អតិថិជនក៏អាចមិនពេញចិត្តដែរ
  • បើនិយោជិកមិនពេញចិត្ត អត្រាអវត្តមាន ឬ ការយឺតយ៉ាវនិងកើនឡើង
  • បើនិយោជិកមិនពេញចិត្ត អត្រាលាលែងការងារនឹងកើនឡើង

ឥរិយាបទ បង្ហាញពីការមិនពេញចិត្តចំពោះការងារ


ការចាកចេញ
ជាឥរិយាបទសំដៅទៅ ការ​ចាក​​ចេញពី​ការងារ។ ឧទាហរណ៍​ដូច​ជា ការរក​តំណែង​ថ្មី ការងារ​ថ្មី  ឬ​លាលែង ពី​ការងារ។

សម្លេង
ព្យាយាម​យ៉ាង​សកម្ម និង បែប​ស្ថាបនា ដើម្បី​កែប្រែ​ស្ថានភាព ដូច​ជា ឲ្យ​យោបល់​ដើម្បី​កែ​លម្អ ពិភាក្សា បញ្ហា​ជាមួយ​ថ្នាក់លើ ចង​ជាក្រុម​ដើម្បី​ពិភាក្សា។ល។

សម្ងំ
រងចាំ ដោយ​មាន​ភាពសុទិដ្ឋិ​និយម ប៉ុន្តែ មិនធ្វើ​សកម្មភាព​ណា​មួយ ឲ្យ​បរិយាកាស ស្ថានភាព​មាន​ភាពល្អ​ប្រសើរឡើង ដូចជា​ព្យាយាម​ការពារ​អង្គភាព​ពីការរិះគន់​​ពីខាង​ក្រៅ ជឿជាក់​ថា​​ថ្នាក់លើ និង អ្នក​ដឹកនាំ​កំពុង​តែធ្វើ​កិច្ចការ​ដែល​ត្រឹមត្រូវ។

បណ្តោយ ឬលែងខ្វល់
លែងខ្វាយខ្វល់ ហើយ ទុកឲ្យស្ថានភាពកាន់តែអាក្រក់ ឬធ្ងន់ធ្ងរឡើង ដូចជាឧស្សាហ៍ចូល​ធ្វើ​ការយឺត យ៉ាវ លែងខំប្រឹង មិនខ្វល់ពីការធ្វើខុស ។ល។

ចាកចេញ និងលែងខ្វល់ ជាឥរិយាបទដែលមានឥទ្ធិពលលើការបំពេញការងារដូចជា ផលិតភាព អវត្តមាន និង ការលាលែង។ សម្លេង និង សម្ងំ ជាឥរិយាបទមានលក្ខណៈស្ថាបនា ដែលពេលខ្លះ​ជួយឲ្យបុគ្គលទាំងនោះ អត់ធ្មត់ ទៅនឹងស្ថានភាពមិនសមប្រកប ឬ​ការលម្អលក្ខខណ្ឌការងារ​ឲ្យ​បានប្រសើរឡើង។


វិធានការណ៍ដោះស្រាយចំពោះ​ការមិនពេញចិត្តចំពោះការងារ

ការងារដែលមានសម្ពាធផ្លូវចិត្ត
បន្ថយការដាក់សម្ពាធផ្លូវចិត្ត ដូចជា ការគម្រាមបណ្តេញចេញ ឬ កាត់បន្ថយអត្ថប្រយោជន៍ផ្សេងៗ  ការប្រើឲ្យធ្វើការ ដែលមានលក្ខណៈបុគ្គល ការផ្តល់ការងារដែលត្រូវប្រឈមមុខនឹងអ្នករួមការងារ ជាមួយគ្នា ជាដើម។ ផ្ទុយមកវិញ អ្នកគ្រប់គ្រងត្រូវផ្តល់ការលើក ទឹកចិត្ត ជំរុញឲ្យមានការ​ពិភាក្សា​ផ្ទាល់  ពន្យល់ឲ្យយល់ពីស្ថានភាព និងគោលបំណងរបស់អង្គភាព ឲ្យបានច្បាស់លាស់។

ការផ្តល់លាភសក្ការៈ
ត្រូវផ្តល់លាភសក្ការៈ ដូចជាប្រាក់ខែ ប្រាក់រង្វាន់ និង អត្ថប្រយោជន៍ឲ្យមានលក្ខណៈសមភាព ទៅ​តាម មុខតំណែង បន្ទុកការងារ និង ចំណេះដឹង ឬជំនាញ។ ការផ្តល់ឲ្យនេះ ក៏ត្រូវថ្លឹងថ្លែង ជាមួយ​នឹងការផ្តល់ ឲ្យពីអង្គភាពផ្សេង ឬក្រៅ កុំឲ្យមានគម្លាតឆ្ងាយពីគ្នាពេក ពីព្រោះ​ថានិយោជិក តែង​ថ្លឹងថ្លែងអ្វីដែលគេ ទទួលបានជាដំបូងធៀបនឹងអ្នករួមការងារ បន្ទាប់មកធៀបនឹងអ្នកដែល​គេ​ស្គាល់​ដូចជាមិត្តភក្តិ សាច់ញាតិ អតិថិជន ជាដើម។

លក្ខខណ្ឌការងារសមស្រប
កែលម្អ​លក្ខខណ្ឌ​ការងារ​ឲ្យ​បាន​ប្រសើរ​ឡើង​ ដូច​ជា​បង្កើត​បរិយាកាស​ឲ្យ​អ្នករួម​​ការងារ​មាន​​កិច្ច​សហការ ដោយ​ពង្រឹង​ការ​ទទួល​ខុស​ត្រូវ​របស់​បុគ្គលិក និង​កាត់​បន្ថយ​ជម្លោះ​តួនាទី។ លើក​​កម្ពស់​ការ​គោរព​គ្នា​ទៅវិញ​ទៅមក ហើយ​កាត់​បន្ថយ​ការ​រើងអើង លើភេទ ជាតិ​សាសន៍ អាយុ ទស្សនៈ ប្រវត្តិ​ផ្ទាល់ខ្លួន បញ្ហា​បុគ្គល កាយ​សម្បទា។ល។  ពិចារណា​អំពី​​ការ​ចល័ត​​ការងារ​​ពី​កន្លែង​​ផ្សេងៗ​គ្នា​ក្នុង​អង្គភាព កុំឲ្យ​មាន​ច្រំដែល​រាប់ឆ្នាំ ដែល​ធ្វើឲ្យ​ធុញ​ថប់​​ចំពោះ​ការងារ។ លើស​ពីនេះ អង្គភាព​ត្រូវបង្កើន​ធនធាន​ដែល​ជាតម្រូវការ​ចាំបាច់​របស់​អង្គភាព​ផងដែរ ដូចជា ការ​បំពាក់ បច្ចេក​វិទ្យា​ឲ្យ​បាន​ល្អ​ជាង​មុន ការ​បំពាក់​សម្ភារៈ​ប្រើប្រាស់ និង​ការផ្គត់ផ្គង់​សេវា​​ពាក់ព័ន្ធ​ឲ្យ​បាន​​ប្រសើរ ឡើង។

ការផ្តល់ការងារ និង តម្លើងតួនាទី
ត្រូវផ្តល់ការងារឲ្យស្របទៅតាមសមត្ថភាព ជំនាញ បទពិសោធន៍ និង បុគ្គលិកលក្ខណៈ​ដែល​និយោជិកមាន។  ការតម្លើង តួនាទីទៀតសោត ត្រូវធ្វើឡើងដោយមានលក្ខណៈ​វិនិច្ឆ័យ​ច្បាស់​លាស់​នឹងត្រឹមត្រូវ។

ការលើកទឹកចិត្ត
ការសរសើរពីថ្នាក់លើ ជាកម្លាំងជម្រុញយ៉ាងសំខាន់ ដែលធ្វើឲ្យនិយោជកពេញចិត្ត និងខិត​ខំ​បំពេញ​ការងាររបស់ខ្លួន។ ការសរសើរ ត្រូវមានភាពស្មោះត្រង់ និង ពិត បើមិនដូច្នោះ វាក្លាយ​ទៅ​ជាការភូតកុហក ការបញ្ឆោត ឬជាការឌឺដងទៅវិញ។  ការលើក​សរសើរនេះផងដែរ គួរធ្វើឡើង ដោយ​លក្ខណៈស្មើភាព រវាងនិយោជិកដទៃ ដើម្បីកាត់បន្ថយការច្រណែនគ្នា៕


Saturday, March 3, 2012

៣ សំណួរ​ឆ្អោះ​ទៅ​រក​​ភាព​ជោគជ័យ





ដោយៈ តេង សំអាន


តើអ្នកឲ្យនិយមន័យនៃភាពជោគជ័យយ៉ាងដូចម្តេច?

ការសម្រេច ឬទទួល​បាននូវអ្វីដែល​យើងបាន​គ្រោងទុក ចង់បាន ឬ​ព្យាយាម ធ្វើឲ្យ​បាន ប្រហែល​​ជា និយមន័យ​​ដ៏សមញ្ញ​មួយ​​នៃភាពជោគជ័យ។ បើមើល​តាមន័យ​ពាក្យ ក្នុង​ភាសា ខ្មែរយើង ពាក្យ “ជោគជ័យ” ផ្សំឡើង​ដោយ​ពាក្យ “ជោគ” ដែលមាន​ន័យថា “សំណាង” និង “ជ័យ” មាន​ន័យថា “ឈ្នះ ឬ​សម្រេចបាន” ដែលយើង​អាចបកស្រាយ មួយបែប​ទៀតថា “ភាព​​ជោគជ័យ ជាភាព អំណោយ ផលឬ ឱកាស​​សម្រាប់ឲ្យ​​យើងធ្វើអ្វី​មួយ ហើយយើង​អាចសម្រេច​កិច្ចការ​នោះបាន”។



តើភាពជោគជ័យមាន​លក្ខណៈ​ពិសេស​អ្វីខ្លះ?

ភាពជោគជ័យ សម្រាប់បុគ្គលម្នាក់ៗមិនដូចគ្នាឡើយ

បុគ្គល​ម្នាក់ៗ វាស់​វែង​ភាព​ជោគជ័យ​ដោយ​រង្វាស់​ផ្សេងៗ​ពីគ្នា។ ខ្លះ​អះអាង​ថា ជាការ​ទទួល បាន នូវ​ទ្រព្យ​សម្បត្តិ​លុយកាក់ ខ្លះថា​ទទួល​បាន​គ្រួសារ​​មួយ​មាន​​ភាព​រីក​រាយ​​និង​​ស្មោះត្រង់ ចំពោះ​គ្នា ខ្លះ ថាជា​ការ​ទទួល​បាននូវ កិត្តិយស កេរ្តិ៍ឈ្មោះ​ល្បីល្បាញ ខ្លះ ថា ទទួល​បាននូវ ចំណេះ វិជ្ជា ខ្ពង់ខ្ពស់ ខ្លះថា​ទទួល​បាន​នូវ​សេចក្តីស្ងប់​ខាងផ្លូវចិត្ត ឯខ្លះ​ទៀតថា ជាការ​បាន ជួយ អ្នកដទៃ។ល។ ហេតុនេះ យើង​ត្រូវបើក​គំនិតឲ្យ​ទូលាយ ហើយ​មើលពិភព លោក​ពីចំណែក ផ្សេងៗ គ្នា។ មិនមែន មាន​ន័យថា អ្នកដែល​មិនសូវ​សម្បូរទ្រព្យធន ជាអ្នក ដែលគ្មាន​ភាពជោគជ័យ​ឡើយ ហើយ​ក៏មិន មែន តែសេដ្ឋី​ទេដែលជា​អ្នកជោគជ័យ។ ប្រការ​​ដែលយើងត្រូវយល់នោះគឺថា ពួកគាត់មានរង្វាស់ ដោយឡែកៗពីគ្នា។
 
ភាពជោគជ័យមួយ ជាការចាប់ផ្តើមនៃភាពជោគជ័យមួយផ្សេងទៀត

ក្នុងមួយជីវិតរបស់មនុស្សម្នាក់ៗ មិនមែនមានតែភាពជោគជ័យមួយឡើយ។ លោក ប៊ីល ហ្គេត បានក្លាយជា មហាសេដ្ឋីពិភពលោក ជាការណ៍ដែលមនុស្សរាប់លាននាក់​នៅលើ​ពិភពលោក ចាត់ ទុកថា ជាមហាជោគជ័យ ប៉ុន្តែគាត់មិនដែលឈប់ត្រឹមនោះឡើយ។ អ្នកខ្លះ ចាត់ទុកគាត់ជាមនុស្ស លោភលន់ ប៉ុន្តែបើយើងមើលក្នុងន័យពីជ្រុងមួយទៀត យើងឃើញថា គោលដៅដែលគាត់សម្រេច បានមួយ ជាដំណាក់កាលចាប់ផ្តើមនៃ​គោលដៅមួយទៀត។ អ្នកវិទ្យាសាស្រ្តទទួលបានភាព ជោគ ជ័យ ពីការស្វែងរកថ្នាំព្យាបាល ជំងឺមួយ ប៉ុន្តែបើពួកគាត់ឈប់ស្រាវជ្រាវបន្ត នោះនឹងមានអ្នក ជម្ងឺ ច្រើនផ្សេងទៀត​ស្លាប់​ដោយសារជម្ងឺដូចគ្នាបាននៅពេលអនាគត ដោយសារពពួកភ្នាក់ងារបង្ករោគ​អាចបង្កើត​ភាពស៊ាំនិងថ្នាំចាស់ ដែលគេប្រើប្រាស់ក្នុងរយៈពេលយូរ។ និយាយឲ្យខ្លី ភាពជោគជ័យ ជាការខិតខំបន្តបន្ទាប់លើគោលដៅសម្រេចបានចាស់។

តើអ្នកត្រូវមានអ្វីខ្លះដើម្បីឈានទៅរកភាពជោគជ័យ

ឆន្ទៈ និង ចំណង់

ដើម្បីធ្វើអ្វីមួយឲ្យបានសម្រេច រាល់បុគ្គលចាំបាច់ត្រូវមានឆន្ទៈ និងចំណង់ក្នុង ការធ្វើកិច្ចការ នោះ។ លោក Bill Cosby បានលើកជាសុភាសិតមួយថា “ដើម្បីទទួលបានជោគជ័យ អ្នក​ត្រូវតែ មានចំណង់ ចង់ បានភាពជោគជ័យ ច្រើនជាងភាពភ័យខ្លាចចំពោះភាព​បរាជ័យ”។ ឆន្ទៈ និង ចំណង់ ជាកម្លាំងជម្រុញឲ្យយើងធ្វើកិច្ចការណាមួយអស់ពីចិត្តពីថ្លើម។

ជំនឿចិត្ត

ក្រៅពីចំណង់ និងឆន្ទៈ បុគ្គលជោគជ័យក៏ត្រូវមានជំនឿចិត្តលើខ្លួនឯងផងដែរ។ មានជំនឿ​ចិត្ត លើ គំនិត និងសមត្ថភាពទើបអាចធ្វើឲ្យយើង ជំនះភាពភ័យព្រួយចំពោះបរាជ័យបាន។ លោក ប៊ីល ហ្គេត បានពោលមួយឃ្លាថា “ជ័យជំនះ ជាគ្រូដ៏អាក្រក់មួយ។ វាប្រលោមចិត្ត អ្នកវាងវៃឲ្យគិតថា ពួកគេមិនអាចចាញ់។” ។​ ជំនឿចិត្ត វាជាគ្រឹះនៃដំណើរទៅរកភាព ជោគជ័យ។

ភាពឧស្សាហ៍ព្យាយាម

កម្រមានកិច្ចការដែលអាចសម្រេចបានដោយការព្យាយាមតែម្តងឡើយ។​កិច្ចការខ្លះអាច សម្រេច ក្រោយពីបរាជ័យច្រើនលើកច្រើនសារ។ បើយើងជួបភាពបរាជ័យហើយបោះបង់ នោះ ប្រហែល គ្មានភាពជោគជ័យនឹងកើតមានឡើងឡើយ។ ការមិនបោះបង់ចោល និង ធ្វើការឲ្យអស់ពីកម្លាំង កាយចិត្ត ជាកូនសោរដ៏សំខាន់មួយ ក្នុងការសម្រេចការងារ។ យើង អាចមើលឧទាហរណ៍ ពីក្នុង ប្រវត្តិសាស្រ្តរបស់យើង។ ប្រាសាទអង្គរវត្ត អាចមានភាពល្បី ល្បាញ កើតចេញពីស្នាព្រហស្ថ វីរៈក្សត្រជាច្រើនអង្គ និងភាពឧស្សាហ៍ព្យាយាមនៃ បណ្តា ជាងសំណង់ឆ្លងកាត់កន្លះ សតវត្សរ៍ ឯណោះ។  យើងត្រូវរៀនពីភាពបរាជ័យ ដើម្បីបង្កើត នូវភាពជោគជ័យ។

កុំឲ្យភាពជោគជ័យស្វែងរកអ្នក

បុគ្គលជោគជ័យ ប៉ិនប្រសប់ក្នុងការស្វែងរក កំណត់​ និងចាប់យកឱកាស។ មិនមែនភាព ជោគជ័យ មួយ ដើរមករកពួកគេឡើយ។ ស្ថាបនិក Google លោក ឡារី ភេជ យល់ច្បាស់ ពីតម្រូវការមួយ នៃ ការស្វែងរកព័ត៌មាននៅលើអ៊ីនធើណិត គាត់ស្ថាបនាក្រុមហ៊ុនមួយ បានដោយជោគជ័យ។ ហេតុ នេះ ចូររៀន ចូរគិត ចូរសង្កេត ចូរពិនិត្យ​ រាល់អ្វីៗដែលនៅ ជុំវិញខ្លួន ហើយផ្តួចផ្តើមឲ្យកើតជា សកម្មភាពឡើង។

ចំណេះវិជ្ជា

ខ្ញុំបញ្ចូលចំណុចនេះ ដោយសារយើងសព្វថ្ងៃរស់នៅក្នុងសម័យបច្ចេកវិទ្យា។ ការចេះស្រាវ ជ្រាវ ត្រិះរិះ វិភាគ និងបង្កើតជាសម្មតិកម្ម ជារង្វាស់ ជាខ្នាត ជាត្រីវិស័យ មានសារៈសំខាន់ ជាទីបំផុត។ ដូចនេះ ដើម្បីឈានទៅរកភាពជ័យបាន យើងគប្បីពង្រឹងពង្រីកចំណេះដឹង ចំណេះធ្វើ និងរក្សាការរៀនសូត្រពេញមួយជីវិតតែម្តង។
 
សំណួរទាំង ៣ ឈានទៅកាន់ភាពជោគជ័យ

អ្វីដែលបានរៀប​រាប់ពីខាងលើ ជាសញ្ញាណ នៃភាព​ជោគជ័យ។ ជាបន្ត ខ្ញុំនឹង​លើក​យក​មកបង្ហាញ សំណួរទាំង ៣ ដែលជាខ្លឹមសារសំខាន់នៃអត្ថបទនេះ។ ពួកវា ពុំមានលក្ខណៈ ស្មុគស្មាញឡើយ ផ្ទុយទៅវិញមានភាពសមញ្ញ និងងាយយល់។ ខ្ញុំគិតថាអ្នកនឹងអាចយក​សំណួរ​ទាំងនេះទៅ ប្រើ ប្រាស់ ក្នុងការ សិក្សា ការងារ និងការរស់នៅបាន។ សូម​បញ្ជាក់ផង​ដែរថា នៅក្នុងន័យជំនួញ គ្រប់ គ្រង និង គ្រប់គ្រង យុទ្ធសាស្រ្ត ក៏មានការប្រើ​ប្រាស់សំណួរ​ទាំងបីនេះដែរ។ អ្នកប្រាកដជាឆ្ងល់ថា តើសំណួរទាំងបីជាអ្វី​ និង មានន័យយ៉ាងដូចម្តេច?
សំណួរទាំង បី គឺៈ តើអ្នកចង់ទៅទីណា? តើពេលបច្ចុប្បន្ន អ្នកនៅកន្លែងណា? តើអ្នកត្រូវ ឈានទៅរកគោលដៅដោយវិធីណា?

១. តើអ្នកចង់ទៅទីណា?

វាជាសំណួរស្វែងរកគោលដៅរបស់អ្នក។ អ្នកត្រូវកំណត់ទិសដៅ និង គោលបំណង ដែលអ្នក ប្រាថ្នា សម្រេចឲ្យបាននៅពេលអនាគត។ វាអាចជាទិសដៅ  ១ឆ្នាំ ៣ឆ្នាំ ៥ឆ្នាំ ១០ឆ្នាំ ឬ ២០ឆ្នាំ ជាដើម។ វាក៏អាចជាផែនការ កំណត់ទៅតាមវ័យ ដូចជា​អ្វីត្រូវសម្រេច​មុនអាយុ ២៥ឆ្នាំ ៣០ឆ្នាំ ៤៥ឆ្នាំ ៦០ឆ្នាំ ឬក្រោយពេលចូលនិវត្តន៍ ផងដែរ។

ឧទាហរណ៍ ថាពេលនេះអ្នកកំពុងរៀននៅឆ្នាំដំបូងនៃមហាវិទ្យាល័យ។ គោលដៅ ៥ឆ្នាំ ​របស់ អ្នកគឺ រកការងារមួយឲ្យបានក្រោយពេលបញ្ចប់ការសិក្សា។ អ្នកអាចស្រមៃកន្លែង ដែលអ្នកនឹងទៅធ្វើការ មុខតំណែងដែលអ្នកនឹងកាន់ ប្រាក់ខែដែលអ្នកនឹងទទួល​បាន។ល។ ឧបមាថា អ្នកឆ្លើយថា “ខ្ញុំចង់ ធ្វើការនៅធនាគារមួយ មុខតំណែង​ជាមន្ត្រីទំនាក់​ទំនងអតិថិជន ប្រាក់ខែចន្លោះពី ២០០-៤០០ ដុល្លារ។”

ឥឡូវសន្មតថាគោលដៅរបស់អ្នកគឺ “៥ឆ្នាំក្រោយ ធ្វើការនៅធនាគារមួយ មុខតំណែង​ជាមន្ត្រីទំនាក់​ទំនងអតិថិជន ប្រាក់ខែចន្លោះពី២០០-៤០០ដុល្លារ”។ បន្ទាប់មក អ្នកចូល​ទៅឆ្លើយ​សំណួរ​ទីពីរ។

២. តើពេលបច្ចុប្បន្ន អ្នកនៅកន្លែងណា?

សំណួរទីពីរនេះ ជាសំណួរស្វែង​យល់​អំពី​អ្វី​ដែល​​អ្នកមាន ឬគ្មាន ដូចជា​​ធនធាន ចំណេះដឹង ជំនាញ បទពិសោធន៍ និង បុគ្គលិក​លក្ខណៈ ជាដើម។ អាច​និយា​យ​បានថា ជា​ការស្វែង​យល់ អំពី ស្ថានភាព ឬ បញ្ហា របស់អ្នកនាពេលបច្ចុប្បន្ន។ សូម​មើល​ឧទាហរណ៍​តមក ពី​សំណួរ​ទី១ ខាង​ក្រោម៖

គោលដៅ៥ឆ្នាំៈ 
  • “ធ្វើការនៅធនាគារមួយ មុខ​តំណែង​​ជា​មន្ត្រីទំនាក់​​ទំនង​អតិថិជន ប្រាក់​ខែ​ចន្លោះ​ពី​២០០-៤០០ដុល្លារ”
តើអ្នក​នៅ​ឯណានា​ពេលបច្ចុប្បន្ន? តើអ្នកមាន​លក្ខណៈ​សម្បត្តិគ្រប់គ្រាន់​ឬនៅ? តើអ្នក ខ្វះខាត គុណ​សម្បត្តិអ្វីខ្លះ?
  • “កំពុងសិក្សាឆ្នាំទី១ ត្រូវរៀន៤ឆ្នាំ។”
  • “ពុំទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេ។ ក្រៅពីបរិញ្ញាបត្រ ត្រូវមាន ចំណេះដឹង​ភាសា​អង់គ្លេស កុំព្យូទ័រ និង ទំនាក់ទំនង ។ល។ បើមានបទពិសោធន៍ការងារខ្លះកាន់តែប្រសើរ។”
៣. តើអ្នកត្រូវ ឈានទៅរកគោលដៅដោយវិធីណា?

សំណួរទី១ ជាគោលដៅ សំណួរទី២ ជាចំណុចខ្លាំង ខ្សោយ និងបញ្ហា រីឯសំណួរទី៣ នេះ តម្រូវឲ្យអ្នកកំណត់កិច្ចការដែលអ្នកត្រូវធ្វើ និង របៀបធ្វើកិច្ចការទាំងនោះដើម្បីឆ្ពោះទៅ សម្រេចលទ្ធផល។  យើងអាចពុះចែកសំណួរទី៣នេះ ជាសំណួរតូចៗដូចជា៖
  • ត្រូវធ្វើអ្វីខ្លះ? 
  • ត្រូវធ្វើដោយវិធីណា? 
  • ត្រូវការធនធានអ្វីខ្លះ? 
  • ត្រូវវាស់ភាពជោគជ័យរបស់អ្នកយ៉ាងដូចម្តេច? 
  • ត្រូវឆ្លងកាត់ឧបសគ្គ ឬបញ្ហាប្រឈមអ្វីខ្លះ?

ខ្ញុំសង្ខេប ឧទាហរណ៍ដដែលពីសំណួរទី១ និងទី២ ដូចខាងក្រោម៖
(i) តើអ្នកចង់ទៅទីណា?
គោលដៅ៥ឆ្នាំៈ 
  • “ធ្វើការនៅធនាគារមួយ មុខតំណែង​ជាមន្ត្រីទំនាក់​ទំនងអតិថិជន ប្រាក់ខែ ចន្លោះពី២០០-៤០០ដុល្លារ”
(ii) តើអ្នកកំពុងនៅឯណា ឬតើអ្នកកំពុងស្ថិតក្នុងស្ថានភាពអ្វី?
អ្វីដែលមានៈ
  • “កំពុងសិក្សាឆ្នាំទី១ ត្រូវរៀន៤ឆ្នាំ។”
អ្វីដែលខ្វះខាត
  • ចំណេះដឹង​ភាសា​អង់គ្លេស
  • ជំនាញកុំព្យូទ័រ
  • ជំនាញទំនាក់ទំនង
  • បទពិសោធន៍ការងារខ្លះ
(iii) តើអ្នកត្រូវ ឈានទៅរកគោលដៅដោយវិធីណា?
កិច្ចការត្រូវធ្វើ និងរបៀបបំពេញ និងរង្វាស់

ក. បញ្ចប់បរិញ្ញាបត្រ
- របៀបធ្វើៈ បំពេញការសិក្សាតាមឆ្នាំនិមួយៗ ៤ឆ្នាំ
- រង្វាស់ៈ សញ្ញាបត្របរិញ្ញាបត្រជំនាញ

ខ. រៀនជំនាញកុំព្យូទ័រ
- របៀបធ្វើៈ រៀន MS OFFICE នៅពេលរៀនឆ្នាំទី២
- រង្វាស់ៈ វិញ្ញាបនបត្របញ្ចប់ការសិក្សា

គ.​ រៀនភាសាអង់គ្លេស (របៀបធ្វើៈ យកឲ្យបានកម្រិត Upper មុនចូលឆ្នាំទី៤)
- រង្វាស់ៈ វិញ្ញាបនបត្របញ្ជាក់ការសិក្សា ឬប្រលង

ឃ. រៀនជំនាញទំនាក់ទំនង 
-របៀបធ្វើៈ រៀននៅអង្គការណាមួយ ក្នុងឆ្នាំទី ២​ឬទី៣
- រង្វាស់ៈ វិញ្ញាបនបត្រ

ង. រកបទពិសោធន៍ការងារ (របៀបធ្វើៈ រកការងារស្ម័គ្រចិត្ត ពេលចូលឆ្នាំទី៤)
- រង្វាស់ៈ អនុសាសន៍ការងារ

បញ្ហាប្រឈម
  • ការប្រកួតប្រជែងពីនិស្សិតមកពីមហាវិទ្យាល័យផ្សេងទៀត
  • ការប្រែប្រួលនៃឱកាសការងារ ក្រោយរយៈពេល ៤ឆ្នាំ

សង្ខេប
សំណួរទី១ តើអ្នកចង់ទៅទីណា?
  • ជាការកំណត់គោលដៅ បុគ្គល អង្គភាព ឬស្ថាប័ន របស់អ្នក។
សំណួរទី២ តើអ្នកកំពុងនៅឯណា?
  • ជាការកំណត់ស្ថានភាព ចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងបញ្ហាប្រឈមផ្សេងៗនៃ បុគ្គល អង្គភាព ស្ថាប័ន របស់អ្នក។
សំណួរទី៣
  • ជាការកំណត់កិច្ចការដែលត្រូវបំពេញ របៀបបំពេញ ពេលវេលាត្រូវបញ្ចប់ មធ្យោបាយ វាស់វែងភាពជោគជ័យ (ឬបង្ហាញប្រឈមចំពោះកិច្ចការនិមួយៗ)។
តាមរយៈឧទាហរណ៍ខាងលើ ខ្ញុំនឹងដាក់បញ្ចូលចម្លើយទាំងអស់ក្នុងតារាងមួយ៖

សំណួរទី១
កំណត់គោលដៅ
សំណួរទី២
កំណត់បញ្ហា
សំណួរទី៣
វិធីសម្រេចគោលដៅ
កិច្ចការត្រូវ​បំពេញ
របៀបធ្វើ
ឱសានវាទ
រង្វាស់
គោលដៅៈ
ធ្វើការនៅធនាគារមួយ មុខតំណែង​ជាមន្ត្រី ទំនាក់​ ទំនងអតិថិជន ប្រាក់ខែចន្លោះពី២០០-៤០០ដុល្លារ

បញ្ហាប្រឈមទៅៈ
-ការប្រជែងពី និស្សិត នៃសាលាផ្សេង
-ការប្រែប្រួលនៃឱកាស ការងារ
កំពុងសិក្សា​ឆ្នាំ​ទី១ ត្រូវរៀន​៤ឆ្នាំ
បញ្ចប់បរិញ្ញា​បត្រ
បំពេញការសិក្សា​តាមឆ្នាំនិមួយៗ
៤ឆ្នាំ
បរិញ្ញាបត្រ
ខ្វះជំនាញ​កុំព្យូទ័រ
រៀនជំនាញ​កុំព្យូទ័រ
រៀន MS OFFICE
ឆ្នាំទី២
វិញ្ញាបនបត្រ
ខ្វះចំណេះដឹង​ភាសា​អង់គ្លេស
រៀនភាសា​អង់គ្លេស
យកឲ្យបានកម្រិត Upper
មុនចូលឆ្នាំទី៤
វិញ្ញាបនបត្រ
ខ្វះជំនាញ​ទំនាក់ទំនង
រៀនជំនាញ​ទំនាក់ទំនង
រៀននៅអង្គការ ណាមួយ
ឆ្នាំទី ២​ឬទី៣
វិញ្ញាបនបត្រ
ខ្វះបទពិសោធន៍​ការងារ
រកបទពិសោធន៍ការងារ
រកការងារ ស្ម័គ្រចិត្ត
ឆ្នាំទី៤
អនុសាសន៍ ការងារ

នេះជាតារាងផែនការសកម្មភាពដ៏សមញ្ញមួយមែនទេ!!!!


កិច្ចការអនុវត្តន៍ៈ

ចូរសាកល្បងឆ្លើយនឹងសំណួរទាំងបី ហើយបំពេញក្នុងតារាងមួយ ដូចតារាងខាងលើ។ មួយខែម្តង ចូរអ្នកមើលតារាងរបស់អ្នក នឹងកែតម្រូវ។

"អ្នកមិនអាចញ៉ាំផ្លែប៉ោមមួយឲ្យអស់តែមួយម៉ាត់ឡើយ អ្នកត្រូវកាត់វាជាចំណែកៗ។ ដូចគ្នាដែរ អ្នកមិនអាចសម្រេចគោលដៅរបស់អ្នកតែម្តងឡើយ អ្នកត្រូវពុះវាជាគោល ដៅតូចៗដែលអ្នកអាចបំពេញបានដោយងាយ!!!"


Friday, March 2, 2012

លក្ខណៈ ១៤ យ៉ាង​នៃ​បុគ្គល​ដែល​ពិបាក​នឹង​ធ្វើ​ការ​ជាមួយ





ប្រែសម្រួលដោយៈ តេង សំអាន

តើលោកអ្នកធ្លាប់ជួបមនុស្សដែលអ្នកពិបាកនឹង ធ្វើការ ប្រាស្រ័យ​ទាក់ទង ជាមួយទេ?

អត្ថបទ​​នេះ ជាការចែក​រំលែក ក្រោយពីខ្ញុំបានអានអត្ថបទមួយ សរសេរ​ដោយលោក Gary S. Topchik ជាអ្នក​និពន្ធ​សៀវមួយមាន​ចំណងជើងថា Managing Workplace Negativity ។ យោងតាម​ការសិក្សា​របស់គាត់ លោក Gary S. Topchik បានកត់សម្គាល់ អត្តចរិក ១៤ បែប នៃមនុស្ស ឬ អ្នក​រួមការងារ ដែលយើង​ពិបាក​នឹង​ធ្វើការជាមួយ ហើយគាត់បានឲ្យឈ្មោះផ្សេងៗគ្នា​ដូចខាង​ក្រោម៖

១. ក្បាលរថភ្លើង
ជាបុគ្គល​ដែល​តែង​តែបង្ហាញ​ភាព​អវិជ្ជមាន​របស់ខ្លួន ទៅលើ​​អ្នកដទៃ។ ជាមនុស្ស ដែល​​ឆេវឆាវ និង អមិត្ត ហើយ តែង​បញ្ចេញ​ការ​ខឹងសម្បារ​របស់​ខ្លួន​លើអ្នក ដទៃ។ គេ​បញ្ចេញ​អកប្បកិរិយា​​ជិះជាន់​​សង្កត់​សង្កិន​លើអ្នក​ដទៃ ប្រើអំណាច លើស​លប់ (បង្ខំឲ្យ​អ្នកដទៃ​គោរព​តាម) និង ផ្តាច់ការ។ លើស​ពីនេះ គេជា​មនុស្ស​មិនស្តាប់​ហេតុផល​​របស់អ្នក​​ដទៃ​ទេ។

២. អ្នកឥតខ្ចោះ
បុគ្គល​នេះ​ត្រូវការ​អ្វីដែល​ល្អ​ឥតខ្ចោះ ភាពខ្វះ​ចន្លោះ​នឹងធ្វើ​ឲ្យគេ​មានគំនិត​អវិជ្ជមាន​ភ្លាម។ គេមិន​​កំណត់​ស្តង់ដា​​ការងារ​ច្បាស់លាស់​នោះទេ ហើយ​ជួនកាល​មិន​ទទួល​យក​សូម្បី​ការងារ នោះបាន​​ទទួល​​ការសរសើរ​ពីអ្នក​ផ្សេង​ក៏ដោយ។
បើបុគ្គល​នោះ​ជា​ថ្នាក់ដឹក​នាំវិញ ទោះបីអ្នក​ក្រោមបង្គាប់​ធ្វើបាន​ល្អយ៉ាង​ណា​ក៏ដោយ គេក៏មិន​វាយតម្លៃ ឲ្យខ្ពស់​សក្តិសម​នោះទេ ហើយ​តែងតែ​និយាយថា “វាគួតែ​ល្អជាងនេះ!”។

៣. មនុស្សទឹកកក
ជាបុគ្គលដែលមិនទទួលយកនូវការ ផ្លាស់ប្តូរ ទោះបីតិចតួចក្តី ផ្ទុយមកវិញបំផ្ទុសឡើងនូវ គំនិត​អវិជ្ជមាន។​ គាត់ស្រលាញ់ស្ថានភាពដែលនៅដដែល មិនផ្លាស់ប្តូរ។​ “ការផ្លាស់ប្តូរ” និងបញ្ឆេះភាព​ច្រឡោត​របស់បុគ្គលប្រភេទនេះភ្លាម។

ភាគច្រើនកាលនៅក្មេង គេទទួលនូវគំនិតមួយថា “ការផ្លាស់ប្តូរ” គឺជាភាពអវិជ្ជមាន ហើយ ត្រូវតែ​រកវិធីទប់ស្កាត់ ប៉ុន្តែមិនបង្ហាញការជំទាស់នឹងការផ្លាស់ប្តូរដោយបើកចំហរទេ។ ការជំទាស់ធ្វើឡើង​ដោយឈ្លាសវៃ។ ជួនកាល គេថែមទាំងនិយាយថា ការផ្លាស់ប្តូរ និងនាំ មកនូវភាពប្រសើរ ប៉ុន្តែមិន​យកមកអនុវត្តនោះទេ។
អ្នកដែលឆ្វេងនិយមបំផុត ប្រហែលនឹងជ្រើសរើសយកវិធីបំផ្លាញចោលតែម្តង បើគេយល់ ឃើញ ថាការផ្លាស់ប្តូរបង្កការគំរាមកំហែងដល់គេ។ គេតែងលើកឡើងថា “របៀបចាស់ ប្រសើរជាង” ។

៤. មិនមែនការងាររបស់ខ្ញុំ
ជាបុគ្គលដែលបង្ហាញគំនិតអវិជ្ជមាន ដោយបដិសេធធ្វើការ ទោះបីសមញ្ញក្តី ដែលគេចាត់ ទុកថា​មិនស្ថិតក្នុងការទទួលខុសត្រូវរបស់គាត់។ ភាគច្រើនគេរងនូវការប្រព្រឹត្តិពីអ្នករួមការងារ ថ្នាក់លើ ឬពីអង្គភាពទាំងមូលពីពេលកន្លងមក ដូចជាខ្វះការសហការ ឬ ជំនួយជាដើម។ ម្យ៉ាងវិញទៀត គេ អាច​ជាអ្នក​សម្លឹងរកមើលឱកាសរីកលូតលាស់ ការតម្លើងឋានៈជាដើម កាលណា គេមិនបាន​មើល​ឃើញឱកាសទាំងនោះទេ គេគ្មានកម្លាំងចិត្ត និង ការតាំងចិត្តនឹងទទួល ការងារ​ក្រៅពីការងារ​ដែល​គេកំពុងធ្វើឡើយ។

៥. អ្នកបំផុសពាក្យចចាមអារ៉ាម
ជាបុគ្គលដែលបង្ហាញគំនិតអិវជ្ជមាន ជាអ្នកដែលបញ្ចេញភាពមិនយល់ស្រប ឬ គំនិត​​អវិជ្ជមាន​របស់​ខ្លួនតាមរយៈការបង្កើតពាក្យ​ចាចាមអារាម។ គេមានអារម្មណ៍ថាខ្លួនមាន សារៈសំខាន់​នៅ​ពេលដែលពាក្យចចាមអារ៉ាមដែលបានបង្កើត ឮដល់អ្នកដទៃ ឬ ក៏ទទួល ការជំទាស់​នៅពេលអ្នក​ដទៃបានស្តាប់ឮ។
បុគ្គលនេះមានអារម្មណ៍បាត់បង់ភាពម្ចាស់ការលើបរិយាកាសជុំវិញ ឬ អ្នកដទៃ។ ពាក្យ​ចចាម​​អារ៉ាម ជួយឲ្យគេទទួលបានភាពម្ចាស់ការត្រលប់មកវិញ។ ភាគច្រើន ពាក្យចចាមអារ៉ាមដែល គេផ្សព្វ​ផ្សាយ​មានទាក់ទងនឹង៖
  • ថ្នាក់លើកំពូល
  • អង្គភាព ឬ ការកាត់បន្ថយបុគ្គលិក
  • ប្រាក់ខែរបស់អ្នកដទៃ
  • អ្វីដែលក្រុមហ៊ុនប្រជែងផ្តល់ឲ្យបុគ្គលិករបស់គេ
  • អ្នកណាណាត់អ្នកណានៅក្នុងក្រុមហ៊ុន

៦. ទុទិដ្ឋិថិជន
ទុទិដ្ឋិជន ជាបុគ្គលធ្លាប់ឆ្លងកាត់ពិភពលោក ជាកន្លែងដែលពិបាក។ គាត់ចង់ឲ្យពិភពលោក សម្រប​ទៅតាមគេ បើមិនដូច្នោះ គេនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីជំទាស់ ឬទប់ស្កាត់​កុំឲ្យ​កើតឡើង។ គេមិនរីករាយនឹងអ្វីដែលនៅជុំវិញ ទោះបីអ្នកផ្សេងធ្វើអ្វីដើម្បីគេក៏ដោយ ក៏គ្មានអ្វី​ប្រែប្រួល​ចំពោះគេឡើយ។ មនុស្សប្រភេទនេះ ក៏មានគំនិតរបៀបនេះនៅខាងក្រៅ​បរិយាកាស​ការងារ​ផងដែរ។

៧. គ្មានការតាំងចិត្ត
ជនបុគ្គលដែលគ្មាន​ការតាំងចិត្ត ធ្វើការ​មិនអស់​ពីចិត្ត ហើយ​អាចក្លាយ​ទៅ​ជា​បន្ទុក​ដល់អ្នក​រួម​ការងារ​​​ជាមួយ។ ការងារ​មិនមែន​ជា អាទិភាព​ចម្បង​​សម្រាប់​គេ​ឡើយ។​ គេ​ព្យាយាម​ធ្វើ​កិច្ចការ​​ឲ្យ​បាន​តិច​បំផុត​តាមដែល​អាចទៅរួច ដើម្បីទុក​ពេល​សម្រាប់​បញ្ហាផ្ទាល់​ខ្លួន និងបញ្ហា​របស់​អ្នក​​ដទៃ។ គេមិន​យល់ពីភាព​បន្ទាន់ក្នុង​ការ​សម្រេច កិច្ចការ​ឲ្យហើយ។ គេមាន​ទស្សនៈថា “យើង​នៅ​​មាន​​ពេល យើង​អាច​ចាំពេល​ក្រោយបាន”។

៨. អ្នករិះគន់
តើអ្នក​មាន​វិធីសាស្រ្ត​ដែល​មាន​ការ​ច្នៃប្រឌិត​ទេ? មាន​របៀប​ផ្សេង​ក្នុងការ​ធ្វើកិច្ចការ​អ្វីមួយ ឬ យោបល់​​ថ្មី មួយទេ? ប្រសិន​បើអ្នក​មាន អ្នក​រិះគន់​នឹង រិះគន់ ឬ​រក​កំហុស​អ្នកភ្លាម។ បេសកកម្ម​​របស់​​បុគ្គល​ប្រភេទ​នេះគឺ ជំទាស់​នឹងអ្វីដែល​អ្នកផ្សេង​បាន និយាយ។ គេ យកត្រូវ​ជានិច្ច។ គេរិះរក​​បញ្ហា បំភ្លេច​ចោលឱកាស ទោះនៅ​កន្លែង​ណា​ក៏ដោយ។ គេមិន​ដែល​ផ្តល់​ប្រតិកម្ម​វិជ្ជមាន​​ដល់​អ្នក​វិញទេ ផ្ទុយ​មកវិញ គេឈ្លេច​រក​បញ្ហា​របស់អ្នក។ គេមាន​គំនិតថា “វាជា​គំនិត​មិនល្អ”។

៩. ក្មេងទទូច
បុគ្គលប្រភេទនេះ បញ្ចេញអកប្បកិរិយា ដូចក្មេងដែលទទូចធ្វើអ្វីមួយ។ បើមិនដូចចិត្ត គេនឹង​បង្ហាញ គំនិតអវិជ្ជមានភ្លាម។ គេតែងមានគំនិតថា គ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះគេឡើយ បន្ទុក​ការងារច្រើន និង គ្មានការសហការពេញលេញ។

១០. អ្នកលះបង់
បុគ្គលប្រភេទនេះ មានបេះដូងដែលមានឈាមហូរនៅក្នុងកន្លែងការងារ។ គេមកមុនពេល និង​ចេញ យឺតពេល។ គេធ្វើរាល់អ្វីដែលគេដាក់ឲ្យធ្វើ ប៉ុន្តែនឹងត្អូញត្អែរអំពីបន្ទុកការងារ និយោជក​ អតិថិជន ឬ​ ថ្នាក់លើពិបាកធ្វើការ​ជាមួយជាដើម។ គេមិនសូវរីករាយនឹងជិវិតផ្ទាល់ខ្លួនទេ ទើបគេ​ធ្វើការបន្លប់។ អ្វីដែល ធ្វើឲ្យគេអាក់អន់ចិត្តនោះ គឺអារម្មណ៍ថាការងាររបស់គេ​ត្រូវបានវាយតម្លៃ​ទាប​ជាងការពិត។ គេមាន ទស្សនៈថា គេបានលះបង់ជិវិតរបស់គាត់សម្រាប់ក្រុមហ៊ុន ប៉ុន្តែគ្មាន​នរណា​ខ្វល់។

១១. អ្នកធ្វើទោសខ្លួនឯង
ជាបុគ្គលដែលរកាំ នឹងខ្លួនឯង ហើយប្រែក្លាយជាមានគំនិតអវិជ្ជមាន។ គេស្វែងរកកំហុសរបស់​ខ្លួនឯងនៅក្នុង ការងារ  សម្ផស្សឬរូបរាង ការអភិវឌ្ឍន៍អាជីព ឋានៈសង្គម ប្រវត្តិសិក្សារ ជាដើម។  គេឲ្យតម្លៃខ្លួនឯងទាប  ហើយតែងបន្ទោសខ្លួនឯងថា "អាល្ងង់! ហេតុអ្វីបានធ្វើអញ្ចឹង?" ឬ "ឆ្កួតអីទៀតហើយ!  ឯងគួរតែធ្វើបានល្អជាងនេះ" ជាដើម។ ជាទូទៅ ទស្សនៈលើខ្លួន​ឯងរបស់គេ ជាបញ្ហា។  ជួនកាល គេធ្វើកិច្ចការបានល្អ ប៉ុន្តែមិនយល់ដូច្នោះឡើយ។

១២. ស្វាស៊ីបាយ
ជាបុគ្គលដែលមិនទទួលខុសត្រូវ ឬទទួលការស្តីបន្ទោសពីកំហុសរបស់ខ្លួន ហើយតែងបង្វែរ ការទទួលខុសត្រូវនេះទៅឲ្យអ្នកដទៃ។ គេរីករាយនៅពេលឃើញអ្នកដទៃជួបនឹងបញ្ហា។ គេមាន ទស្សនៈថា "ខ្ញុំមិនបានធ្វើ! វាមិនមែនដូច្នោះឡើយ!"

១៣. សំបកស៊ុត ឬត្រចៀកស
ជាបុគ្គលដែលងាយរំជើបរំជួល។  ការស្តីបន្ទោស ឬរិះគន់តិចតួចអាចធ្វើឲ្យគេ ធ្វើអ្វីលែងកើត។ បើមានបញ្ហាកាន់តែច្រើន គេនឹងមានគំនិតអវិជ្ជមានតែម្តង។  ទស្សនៈរបស់គេគឺ "កុំឲ្យខ្ញុំឮ ខ្ញុំទទួល មិនបានទេ!"

១៤. ល្អិតល្អន់ជ្រុល
ជាបុគ្គលដែលផ្តោលើភាពលំអិត ឬរាល់ចំណុចតូចតាចដែលពាក់ព័ន្ធ។ បុគ្គលប្រភេទនេះ ព្យាយាម យល់ ដឹង និងគ្រប់គ្រងរាល់បញ្ហាទាំងអស់។ គេជាបុគ្គលមានភាពស៊ាំញ៉ាំ និងស្មុគស្មាញ៕

Thursday, March 1, 2012

ថាមពល​នៃ​ការ​សម្រេច​ចិត្ត





ដោយៈ តេង សំអាន
“ គ្មានការសម្រេចចិត្ត គឺគ្មានភាពជោគជ័យ! ”
“ ភាពជោគជ័យមួយ ជាចំណុចចាប់ផ្តើមនៃគោលដៅថ្មីមួយទៀត
ហេតុនេះ មានការសម្រេចចិត្តរាប់មិនអស់ដែលអ្នកត្រូវធ្វើ! ”
“ ការសម្រេចចិត្តអាចជួយឲ្យអ្នកក្លាយជាជនជោគជ័យ ឬជនដែលបាត់បង់អ្វីៗទាំងអស់! ”
“ ការសម្រេចចិត្ត ជាកតព្វកិច្ច និង ជម្រើសនៃជីវិត!!! ”

ការសម្រេចចិត្តជា ការចាប់យក​ឱកាស​មួយក្នុងចំណោមបណ្តា​​ឱកាសដែលមាន ឬ ជ្រើសយក​ជម្រើស មួយក្នុងចំណោមជម្រើសដទៃ។​ ការសម្រេច​ចិត្ត​របស់មនុស្សម្នាក់ៗ នឹងជះឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់ជីវិត ភាពជោគជ័យ និងការរស់​នៅ​របស់​ពួកគេ។​មនុស្សម្នាក់ៗត្រូវធ្វើការ​សម្រេច​ចិត្តច្រើន​រាប់មិនអស់នៅ​ក្នុងមួយ​ជីវិត មានទាំងការការសិក្សា ការជ្រើស​យកគូជីវិត ការរើស​យក​អាជីពឬ​របៀបរស់នៅ ការរើស​យករបស់របរ​ប្រើប្រាស់ ការរើសយកវិធីប្រើប្រាស់ ធនធាន​ដែល​មាន លើស​ពី​នេះ មានការសម្រេច​ចិត្តលើកិច្ចការប្រចាំថ្ងៃ និងកិច្ចការតូចតាច រាប់រយបែប រាប់រយ​ជំពូក។
ប៊ីល ហ្គេត សម្រេចចិត្ត​បោះបង់​ការ​​សិក្សា​នៅ​មហាវិទ្យាល័យ ដើម្បីផ្តោត​​ការ​​យក​ចិត្ត​ទុកដាក់​​លើ​​ការ​​បង្កើត និងគ្រប់ គ្រងក្រុមហ៊ុន ម៉ៃក្រូសូហ្វ។ ការ​សម្រេច​ចិត្ត​​​របស់​គាត់​នា​គ្រា​នោះ បាន​ធ្វើឲ្យ​​គាត់​​​ទទួល​​បាន ជោគជ័យ និង ក្លាយ​ជា​មហា​សេដ្ឋី​ដែល​មាន​ទ្រព្យ​ច្រើន​ជាង​​គេ​យ៉ាង​ឆាប់រហ័ស។ លើស​ពីនេះ ការសម្រេច​ចិត្តនោះ ក៏បាន នាំមក​នូវការ​​ផ្លាស់ប្តូរ​​យ៉ាង​ច្រើន​​ដល់​​​ពិភពលោក​ តាម​រយៈ​ផលិតផល​​​ដែល​ក្រុមហ៊ុន​របស់គាត់ បាន​បង្កើតឡើង។ ភាព​ជោគជ័យ​​របស់​គាត់​នេះ ជា​ជម្រើស​​​​​មួយក្នុង​​ចំណោម​​​ជម្រើស​​ជាច្រើន​ដែល​គាត់​ជ្រើស​យក។ ឧទាហរណ៍នេះ គ្មានន័យ​​ជម្រុញ​ឲ្យ​អ្នក​​​​បោះបង់ការ​សិក្សាទៅចាប់យក អាជីពមួយនោះទេ ប៉ុន្តែមានគោល​បំណង​បង្ហាញអ្នក​នូវ​​សារៈ​​សំខាន់​របស់វា។

តើការសម្រេចចិត្តអាចប៉ះពាល់អ្នកយ៉ាងដូចម្តេច?

អនាគតរបស់អ្នកៈ អ្នកត្រូវយល់ថា ការសម្រេចចិត្ត​របស់អ្នក​នាពេលនេះ នឹងប៉ះពាល់​​ដល់ថ្ងៃស្អែក ថ្ងៃខាន​ស្អែក សប្តាហ៍ក្រោយ ខែក្រោយ ឆ្នាំក្រោយ ឬក៏អនាគតរបស់អ្នកតែម្តង។

ឧបមាថា អ្នកចង់ក្លាយជា​គ្រូបង្រៀនភាសារអង់គ្លេសនៅថ្ងៃអនាគត អ្នកសម្រេចចិត្ត ជ្រើសរើស​យក​​ជំនាញ​ភាសារអង់គ្លេស ហើយចូលរៀននៅមហាវិទ្យាល័យមួយ។ ការសម្រេចនេះ និងនាំឲ្យ​អ្នក​ចំណាយ ធនធាន និង ពេលរយៈពេល ៤ឆ្នាំ ដើម្បីសម្រេចគោលដៅ។ រយៈពេលខ្លីយើង​ឃើញ​ថា ការសម្រេចចិត្ត របស់អ្នកនៅពេលនេះ នឹងប៉ះពាល់អ្នក៤ឆ្នាំយ៉ាងហោច។

ឧបមាទៀតថា អ្នកបានក្លាយជា​គ្រូបង្រៀនភាសារ​នៅពេលបញ្ចប់ការសិក្សា អ្នកធ្វើការ​បាន​មួយ​រយៈ​ពេល ហើយយល់ឃើញថា ការងារ​ក្នុងវិស័យអប់រំ មិនអាច​ឲ្យអ្នកមាន​ជីវភាពរស់នៅ​បាន​សម​បំណង ប្រាថ្នា​ដែលបានគិត និងគ្មានឱកាស​អភិវឌ្ឍន៍ច្រើន​ដូចក្នុងវិស័យ​ដទៃដូច​ជា​​ពាណិជ្ជកម្ម​​ជាដើម។ អ្នក​មាន​​​បំណងផ្លាស់ប្តូរ​ការងារ។ ពេលនោះតើអ្នក​ត្រូវចំណាយ​ពេល​ប៉ុន្មាន​​ដើម្បី សិក្សា​ជំនាញថ្មី បើទៅសាលា វាទាមទារ ២ទៅ ៤ឆ្នាំ បើចង់ចាប់​ផ្តើមពីបុគ្គលិកតូចតាច វា​ចំណាយ​ពេល​ច្រើន​ហើយមិន​ប្រាកដ​ប្រជា​ផង។ មកដល់​ចំណុចនេះ តើអ្នកដឹង​ថាការសម្រេចចិត្ត​​របស់​អ្នកនៅ​ពេលនេះ អាចប៉ះពាល់អ្នករយៈពេល ប៉ុន្មាន? ចម្លើយគឺ ៤ឆ្នាំ​សម្រាប់សិក្សា បូក ២ ទៅ៤​ឆ្នាំ​សម្រាប់​សិក្សា​ជំនាញថ្មី ឬចាប់​ផ្តើមការងារថ្មី ដែល​សរុប​មកគឺ ៦ ទៅ៨ឆ្នាំ។

ជាមួយនឹង​ឧទាហរណ៍ ដដែល បើអ្នកបន្តនៅជាគ្រូបង្រៀន វានឹងប៉ះពាល់​ជីវភាព​​របស់អ្នកមួយ​ជីវិត​តែ ម្តង។ អ្វីៗដែល​​កើតឡើង​​នៅថ្ងៃស្អែក មួយចំណែក​​ជាលទ្ធផល​នៃ​ការសម្រេច​ចិត្ត​របស់ អ្នក។

ធនធានៈ នៅពេលដែល​អ្នក​សម្រេចចិត្តធ្វើអ្វីមួយ អ្នកត្រូវចំណាយ​ពេលនឹងធនធាន​ទៅ​លើកិច្ចការ​នោះ។ បើសម្រេចចិត្តសិក្សា អ្នក​ត្រូវចំណាយ​ពេល និងថ្លៃឈ្នួល​សាលា ក៏ដូចជាចំណាយ​​ប្រចាំថ្ងៃ​លើការ​រស់នៅ។ ពេលវេលា​ជាធនធាន​មួយមានតម្លៃបំផុត និងមិន​អាចរកវិញ​បានឡើយ។​ លើផ្នែក​ជំនួញក៏ ដូចគ្នា បើអ្នក​សម្រេចចិត្តត្រូវ ធនធាន​របស់អ្នកនឹងកើនឡើង តែបើខុស អ្នកប្រាកដ​​ជាខាត​បង់​ទាំង ធនធាន ទាំងអាជីព​ក៏មាន។

ឱកាសៈ អ្នកក៏ត្រូវយល់ផង​ដែរថា ការសម្រេចចិត្ត​របស់អ្នកនឹងប៉ះពាល់​ដល់ឱកាសរបស់អ្នក ព្រោះ​ការ សម្រេចចិត្ត ជាការជ្រើស​យកជម្រើសមួយ​ក្នុងចំណោម​ជម្រើសដទៃ ជាការចាប់​​យកឱកាស​មួយ​ក្នុង ចំណោម​​ឱកាសដទៃ។ មានមនុស្សភាគ​ច្រើនណាស់ដែល​តែង​និយាយថា “សូម​ផ្តល់​ឱកាស​​ឲ្យខ្ញុំម្តង​ទៀត!” ដែលមាន​ន័យថា ឱកាសអាច​កើតឡើងវិញ។ ខ្ញុំយល់ផ្ទុយ​​ពីទស្សនៈនេះ​បន្តិច គឺខ្ញុំគិតថា “ឱកាស​មួយ កើតឡើងតែម្តងទេ បើបាត់បង់ហើយ គឺបាត់បង់រហូត”។ បើអ្នកដទៃ​​និយាយថា “ខ្ញុំផ្តល់​ឱកាស​ឲ្យអ្នក​ម្តងទៀត” គឺមានន័យថា “ ជាឱកាសមួយថ្មី” មិនមែន​ឱកាស​ដដែល ឬឱកាស​​​ចាស់កើត​ឡើងវិញឡើយ ដោយ​សារទស្សនៈ​របស់​បុគ្គលនោះ​​និងអ្នកជុំវិញ​​ចំពោះ​អ្នក​គឺ​មិនដូចមុន បរិយាកាស​ក៏មិនដូចមុន ភាព​ជោគ​ជ័យ​​របស់អ្នកមានតិចជាងមុន ភាពបរាជ័យ​​របស់អ្នកក៏កាន់តែខ្ពស់​ដែលក្នុងស្ថានភាពខ្លះ គឺស៊ឹង​តែគ្មាន​ភព្វ​តែម្តង។

ហេតុអ្វីចាំបាច់ត្រូវតែសម្រេចចិត្ត?



ឧបមាថា អ្នកបានដើរមក​ដល់ផ្លូវបំបែកមួយ (ដូចក្នុងរូបភាព)។ ផ្លូវមួយអាច​នាំអ្នក​ទៅរក​ភាព​រីក​ចំរើន ឯផ្លូវមួយ​ទៀតអាច​នាំអ្នក​ទៅរកភាពបរាជ័យ។ តើអ្នកត្រូវឈប់​នៅត្រឹម​ផ្លូវបំបែក ឬក៏យ៉ាង​ណា? ជាចម្លើយ អ្នកមិនត្រូវ​ឈប់នៅ​ទីនោះឡើយ ព្រោះថាបើអ្នក​សម្រេចចិត្តដើរ​ទៅមុខ អ្នក​អាច​ដឹងថា ផ្លូវ​ដែលអ្នក​កំពុងដើរនោះ​ត្រូវឬខុស។ បើត្រូវអ្នកអាចដើរបន្ត​ទៅមុខទៀតបាន តែបើខុស អ្នក​អាចត្រលប់ ក្រោយ ហើយរើស​យកផ្លូវមួយទៀតបាន។ ផ្ទុយមកវិញ បើអ្នកឈប់ អ្នកនឹងបាត់​បង់​ឱកាសគ្រប់យ៉ាង ដែលនៅខាងមុខ។ អ្នកប្រាកដ​ជាគិតថា បើអ្នកឈប់ គឺវា​មាន​សុវត្ថិភាព​​បំផុត តែ អ្នកត្រូវដឹងថា អ្នក មិនមែន​ដើរលើផ្លូវមួយ​តែឯងឡើយ។ អ្នកមាន​គូ​ប្រជែង​ជានិច្ចក្នុង​​ការរស់នៅ​ក្តី ក្នុងបរិបទ​ការងារក្តី ក្នុង បរិបទជំនួញក្តី។ ដើម្បីឲ្យងាយយល់ សូមមើលរូបទីបីខាងក្រោម។
មានអ្នក​ផ្សេងៗ​ទៀត​បាន​មក​ដល់​ចំណុច​ដូចគ្នា ឬកំពុង​តែតាមអ្នក តើអ្នកត្រូវឈប់​ឬក៏យ៉ាងណា?

តើកត្តាអ្វីមានឥទ្ធិពលលើការសម្រេចចិត្តរបស់អ្នក?

ព័ត៌មាន និងការវិភាគៈ ព័ត៌មានអាច​ជួយឲ្យការ​​សម្រេចចិត្តរបស់អ្នកធ្វើបាន​ត្រឹមត្រូវ។ ពត៌មាន ជាក៏​ដូចជា​ពេលវេលា មានតម្លៃមិនចាញ់​មាសប្រាក់​ឡើយ។ បុគ្គលណា​ដែលអាចទទួល និងគ្រប់​គ្រង​​​ព័ត៌មាន​បានច្រើន ទទួលឱកាស​ជោគជ័យច្រើន។ ដូចច្នេះដើម្បី​សម្រេចចិត្ត​បានត្រឹមត្រូវ អ្នក​ត្រូវប្រមូល ព័ត៌មាន​ដែលទាក់ទង​ឲ្យបានច្រើនបំផុត។ អ្នកប្រហែល​មានចម្ងល់ថា តើអ្នកត្រូវ​ប្រមូល​​យកព័ត៌មាន ពីណា? និយាយឲ្យងាយ​​អ្នកអាចរកបានពី មធ្យោបាយ​ផ្សព្វផ្សាយ តាមរយៈ​ទូរទស្សន៍ កាសែត វិទ្យុ សៀវភៅ អ៊ីនធើណិត និងមធ្យោបាយ​ទាក់ទងផ្សេងៗ​ទៀត។ លើសពីនេះ អ្នកអាចរក ពីអ្នកដែលនៅ ជុំវិញអ្នក ដូចជា ឪពុកម្តាយ សាច់ញាតិ មិត្តភក្តិ បុគ្គល​មាន​បទពិសោធន៍ គ្រូ​បង្រៀន​​​របស់អ្នក អ្នកពិគ្រោះ​​យោបល់ ឬអ្នកស្រាវជ្រាវ។

ចំណុច​ដែល​អ្នក​ត្រូវយក​ចិត្តទុកដាក់ គឺត្រូវជ្រើសរើស​​យក​ព័ត៌មាន​ដែលត្រឹមត្រូវ ពីព្រោះ​​សម័យ​កាល នេះ ជាសម័យកាល​ដែល​មាន​ព័ត៌មានហូរហៀរ ដែលទាមទារ​​ការជ្រើសរើស និង​វិភាគ​​ឲ្យ​បាន​​ត្រឹមត្រូវ។

ធនធានៈ ការសម្រេចចិត្ត​ភាគ​ច្រើនក៏​ពាក់ព័ន្ធទៅនឹង​ធនធាន​​ដែលមនុស្សម្នាក់ៗ​មានដែរ។ បុគ្គល​ដែល មានធនធានច្រើន ហ៊ានធ្វើ​ការសម្រេចចិត្ត​បានលឿន និងច្រើនដង​​លើសពីអ្នកដែល​​ក្សត់​ខ្សោយ​ជាង។ អញ្ចឹង បើអ្នកគ្មាន​ធនធាន អ្នកមិនចាំបាច់​សម្រេចចិត្តទេឬ? មិនមែន​ដូច្នេះឡើយ ដូច​ដែល​បានរៀបរាប់ ពីខាងលើ មនុស្សយើង​មានការសម្រេចចិត្ត​រាប់មិនអស់។ តែបើពាក់ព័ន្ធ​ធនធាន អ្នកត្រូវ​ពឹងផ្អែកលើ ព័ត៌មាននិងការ​វិភាគរបស់អ្នកជាចាំបាច់។

ពេលវេលាៈ ការសម្រេច​ចិត្តឆាប់ពេក ឬយឺតពេក សុទ្ធតែជះឥទ្ធិពល​​មិនល្អដូចគ្នា។ អ្នកត្រូវតែ​ជ្រើស រើសពេល​វេលាឲ្យបានសមស្រប កុំឲ្យបញ្ហាដែល​អ្នកដោះស្រាយនោះ ក្លាយជាបញ្ហា​​ធ្ងន់ធ្ងរ​ដោះស្រាយ មិនបាន។ ខ្ញុំបានអាន​អត្ថបទមួយ អំពីអ្នកបើកបរយន្តហោះចម្បាំង។ អត្ថបទនោះ​បាន​រៀបរាប់ថា អ្នកបើកបរ មានរយៈ​ពេលតែ ៦ ទៅ ១២ វិនាទី ប៉ុណ្ណោះ ដើម្បីគេច​ចេញពីគ្រោះថ្នាក់ នៅពេល​យន្តហោះ ឆេះ ឬ មានបញ្ហា​នៅលើអាកាស។ ក្នុងអំឡុង​ពេលនេះ អ្នកបើកបរ​ត្រូវ​សម្រេច​ចិត្ត​ឲ្យលឿនបំផុត រវាង សុវត្ថិភាព ភាពក្លាយ​ជាចំណាប់ខ្មាំង​របស់សត្រូវ និង ការបោះ​បង់​យន្ត​ហោះ​​​ដែល​មានតម្លៃរាប់ លាន ដុល្លារ។ ក៏ដូចគ្នាដែរ ឧបមា​ថា អ្នកកំពុងបើកបរ​​លើ​ដង​ផ្លូវក្នុង​​ល្បឿន​លឿន តើអ្នកមាន​ពេលប៉ុន្មាន ដើម្បី គេចចេញ​ពីឧបសគ្គ ឬ គ្រោះថ្នាក់​នៅខាងមុខ។ បើគិត និង​សម្រេចមិនទាន់ លទ្ធផល​ប្រាកដជា​គ្រោះថ្នាក់មិនខាន។ និយាយ​យ៉ាងខ្លី ពេលវេលា​​មានសារៈ​សំខាន់ណាស់ សម្រាប់ការ​សម្រេចចិត្តរបស់អ្នក។

អារម្មណ៍ៈ អារម្មណ៍អាចប៉ះពាល់​ដល់គុណភាព​នៃ​ការសម្រេចចិត្ត។ អ្នកមិន​ត្រូវប្រើ​អារម្មណ៍ ដោយ មិនគិតពិចារណា​ឲ្យបាន​ល្អិតល្អន់ ពីហេតុ​និងបញ្ច័យ ពីគុណវិបត្តិ​និងគុណសម្បត្តិ ពីការ​ពិតនិងក្តីស្រមៃ ដើម្បីសម្រេចចិត្តឡើយ។ នៅពេលដែលអ្នក​មានអារម្មណ៍មិនល្អ យកល្អអ្នក​គួរ​សួរខ្លួនឯង ថានៅ​ខណៈនោះ អ្នកគួរធ្វើការ​សម្រេចចិត្ត​ដែរឬទេ? វាអាចឆាប់ពេក ពីព្រោះអ្នក​មិន​​បាន​ពិចារណា ឬ ការសម្រេចនោះ មិនមែនជា​សុឆន្ទៈរបស់អ្នក។  

អ្វីជាកត្តាអាចជួយ​ឲ្យអ្នក​សម្រេចចិត្តបានប្រសើរជាងមុន?

ចក្ខុវិស័យៈ អ្នកត្រូវ​មានចក្ខុវិស័យ ឬគោលដៅច្បាស់លាស់​ទៅអនាគត ។ ចក្ខុវិស័យ នាំឲ្យអ្នក​ពិចារណា អំពីផ្លូវដែលអ្នកត្រូវដើរ និង កិច្ចការ​ដែលអ្នក​ត្រូវធ្វើ។ គោលដៅ ផ្លូវដែលត្រូវដើរ និង​កិច្ចការដែល​ត្រូវ​ធ្វើនិងបង្កើត​ប្រព័ន្ធ​មួយសម្រាប់​ការសម្រេចចិត្តរបស់អ្នក។ ប្រព័ន្ធនេះ ផ្តល់នូវ អាទិភាព​​នៃកិច្ចការដែល អ្នកត្រូវធ្វើ ​ ពេលវេលា​ដែលអ្នកត្រូវធ្វើ ឬសម្រេចធ្វើ និងការថ្លឹងថ្លែង​ពី​​ធនធាន​ដែលអ្នកត្រូវប្រើ។ មនុស្ស​ពិការភ្នែក​អាចដើរទៅ​ដល់គោលដៅ របស់គាត់ ព្រោះ​គាត់​មាន​គោលដៅ​ច្បាស់លាស់​ជាមុន។ គាត់​ជ្រើស​រើសផ្លូវ និងរបៀប​ចៀសវៀងពី ឧបសគ្គទាំងឡាយ។ កិច្ចការ​នេះ​មិនងាយស្រួលនោះទេ ហើយជា​​ការពិត​ណាស់ វាជាសមត្ថភាព​​មួយដ៏គួរឲ្យកោត​សរសើរ​​របស់គាត់។ ហេតុនេះ អ្នកមិន​ត្រូវដើរដោយ​​គ្មានគោល​ដៅឡើយ

សុទិដ្ឋិនិយមៈ សុទិដ្ឋិនិយម ជាគំនិតវិជ្ជមាន យល់ឃើញ​ហេតុការណ៍ ក្នុងផ្លូវត្រូវ ផ្លូវពោពេញ​​ដោយ​​ឱកាស និង​ក្តីសង្ឃឹម។ សុទិដ្ឋិនិយម ជាកម្លាំងជម្រុញ​ឲ្យអ្នកហ៊ាន​សម្រេច និងហ៊ានធ្វើ។ ឧបមា​ថា អ្នកត្រូវ​ធ្វើកិច្ចការ​មួយ បើអ្នក​យល់ថា អ្នកមិនអាច​ធ្វើបាន (ដែលជា​គំនិត​អវិជ្ជមាន) អ្នក​ប្រហែល​​នឹងបោះ បង់កិច្ចការ​នោះ ឬគ្រាន់តែ​ធ្វើឲ្យរួចពីដៃ។ បើអ្នកមានគំនិត​​អវិជ្ជមានចំពោះ​​បុគ្គល​ម្នាក់ អ្នកប្រហែលនឹង បោះបង់ឱកាស​ស្គាល់និង​ស្វែងយល់​ពីបុគ្គលនោះមិនខាន តែបើអ្នក​បើក​ចិត្ត​ឲ្យ​ទូលាយ អ្នកអាចចាប់ ផ្តើមទំនាក់ទំនង​ជាមួយគេបាន។ បើអ្នកយល់​ថា​មុខវិជ្ជាមួយ​ដែលអ្នក​កំពុង​សិក្សា គ្មានប្រយោជន៍ អ្នកនឹងបោះបង់​ឱកាស ទាញយក​ប្រយោជន៍​ពី​មុខវិជ្ជានោះមិនខាន។ មនុស្ស​ម្នាក់ៗ​មិនមែនមានតែ សុទិដ្ឋិនិយម​​រាល់ពេលនោះឡើយ ប៉ុន្តែ​សុំកុំឲ្យ​ទុទិដ្ឋិនិយម​ជះ​ឥទ្ធិពល​​គ្របដណ្តប់​ខ្លួនអ្នកទាំងមូល។

គុណភាពព័ត៌មានៈ ការសម្រេច​​អ្វីមួយ ពឺងផ្អែក​យ៉ាង​ខ្លាំង​លើ​​ព័ត៌មាន ហេតុនេះ​​​អ្នក​ត្រូវ​​ជ្រើសរើស វាពី​​ប្រភព​​ដែល​អាច​ជឿជាក់​បាន។ ប្រភព​ទាំងនេះ​​មាន​ដូចជា​​​ស្ថាប័ន​ស្រាវជ្រាវ ឬបុគ្គល​​​ដែល​​គេ​ទទួល ស្គាល់​​​ជាដើម។ អ្នក​ក៏ត្រូវ​ចាំថា ព័ត៌មាន មានភាព​​ការប្រែប្តូរ រៀងរាល់​​​គ្រប់វិនាទីទាំង អស់។ បើ​និយាយ​​ឲ្យខ្លី អ្នកត្រូវ​ប្រមូល​​ព័ត៌មាន​ដែល​​ទាន់​​សភាព​​ការណ៍​ពី​ប្រភព​ដែល​​អាច​​ជឿជាក់​បាន។

សមត្ថភាពវិភាគៈ ការវិភាគ ជា​ពិសេស​​លើ​ព័ត៌មាន​ដែល​​អ្នក​បានទទួល និង​ហេតុការណ៍ ដែល​អ្នក​​បាន​​ឃើញឬឮ បានត្រឹម​ត្រូវ​នាំ​ឲ្យ​អ្នក​សម្រេច​​បាន​ត្រឹមត្រូវ។ សមត្ថភាព​​វិភាគនេះ​​កើតចេញពី​​ទម្លាប់​​​នៃ​ការ គិត ការសិក្សា និងសង្កេត​​មើលពី​មនុស្ស​​និង​បរិស្ថាន​​សង្គម​​ជុំវិញ​ខ្លួន។

ការបើក​ចំហរនៃគំនិត និង ការទទួលខុសត្រូវៈ ចំណុចមួយទៀតដែរ អ្នកត្រូវ​បើកចិត្តគំនិត​ឲ្យ​ទូលាយ ស្តាប់និងទទួលយក​យោបល់អ្នកដទៃ កុំមានមោទន​ភាព​ហួសហេតុ​នឹងគំនិត​របស់ខ្លួន​ឯង។ រាល់យោបល់ របស់អ្នក​ដទៃសុទ្ធតែមាន​ប្រយោជន៍ចំពោះអ្នក បើទោះបីយោបល់​​នោះមិន​ត្រឹមត្រូវ ក៏អ្នកនូវតែទទួល បានប្រយោជន៍ដែរ​​គឺអ្នកអាចស្វែងយល់ពីចេតនា ចិត្តគំនិត របស់អ្នក​ដែល​​ឲ្យ​យោបល់នោះបាន។ លើស ពីនេះ អ្នកក៏ត្រូវបើកចិត្ត​ឲ្យទូលាយ ទទួលយកភាពខុស ទទួល​យក​ភាពត្រូវ។ បើអ្នកសម្រេចចិត្តធ្វើអ្វី មួយខុស ហើយមិនទទួលកំហុស អ្នកគ្មានឱកាស​​អាចកែ​កំហុសនោះបានឡើយ។ ផ្ទុយមកវិញ បើអ្នក ទទួលយក អ្នកអាចបកក្រោយ គិតគូរធ្វើកិច្ចការ​នោះ​សារឡើងវិញបាន។ ការទទួលយកកំហុសរបស់ ខ្លួនឯង ជា​ការចាប់ផ្តើម​នៃការអភិវឌ្ឍន៍របស់​មនុស្ស​ម្នាក់ៗ