Friday, February 3, 2012

ខ្មៅដៃដ៏ល្អ





ប្រែសម្រួលដោយៈ តេង សំអាន
ប្រភពៈ រឿងនិទានអប់រំបរទេស



អ្នកផលិតខ្មៅដៃម្នាក់បានកំពុងរៀប ខ្មៅដៃដាក់ក្នុងប្រអប់។ រៀបនឹង ដាក់ គាត់បាន ​និយាយ ទៅ​កាន់ខ្មៅដៃនោះថា “ឯងនឹង ចូលទៅកាន់ ពិភពលោកដ៏ ធំនាពេលដ៏ខ្លី ខាងមុខ។ បើ​ឯង​ចង់ ក្លាយ ជាខ្មៅដៃ​ដែល​ ល្អជាងគេបំផុត ឯង​ត្រូវដឹង​គោលការណ៍ ៥  ហើយ ត្រូវ​ចងចាំជានិច្ច!”​
  • “ទី១- ឯងអាចធ្វើកិច្ចការអស្ចារ្យបានច្រើន ប៉ុន្តែឯងត្រូវឲ្យស្មេរកាន់ខ្លួនរបស់​ឯងក្នុង​ដៃគេ។ ”
  • “ទី២- ​ឯងនឹងទទួលបទពិសោធន៍ឈឺចាប់ម្តងហើយម្តងទៀត ដោយសារ​ការចិត ឬខួង ក៏ប៉ុន្តែ ឯងចាំបាច់ត្រូវតែទទួលដើម្បីក្លាយជាខ្មៅដៃដ៏ល្អ។”
  • “ទី៣- ឯងអាច​កែតម្រូវកំហុសឆ្គង ដែលឯង ប្រព្រឹត្តិដោយ​ប្រការណាមួយ។”
  • “ទី៤- ត្រូវយល់ថា ចំណែកដែលជាវត្ថុមានតម្លៃបំផុត ជាបណ្តូលដែល​ស្ថិតក្នុងខ្លួន​របស់​ឯង។”
  • “ទី៥- គ្រប់ទីដែលគេយកឯងទៅប្រើ ត្រូវបន្សល់នូវស្នាមរបស់ឯងជានិច្ច។ ឯងត្រូវ​បន្ត​សរសេរ ទោះ​ស្ថិតក្នុងលក្ខខណ្ឌណាក៏ដោយ។”
ខ្មៅដៃស្តាប់ យល់ ហើយសន្យា​នឹងប្រតិបត្តិតាម វាចូល​ទៅក្នុងប្រអប់ដោយចារិកនូវ គោលការណ៍ ចម្បងទាំងប្រាំក្នុងបេះដូង។ ឥឡូវ សាកល្បងជំនួសខ្មៅដៃដោយខ្លួនរបស់អ្នកលមើល! ត្រូវចង​ចាំកុំភ្លេចនូវគោលការណ៍ទាំងនេះ នោះអ្នកនឹងក្លាយជាបុគ្គលដ៏អស្ចារ្យមួយរូប។
  • ទី១-- អ្នកអាចធ្វើកិច្ចការធំៗបានច្រើន ប៉ុន្តែអ្នកត្រូវអនុញ្ញាត ឲ្យអ្នក​ដទៃវាយតម្លៃពី​សមត្ថភាព និង ទេពកោសល្យ​ដែលអ្នកមាន។
  • ទី២-- អ្នកនឹងជួបប្រទះនិងឆ្លងកាត់សេចក្តីលំបាក និង​ការឈឺចាប់ជាច្រើន​ក្នុង​ដំណើរ​ជីវិត​របស់​អ្នក ប៉ុន្តែ អ្នកត្រូវការបទ​ពិសោធន៍ទាំងនោះ​ជាចាំបាច់​ដើម្បី​ធ្វើឲ្យ អ្នករឹងមាំ​ជាងមុន។
  • ទី៣--អ្នកអាចកែតម្រូវកំហុសឆ្គង ដែលអ្នកបាន​ប្រព្រឹត្តិដោយប្រការ​ណាមួយ ប៉ុន្តែអ្នកត្រូវ​​ទទួល ស្គាល់នូវកំហុស​ទាំងនោះជាមុន។
  • ទី៤-- ត្រូវយល់ថា ចំណែកដែល​​ជាវត្ថុមានតម្លៃបំផុត ស្ថិតក្នុងខ្លួន​របស់អ្នក ជា​ចំណេះដឹង បទពិសោធន៍ អត្តចរិក ផ្នត់គំនិត និងទស្សនៈ​របស់អ្នក។
  • ទី៥-- គ្រប់ផ្លូវដែលអ្នកដើរ អ្នកត្រូវបន្សល់នូវស្នាមជើងរបស់អ្នក។​ អ្នកត្រូវបន្សល់​នូវ​សមិទ្ធិផល ឬ​ភាពជោគជ័យ នៃកិច្ចការដែលអ្នកបានធ្វើ។ ទោះជាស្ថិតក្នុង​កាលៈទេសៈ​ណា​ក៏ដោយ អ្នកត្រូវ បំពេញភារកិច្ច​ឲ្យអស់ពីកម្លាំងកាយចិត្ត។
ចូរឲ្យរឿន​និទានពីខ្មៅដៃនេះ លើកទឹកចិត្តអ្នកឲ្យជំនះការលំបាក និងសេចក្តីឈឺចាប់​ទាំងឡាយ​ដែល អ្នក នឹងឆ្លងកាត់ក្នុង​មួយដំណើរ​ជីវិតនេះ។ មានកិច្ចការ​ជាច្រើនរងចាំអ្នក កុំទុកបណ្តោយឲ្យ ជីវិតរបស់​អ្នកឲ្យដើរតាម យថាកម្ម៕


No comments: