ប្រែសំរួលដោយៈ តេង សំអាន
ប្រភពៈ រឿងនិទានបរទេស
គ្រាមួយមានក្សត្រមួយអង្គ បានហៅអស់មន្រ្តីឲ្យចូលគាល់ ដើម្បីពិភាក្សារិះរក យុទ្ធសាស្រ្ត ដែលអាចឲ្យព្រះអង្គយកជ័យជំនះបានគ្រប់ស្ថានការណ៍ និង កាលៈទេសៈ ។ ព្រះអង្គបានសួរទៅមន្ត្រីម្តងម្នាក់ៗ ប៉ុន្តែ ចម្លើយដែលទទួលបានមិនអាចធ្វើឲ្យ ទ្រង់ពេញចិត្តឡើយ។ ការសួរបន្ត ដល់វេនមន្រ្តីចំណាស់ម្នាក់ មន្រ្តីរូបនោះក៏សរសេរ កូនសំបុត្រតូចមួយ រួចហើយយកទៅថ្វាយ។ ពេលនោះព្រះអង្គក៏សួរថា “តើនេះ ជាគំនិត ដែលអាចយកឈ្នះបានគ្រប់ស្ថានការណ៍ និងកាលៈទេសៈរបស់លោកឬ?”
មន្រ្តីចំណាស់ក៏ទូលថ្វាយ “ពិតប្រាកដណាស់ ប៉ុន្តែព្រះអង្គមិនអាចបើកមើល សំបុត្រ នេះ ទេបើមិនទាន់កាលៈទេសៈចុងក្រោយនោះ”។ ថ្វីបើព្រះអង្គមានការងឿងឆ្ងល់ តែមិន ដេញដោលសួរបន្តឡើយ ដោយព្រះអង្គឈ្វេងយល់ថាប្រហែលគ្មានយុទ្ធសាស្រ្ត ឬ គំនិយនោះឡើយ។
ចំណេរកាលមក សង្រ្គាមបានផ្ទុះឡើងក្នុងនគររបស់ព្រះអង្គ។ ព្រះអង្គបានច្បាំង ចាញ់ បាក់ទ័ព ហើយរត់គេចព្រះកាយទៅដល់មាត់ជ្រោះមួយ។ ខណៈដែលសត្រូវកាន់តែខិត មកជិតដល់ និងអស់សង្ឃឹមផងនោះ ព្រះអង្គក៏គិតប៉ងធ្វើអត្តឃាត ជាជាងឲ្យសត្រូវចាប់បាន។ រំពេចនោះ ព្រះអង្គក៏នឹកឃើញដល់សំបុត្រដែលមន្ត្រីចំណាស់ថ្វាយ ព្រះអង្គ ក៏បើកសំបុត្រនោះមើល។ ក្នុងសំបុត្រពុំមានយុទ្ធសាស្រ្តអស្ចារ្យអ្វីឡើយ ក្រៅពីពាក្យ មួយឃ្លាថា “អ្វីៗនាពេលនេះ នឹងកន្លងហួស”។ គ្រាកំពុងភិតភ័យផង ត្រិះរិះផង ស្រាប់ តែកងទ័ពជំនួយរបស់ព្រះអង្គបានមកដល់ ហើយជួយច្បាំងយកជ័យលើទ័ពសត្រូវបាន។ បណ្តាមេទ័ពក៏យាងព្រះអង្គឲ្យចូលមកកាន់ព្រះនគរវិញ។ នៅយប់បន្ទាប់មក ព្រះអង្គបាន រៀបចំពិធីជប់លៀងយ៉ាងអធិកអធម មានម្ហូបរាប់មុខ មានស្រា មានតន្រ្តី និងចម្រៀងកំដរ យ៉ាងទ្រហឹងអឺងកង លាយឡំនិងសំណើចវោហារ ក៏ដូចជាពាក្យជូនពររបស់ក្រុមមន្រ្តី។ ពេលកំពុងសប្បាយនិងជ័យជំនះក្នុងចំណោមមនុស្សយ៉ាងកុះករនោះ ព្រះអង្គបាននឹក ឃើញដល់ខ្លឹមសារក្នុងកូនសំបុត្រម្តងទៀត។ ព្រះអង្គក៏នឹកត្រិះថា “អ្វីៗនាពេលនេះ នឹងកន្លងហួស បើអញ្ចឹង ការសប្បាយពេលនេះ ក៏នឹងកន្លងហួសដែរ......” ។
ទោះស្ថិតក្នុងស្ថានភាពលំបាកក៏ដោយ ងាយស្រួលក៏ដោយ ក្នុងភាពរីករាយក្តី ក្នុងភាពសៅហ្មងក្តី អ្វីៗដែលអ្នកជួបក្នុងគ្រានេះ នឹងកន្លងហួស។ យុទ្ធសាស្រ្តយកឈ្នះគ្រប់ស្ថានការណ៍ ក្នុងរឿងព្រេងនេះ គឺ "អ្នកអ្នកមិនត្រូវបណ្តោយខ្លួនឲ្យធ្លាក់ក្នុងភាពអស់សង្ឃឹមឡើយ អ្នកត្រូវតែមានសង្ឃឹម និងសុទិដ្ឋិនិយមចំពោះការប្រែប្រួលនៅពេលខាងមុខ"៕
1 comment:
It is really meaningful.
Post a Comment