ដោយៈ តេង សំអាន
“ គ្មានការសម្រេចចិត្ត គឺគ្មានភាពជោគជ័យ! ”
“ ភាពជោគជ័យមួយ ជាចំណុចចាប់ផ្តើមនៃគោលដៅថ្មីមួយទៀត
ហេតុនេះ មានការសម្រេចចិត្តរាប់មិនអស់ដែលអ្នកត្រូវធ្វើ! ”
“ ការសម្រេចចិត្តអាចជួយឲ្យអ្នកក្លាយជាជនជោគជ័យ ឬជនដែលបាត់បង់អ្វីៗទាំងអស់! ”
“ ការសម្រេចចិត្ត ជាកតព្វកិច្ច និង ជម្រើសនៃជីវិត!!! ”
“ ភាពជោគជ័យមួយ ជាចំណុចចាប់ផ្តើមនៃគោលដៅថ្មីមួយទៀត
ហេតុនេះ មានការសម្រេចចិត្តរាប់មិនអស់ដែលអ្នកត្រូវធ្វើ! ”
“ ការសម្រេចចិត្តអាចជួយឲ្យអ្នកក្លាយជាជនជោគជ័យ ឬជនដែលបាត់បង់អ្វីៗទាំងអស់! ”
“ ការសម្រេចចិត្ត ជាកតព្វកិច្ច និង ជម្រើសនៃជីវិត!!! ”
ការសម្រេចចិត្តជា ការចាប់យកឱកាសមួយក្នុងចំណោមបណ្តាឱកាសដែលមាន ឬ ជ្រើសយកជម្រើស មួយក្នុងចំណោមជម្រើសដទៃ។ ការសម្រេចចិត្តរបស់មនុស្សម្នាក់ៗ នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិត ភាពជោគជ័យ និងការរស់នៅរបស់ពួកគេ។មនុស្សម្នាក់ៗត្រូវធ្វើការសម្រេចចិត្តច្រើនរាប់មិនអស់នៅក្នុងមួយជីវិត មានទាំងការការសិក្សា ការជ្រើសយកគូជីវិត ការរើសយកអាជីពឬរបៀបរស់នៅ ការរើសយករបស់របរប្រើប្រាស់ ការរើសយកវិធីប្រើប្រាស់ ធនធានដែលមាន លើសពីនេះ មានការសម្រេចចិត្តលើកិច្ចការប្រចាំថ្ងៃ និងកិច្ចការតូចតាច រាប់រយបែប រាប់រយជំពូក។
ប៊ីល ហ្គេត សម្រេចចិត្តបោះបង់ការសិក្សានៅមហាវិទ្យាល័យ ដើម្បីផ្តោតការយកចិត្តទុកដាក់លើការបង្កើត និងគ្រប់ គ្រងក្រុមហ៊ុន ម៉ៃក្រូសូហ្វ។ ការសម្រេចចិត្តរបស់គាត់នាគ្រានោះ បានធ្វើឲ្យគាត់ទទួលបាន ជោគជ័យ និង ក្លាយជាមហាសេដ្ឋីដែលមានទ្រព្យច្រើនជាងគេយ៉ាងឆាប់រហ័ស។ លើសពីនេះ ការសម្រេចចិត្តនោះ ក៏បាន នាំមកនូវការផ្លាស់ប្តូរយ៉ាងច្រើនដល់ពិភពលោក តាមរយៈផលិតផលដែលក្រុមហ៊ុនរបស់គាត់ បានបង្កើតឡើង។ ភាពជោគជ័យរបស់គាត់នេះ ជាជម្រើសមួយក្នុងចំណោមជម្រើសជាច្រើនដែលគាត់ជ្រើសយក។ ឧទាហរណ៍នេះ គ្មានន័យជម្រុញឲ្យអ្នកបោះបង់ការសិក្សាទៅចាប់យក អាជីពមួយនោះទេ ប៉ុន្តែមានគោលបំណងបង្ហាញអ្នកនូវសារៈសំខាន់របស់វា។
តើការសម្រេចចិត្តអាចប៉ះពាល់អ្នកយ៉ាងដូចម្តេច?
អនាគតរបស់អ្នកៈ អ្នកត្រូវយល់ថា ការសម្រេចចិត្តរបស់អ្នកនាពេលនេះ នឹងប៉ះពាល់ដល់ថ្ងៃស្អែក ថ្ងៃខានស្អែក សប្តាហ៍ក្រោយ ខែក្រោយ ឆ្នាំក្រោយ ឬក៏អនាគតរបស់អ្នកតែម្តង។
ឧបមាថា អ្នកចង់ក្លាយជាគ្រូបង្រៀនភាសារអង់គ្លេសនៅថ្ងៃអនាគត អ្នកសម្រេចចិត្ត ជ្រើសរើសយកជំនាញភាសារអង់គ្លេស ហើយចូលរៀននៅមហាវិទ្យាល័យមួយ។ ការសម្រេចនេះ និងនាំឲ្យអ្នកចំណាយ ធនធាន និង ពេលរយៈពេល ៤ឆ្នាំ ដើម្បីសម្រេចគោលដៅ។ រយៈពេលខ្លីយើងឃើញថា ការសម្រេចចិត្ត របស់អ្នកនៅពេលនេះ នឹងប៉ះពាល់អ្នក៤ឆ្នាំយ៉ាងហោច។
ឧបមាទៀតថា អ្នកបានក្លាយជាគ្រូបង្រៀនភាសារនៅពេលបញ្ចប់ការសិក្សា អ្នកធ្វើការបានមួយរយៈពេល ហើយយល់ឃើញថា ការងារក្នុងវិស័យអប់រំ មិនអាចឲ្យអ្នកមានជីវភាពរស់នៅបានសមបំណង ប្រាថ្នាដែលបានគិត និងគ្មានឱកាសអភិវឌ្ឍន៍ច្រើនដូចក្នុងវិស័យដទៃដូចជាពាណិជ្ជកម្មជាដើម។ អ្នកមានបំណងផ្លាស់ប្តូរការងារ។ ពេលនោះតើអ្នកត្រូវចំណាយពេលប៉ុន្មានដើម្បី សិក្សាជំនាញថ្មី បើទៅសាលា វាទាមទារ ២ទៅ ៤ឆ្នាំ បើចង់ចាប់ផ្តើមពីបុគ្គលិកតូចតាច វាចំណាយពេលច្រើនហើយមិនប្រាកដប្រជាផង។ មកដល់ចំណុចនេះ តើអ្នកដឹងថាការសម្រេចចិត្តរបស់អ្នកនៅពេលនេះ អាចប៉ះពាល់អ្នករយៈពេល ប៉ុន្មាន? ចម្លើយគឺ ៤ឆ្នាំសម្រាប់សិក្សា បូក ២ ទៅ៤ឆ្នាំសម្រាប់សិក្សាជំនាញថ្មី ឬចាប់ផ្តើមការងារថ្មី ដែលសរុបមកគឺ ៦ ទៅ៨ឆ្នាំ។
ជាមួយនឹងឧទាហរណ៍ ដដែល បើអ្នកបន្តនៅជាគ្រូបង្រៀន វានឹងប៉ះពាល់ជីវភាពរបស់អ្នកមួយជីវិតតែ ម្តង។ អ្វីៗដែលកើតឡើងនៅថ្ងៃស្អែក មួយចំណែកជាលទ្ធផលនៃការសម្រេចចិត្តរបស់ អ្នក។
ធនធានៈ នៅពេលដែលអ្នកសម្រេចចិត្តធ្វើអ្វីមួយ អ្នកត្រូវចំណាយពេលនឹងធនធានទៅលើកិច្ចការនោះ។ បើសម្រេចចិត្តសិក្សា អ្នកត្រូវចំណាយពេល និងថ្លៃឈ្នួលសាលា ក៏ដូចជាចំណាយប្រចាំថ្ងៃលើការរស់នៅ។ ពេលវេលាជាធនធានមួយមានតម្លៃបំផុត និងមិនអាចរកវិញបានឡើយ។ លើផ្នែកជំនួញក៏ ដូចគ្នា បើអ្នកសម្រេចចិត្តត្រូវ ធនធានរបស់អ្នកនឹងកើនឡើង តែបើខុស អ្នកប្រាកដជាខាតបង់ទាំង ធនធាន ទាំងអាជីពក៏មាន។
ឱកាសៈ អ្នកក៏ត្រូវយល់ផងដែរថា ការសម្រេចចិត្តរបស់អ្នកនឹងប៉ះពាល់ដល់ឱកាសរបស់អ្នក ព្រោះការ សម្រេចចិត្ត ជាការជ្រើសយកជម្រើសមួយក្នុងចំណោមជម្រើសដទៃ ជាការចាប់យកឱកាសមួយក្នុង ចំណោមឱកាសដទៃ។ មានមនុស្សភាគច្រើនណាស់ដែលតែងនិយាយថា “សូមផ្តល់ឱកាសឲ្យខ្ញុំម្តងទៀត!” ដែលមានន័យថា ឱកាសអាចកើតឡើងវិញ។ ខ្ញុំយល់ផ្ទុយពីទស្សនៈនេះបន្តិច គឺខ្ញុំគិតថា “ឱកាសមួយ កើតឡើងតែម្តងទេ បើបាត់បង់ហើយ គឺបាត់បង់រហូត”។ បើអ្នកដទៃនិយាយថា “ខ្ញុំផ្តល់ឱកាសឲ្យអ្នកម្តងទៀត” គឺមានន័យថា “ ជាឱកាសមួយថ្មី” មិនមែនឱកាសដដែល ឬឱកាសចាស់កើតឡើងវិញឡើយ ដោយសារទស្សនៈរបស់បុគ្គលនោះនិងអ្នកជុំវិញចំពោះអ្នកគឺមិនដូចមុន បរិយាកាសក៏មិនដូចមុន ភាពជោគជ័យរបស់អ្នកមានតិចជាងមុន ភាពបរាជ័យរបស់អ្នកក៏កាន់តែខ្ពស់ដែលក្នុងស្ថានភាពខ្លះ គឺស៊ឹងតែគ្មានភព្វតែម្តង។
ហេតុអ្វីចាំបាច់ត្រូវតែសម្រេចចិត្ត?
ឧបមាថា អ្នកបានដើរមកដល់ផ្លូវបំបែកមួយ (ដូចក្នុងរូបភាព)។ ផ្លូវមួយអាចនាំអ្នកទៅរកភាពរីកចំរើន ឯផ្លូវមួយទៀតអាចនាំអ្នកទៅរកភាពបរាជ័យ។ តើអ្នកត្រូវឈប់នៅត្រឹមផ្លូវបំបែក ឬក៏យ៉ាងណា? ជាចម្លើយ អ្នកមិនត្រូវឈប់នៅទីនោះឡើយ ព្រោះថាបើអ្នកសម្រេចចិត្តដើរទៅមុខ អ្នកអាចដឹងថា ផ្លូវដែលអ្នកកំពុងដើរនោះត្រូវឬខុស។ បើត្រូវអ្នកអាចដើរបន្តទៅមុខទៀតបាន តែបើខុស អ្នកអាចត្រលប់ ក្រោយ ហើយរើសយកផ្លូវមួយទៀតបាន។ ផ្ទុយមកវិញ បើអ្នកឈប់ អ្នកនឹងបាត់បង់ឱកាសគ្រប់យ៉ាង ដែលនៅខាងមុខ។ អ្នកប្រាកដជាគិតថា បើអ្នកឈប់ គឺវាមានសុវត្ថិភាពបំផុត តែ អ្នកត្រូវដឹងថា អ្នក មិនមែនដើរលើផ្លូវមួយតែឯងឡើយ។ អ្នកមានគូប្រជែងជានិច្ចក្នុងការរស់នៅក្តី ក្នុងបរិបទការងារក្តី ក្នុង បរិបទជំនួញក្តី។ ដើម្បីឲ្យងាយយល់ សូមមើលរូបទីបីខាងក្រោម។
មានអ្នកផ្សេងៗទៀតបានមកដល់ចំណុចដូចគ្នា ឬកំពុងតែតាមអ្នក តើអ្នកត្រូវឈប់ឬក៏យ៉ាងណា?
តើកត្តាអ្វីមានឥទ្ធិពលលើការសម្រេចចិត្តរបស់អ្នក?
ព័ត៌មាន និងការវិភាគៈ ព័ត៌មានអាចជួយឲ្យការសម្រេចចិត្តរបស់អ្នកធ្វើបានត្រឹមត្រូវ។ ពត៌មាន ជាក៏ដូចជាពេលវេលា មានតម្លៃមិនចាញ់មាសប្រាក់ឡើយ។ បុគ្គលណាដែលអាចទទួល និងគ្រប់គ្រងព័ត៌មានបានច្រើន ទទួលឱកាសជោគជ័យច្រើន។ ដូចច្នេះដើម្បីសម្រេចចិត្តបានត្រឹមត្រូវ អ្នកត្រូវប្រមូល ព័ត៌មានដែលទាក់ទងឲ្យបានច្រើនបំផុត។ អ្នកប្រហែលមានចម្ងល់ថា តើអ្នកត្រូវប្រមូលយកព័ត៌មាន ពីណា? និយាយឲ្យងាយអ្នកអាចរកបានពី មធ្យោបាយផ្សព្វផ្សាយ តាមរយៈទូរទស្សន៍ កាសែត វិទ្យុ សៀវភៅ អ៊ីនធើណិត និងមធ្យោបាយទាក់ទងផ្សេងៗទៀត។ លើសពីនេះ អ្នកអាចរក ពីអ្នកដែលនៅ ជុំវិញអ្នក ដូចជា ឪពុកម្តាយ សាច់ញាតិ មិត្តភក្តិ បុគ្គលមានបទពិសោធន៍ គ្រូបង្រៀនរបស់អ្នក អ្នកពិគ្រោះយោបល់ ឬអ្នកស្រាវជ្រាវ។
ចំណុចដែលអ្នកត្រូវយកចិត្តទុកដាក់ គឺត្រូវជ្រើសរើសយកព័ត៌មានដែលត្រឹមត្រូវ ពីព្រោះសម័យកាល នេះ ជាសម័យកាលដែលមានព័ត៌មានហូរហៀរ ដែលទាមទារការជ្រើសរើស និងវិភាគឲ្យបានត្រឹមត្រូវ។
ធនធានៈ ការសម្រេចចិត្តភាគច្រើនក៏ពាក់ព័ន្ធទៅនឹងធនធានដែលមនុស្សម្នាក់ៗមានដែរ។ បុគ្គលដែល មានធនធានច្រើន ហ៊ានធ្វើការសម្រេចចិត្តបានលឿន និងច្រើនដងលើសពីអ្នកដែលក្សត់ខ្សោយជាង។ អញ្ចឹង បើអ្នកគ្មានធនធាន អ្នកមិនចាំបាច់សម្រេចចិត្តទេឬ? មិនមែនដូច្នេះឡើយ ដូចដែលបានរៀបរាប់ ពីខាងលើ មនុស្សយើងមានការសម្រេចចិត្តរាប់មិនអស់។ តែបើពាក់ព័ន្ធធនធាន អ្នកត្រូវពឹងផ្អែកលើ ព័ត៌មាននិងការវិភាគរបស់អ្នកជាចាំបាច់។
ពេលវេលាៈ ការសម្រេចចិត្តឆាប់ពេក ឬយឺតពេក សុទ្ធតែជះឥទ្ធិពលមិនល្អដូចគ្នា។ អ្នកត្រូវតែជ្រើស រើសពេលវេលាឲ្យបានសមស្រប កុំឲ្យបញ្ហាដែលអ្នកដោះស្រាយនោះ ក្លាយជាបញ្ហាធ្ងន់ធ្ងរដោះស្រាយ មិនបាន។ ខ្ញុំបានអានអត្ថបទមួយ អំពីអ្នកបើកបរយន្តហោះចម្បាំង។ អត្ថបទនោះបានរៀបរាប់ថា អ្នកបើកបរ មានរយៈពេលតែ ៦ ទៅ ១២ វិនាទី ប៉ុណ្ណោះ ដើម្បីគេចចេញពីគ្រោះថ្នាក់ នៅពេលយន្តហោះ ឆេះ ឬ មានបញ្ហានៅលើអាកាស។ ក្នុងអំឡុងពេលនេះ អ្នកបើកបរត្រូវសម្រេចចិត្តឲ្យលឿនបំផុត រវាង សុវត្ថិភាព ភាពក្លាយជាចំណាប់ខ្មាំងរបស់សត្រូវ និង ការបោះបង់យន្តហោះដែលមានតម្លៃរាប់ លាន ដុល្លារ។ ក៏ដូចគ្នាដែរ ឧបមាថា អ្នកកំពុងបើកបរលើដងផ្លូវក្នុងល្បឿនលឿន តើអ្នកមានពេលប៉ុន្មាន ដើម្បី គេចចេញពីឧបសគ្គ ឬ គ្រោះថ្នាក់នៅខាងមុខ។ បើគិត និងសម្រេចមិនទាន់ លទ្ធផលប្រាកដជាគ្រោះថ្នាក់មិនខាន។ និយាយយ៉ាងខ្លី ពេលវេលាមានសារៈសំខាន់ណាស់ សម្រាប់ការសម្រេចចិត្តរបស់អ្នក។
អារម្មណ៍ៈ អារម្មណ៍អាចប៉ះពាល់ដល់គុណភាពនៃការសម្រេចចិត្ត។ អ្នកមិនត្រូវប្រើអារម្មណ៍ ដោយ មិនគិតពិចារណាឲ្យបានល្អិតល្អន់ ពីហេតុនិងបញ្ច័យ ពីគុណវិបត្តិនិងគុណសម្បត្តិ ពីការពិតនិងក្តីស្រមៃ ដើម្បីសម្រេចចិត្តឡើយ។ នៅពេលដែលអ្នកមានអារម្មណ៍មិនល្អ យកល្អអ្នកគួរសួរខ្លួនឯង ថានៅខណៈនោះ អ្នកគួរធ្វើការសម្រេចចិត្តដែរឬទេ? វាអាចឆាប់ពេក ពីព្រោះអ្នកមិនបានពិចារណា ឬ ការសម្រេចនោះ មិនមែនជាសុឆន្ទៈរបស់អ្នក។
អ្វីជាកត្តាអាចជួយឲ្យអ្នកសម្រេចចិត្តបានប្រសើរជាងមុន?
ចក្ខុវិស័យៈ អ្នកត្រូវមានចក្ខុវិស័យ ឬគោលដៅច្បាស់លាស់ទៅអនាគត ។ ចក្ខុវិស័យ នាំឲ្យអ្នកពិចារណា អំពីផ្លូវដែលអ្នកត្រូវដើរ និង កិច្ចការដែលអ្នកត្រូវធ្វើ។ គោលដៅ ផ្លូវដែលត្រូវដើរ និងកិច្ចការដែលត្រូវធ្វើនិងបង្កើតប្រព័ន្ធមួយសម្រាប់ការសម្រេចចិត្តរបស់អ្នក។ ប្រព័ន្ធនេះ ផ្តល់នូវ អាទិភាពនៃកិច្ចការដែល អ្នកត្រូវធ្វើ ពេលវេលាដែលអ្នកត្រូវធ្វើ ឬសម្រេចធ្វើ និងការថ្លឹងថ្លែងពីធនធានដែលអ្នកត្រូវប្រើ។ មនុស្សពិការភ្នែកអាចដើរទៅដល់គោលដៅ របស់គាត់ ព្រោះគាត់មានគោលដៅច្បាស់លាស់ជាមុន។ គាត់ជ្រើសរើសផ្លូវ និងរបៀបចៀសវៀងពី ឧបសគ្គទាំងឡាយ។ កិច្ចការនេះមិនងាយស្រួលនោះទេ ហើយជាការពិតណាស់ វាជាសមត្ថភាពមួយដ៏គួរឲ្យកោតសរសើររបស់គាត់។ ហេតុនេះ អ្នកមិនត្រូវដើរដោយគ្មានគោលដៅឡើយ ។
សុទិដ្ឋិនិយមៈ សុទិដ្ឋិនិយម ជាគំនិតវិជ្ជមាន យល់ឃើញហេតុការណ៍ ក្នុងផ្លូវត្រូវ ផ្លូវពោពេញដោយឱកាស និងក្តីសង្ឃឹម។ សុទិដ្ឋិនិយម ជាកម្លាំងជម្រុញឲ្យអ្នកហ៊ានសម្រេច និងហ៊ានធ្វើ។ ឧបមាថា អ្នកត្រូវធ្វើកិច្ចការមួយ បើអ្នកយល់ថា អ្នកមិនអាចធ្វើបាន (ដែលជាគំនិតអវិជ្ជមាន) អ្នកប្រហែលនឹងបោះ បង់កិច្ចការនោះ ឬគ្រាន់តែធ្វើឲ្យរួចពីដៃ។ បើអ្នកមានគំនិតអវិជ្ជមានចំពោះបុគ្គលម្នាក់ អ្នកប្រហែលនឹង បោះបង់ឱកាសស្គាល់និងស្វែងយល់ពីបុគ្គលនោះមិនខាន តែបើអ្នកបើកចិត្តឲ្យទូលាយ អ្នកអាចចាប់ ផ្តើមទំនាក់ទំនងជាមួយគេបាន។ បើអ្នកយល់ថាមុខវិជ្ជាមួយដែលអ្នកកំពុងសិក្សា គ្មានប្រយោជន៍ អ្នកនឹងបោះបង់ឱកាស ទាញយកប្រយោជន៍ពីមុខវិជ្ជានោះមិនខាន។ មនុស្សម្នាក់ៗមិនមែនមានតែ សុទិដ្ឋិនិយមរាល់ពេលនោះឡើយ ប៉ុន្តែសុំកុំឲ្យទុទិដ្ឋិនិយមជះឥទ្ធិពលគ្របដណ្តប់ខ្លួនអ្នកទាំងមូល។
គុណភាពព័ត៌មានៈ ការសម្រេចអ្វីមួយ ពឺងផ្អែកយ៉ាងខ្លាំងលើព័ត៌មាន ហេតុនេះអ្នកត្រូវជ្រើសរើស វាពីប្រភពដែលអាចជឿជាក់បាន។ ប្រភពទាំងនេះមានដូចជាស្ថាប័នស្រាវជ្រាវ ឬបុគ្គលដែលគេទទួល ស្គាល់ជាដើម។ អ្នកក៏ត្រូវចាំថា ព័ត៌មាន មានភាពការប្រែប្តូរ រៀងរាល់គ្រប់វិនាទីទាំង អស់។ បើនិយាយឲ្យខ្លី អ្នកត្រូវប្រមូលព័ត៌មានដែលទាន់សភាពការណ៍ពីប្រភពដែលអាចជឿជាក់បាន។
សមត្ថភាពវិភាគៈ ការវិភាគ ជាពិសេសលើព័ត៌មានដែលអ្នកបានទទួល និងហេតុការណ៍ ដែលអ្នកបានឃើញឬឮ បានត្រឹមត្រូវនាំឲ្យអ្នកសម្រេចបានត្រឹមត្រូវ។ សមត្ថភាពវិភាគនេះកើតចេញពីទម្លាប់នៃការ គិត ការសិក្សា និងសង្កេតមើលពីមនុស្សនិងបរិស្ថានសង្គមជុំវិញខ្លួន។
ការបើកចំហរនៃគំនិត និង ការទទួលខុសត្រូវៈ ចំណុចមួយទៀតដែរ អ្នកត្រូវបើកចិត្តគំនិតឲ្យទូលាយ ស្តាប់និងទទួលយកយោបល់អ្នកដទៃ កុំមានមោទនភាពហួសហេតុនឹងគំនិតរបស់ខ្លួនឯង។ រាល់យោបល់ របស់អ្នកដទៃសុទ្ធតែមានប្រយោជន៍ចំពោះអ្នក បើទោះបីយោបល់នោះមិនត្រឹមត្រូវ ក៏អ្នកនូវតែទទួល បានប្រយោជន៍ដែរគឺអ្នកអាចស្វែងយល់ពីចេតនា ចិត្តគំនិត របស់អ្នកដែលឲ្យយោបល់នោះបាន។ លើស ពីនេះ អ្នកក៏ត្រូវបើកចិត្តឲ្យទូលាយ ទទួលយកភាពខុស ទទួលយកភាពត្រូវ។ បើអ្នកសម្រេចចិត្តធ្វើអ្វី មួយខុស ហើយមិនទទួលកំហុស អ្នកគ្មានឱកាសអាចកែកំហុសនោះបានឡើយ។ ផ្ទុយមកវិញ បើអ្នក ទទួលយក អ្នកអាចបកក្រោយ គិតគូរធ្វើកិច្ចការនោះសារឡើងវិញបាន។ ការទទួលយកកំហុសរបស់ ខ្លួនឯង ជាការចាប់ផ្តើមនៃការអភិវឌ្ឍន៍របស់មនុស្សម្នាក់ៗ៕
2 comments:
Very Good Article and meaningful.
WIN
http://creativeideasolutions.com
email: win@creativeideasolutions.com
cheap jordans
air max 2018
moncler jacket
golden goose sneakers
fila shoes
valentino
off white
nike air max 2019
curry 4
kate spade handbags
Post a Comment