ជីវិតពិត នៃកុមារម្នាក់ដែលបាត់បង់ឱកាស
និពន្ធដោយៈ តេង សំអានរតនគិរី ជាខេត្តមួយមានចំការកៅស៊ូច្រើនគួរសម ចំការទាំងនេះភាគច្រើន បន្សល់ទុកតាំងពី សម័យសង្គមរាស្រ្តនិយមមកម៉្លេះ។ ចំការកៅស៊ូទាំងនេះ ជាប្រភព ផ្តល់ចំណូលដល់ ខេត្ត ក៏ដូចជាផ្តល់ការងារឲ្យប្រជាជន។ ដោយសារ ប្រជាជនក្នុងខេត្ត នេះ ភាគច្រើនជាក្រុមកុលសម្ព័ន្ធរស់នៅពឹងផ្អែកលើការធ្វើកសិកម្មពនេចរ បរបាញ់សត្វ និងប្រមូលអនុផលព្រៃឈើ ពួកគេមិនចាប់អារម្មណ៍នឹងការងារដែលផ្តល់ដោយចំការ កៅស៊ូទាំងនេះឡើយ។ ចំការកៅស៊ូទាំងនោះ ផ្ទុយមកវិញ បានទាក់ទាញចំណូលស្រុក មកពីតាមបណ្តាខេត្តនានាឲ្យមករស់នៅ និងប្រកបរបរចៀរជ័រដើម្បីចិញ្ចឹមជីវិត។ ទឹកដីថ្មី ផ្តល់ឱកាសថ្មី ប៉ុន្តែក៏ជាកន្លែងដែលត្រូវប្រឈមនឹងគម្រាមកំហែងថ្មីដែរ។ បញ្ហាមួយដែល ពួកគេត្រូវប្រឈមមុខខ្លាំងបំផុតនោះ គឺជម្ងឺគ្រុនចាញ់ ដែលជាមជ្ជុរាជដ៏សាហាវអាចឆក់ យកជីវិតអ្នកជម្ងឺម្នាក់តែក្នុងរយៈពេលបីបួនថ្ងៃប៉ុណ្ណោះ។
ក្នុងកំឡុងឆ្នាំ ២០០២ ក្នុងចំណោមចំណូលស្រុកថ្មីៗ មានគ្រួសារមួយបានចូលមករស់នៅ។ គ្រួសារនេះមានកូនបួននាក់។ មករស់នៅបានពីរបីឆ្នាំ ប្តីប្រពន្ធទាំងពីរនាក់ ក៏ស្លាប់ចោលកូនទាំងបួននាក់។ បន្ទុកគ្រួសារក៏ធ្លាក់មកលើ កូនស្រីច្បង និង កូនស្រីបន្ទាប់ ដែលស្ថិតក្នុងបឋមវ័យនៅឡើយ។ ក្រោយមក កូនច្បងនោះ នាងក៏បានរៀបការជាមួយនឹងបុរសម្នាក់ដែលជា កម្មករចៀរជ័រដូចគ្នា។ គ្រួសារនេះមានជីវភាពខ្វះមុខ ខ្វះក្រោយ។ ប្អូនៗទាំងពីរដែលនៅតូចនៅឡើយពុំមានលទ្ធភាពទៅសាលារៀននឹងគេទេ។
ពេលវេលាកន្លងទៅយ៉ាងឆាប់ គូភរិយាថ្មីនេះក៏បានទទួលនូវចំណងដៃថ្មីមួយ នៃជីវិតគូភរិយាស្វាមី គឺការចាប់កំណើតនៃកូនប្រុសម្នាក់ គឺហុងម៉េង។ កំណើតរបស់ ហុងម៉េងជាក្តីរីករាយមួយ តែក៏ជាបន្ទុកដ៏ធំមួយសម្រាប់គ្រួសារក្រីក្រមួយនេះ។ ក្រោយពីចាប់ កំណើតមិនយូរប៉ុន្មាន ម្តាយហុងម៉េង ក៏ធ្លាក់ខ្លួនឈឺ ហើយ ក៏ស្លាប់បាត់បង់ជីវិតទៅ។ ហុងម៉េងមិនទាន់ទាំងដឹងក្តី និងស្គាល់មុខម្តាយផង រូបគេបានក្លាយជាក្មេងកំព្រា ម្តាយរួចទៅហើយ។ ក្រោយមរណភាពម្តាយ ឪពុករបស់គេ ក៏បានទុកឲ្យ កុមារកំព្រាម្នាក់នេះនៅជាមួយម្តាយមីង ដែលជាប្អូនស្រីបង្កើតរបស់ម្តាយវា ហើយគាត់ក៏បានត្រាច់ចរ រកការងារ ធ្វើពីកន្លែងមួយ ទៅកន្លែងមួយ រហូតបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី។
បន្ទុកគ្រួសារ ក្រោយពេលឪពុកហុងម៉េងចាកចេញ ក៏ត្រូវធ្លាក់មកលើម្តាយមីង។ នាងត្រូវចិញ្ចឹមប្អូនពីរនាក់ ដែលប្អូនពៅមានអាយុប្រមាណ៥ឆ្នាំ និងក្មួយដែលមិនទាន់ដឹងក្តីម្នាក់ទៀត។ យូរៗម្តង ឪពុកហុងម៉េង ផ្ញើលុយមកម្តង ប៉ុន្តែមិនគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់ជីវភាពគ្រួសារក្រីក្រនេះឡើយ។
ម្តាយមីង ដែលស្ថិតក្នុងវ័យជំទង់ បានទទួលភារៈដ៏ធ្ងន់ធ្ងរ ជាម្តាយមីង ជាបងស្រី ជាអ្នករកចំណូលផ្គត់ផ្គង់គ្រួសារ។ ការងារជាកម្មករចៀរជ័រ មិនអាចឲ្យនាងរកចំណូលបាន គ្រប់គ្រាន់ទេ ដោយខ្វះកម្លាំងផងខ្លួនជាស្រ្តីផង ម្ល៉ោះហើយដើម្បីបង្រ្គប់ការទំនុកបំរុងប្អូនៗ និងក្មួយ ក្រោយពេលចៀរជ័រនាងបាននាំប្អូនៗដើររើសជ័រ (ជ័រចាន ជ័រដី ជ័រមុខពន្លាក) ដែលនៅសេសសល់ នៅចំការកៅស៊ូក្បែរខាងដើម្បីលក់។ ជាអកុសល ថ្ងៃមួយម្ចាស់ចំការក៏ទាន់ ហើយបានចាប់នាងយកទៅកាន់សាលាឃុំ។
តើវាសនាប្អូនៗនឹងក្មួយទៅជាយ៉ាងណា បើអ្នកទទួលភារៈ និងជាសរសរទ្រូងគ្រួសារត្រូវជាប់ឃុំ? ជាសំណាងល្អ មានជន្ទុកឃុំម្នាក់ បានជួបនាងនៅសាលាឃុំ គាត់មានចិត្តអាណិត និង ចង់ផ្សំផ្គុំនាងជាមួយបុរសម្នាក់ដែលជាកម្មករយាមចំការរបស់គាត់។ ជន្ទុកឃុំរូបនោះ ក៏បានធានានាងឲ្យនាងឲ្យនៅក្រៅឃុំ និង ជួយជ្រុំជ្រែងចាត់ ចែងរៀបចំ ផ្សំផ្គុំសែនព្រេននាងជាមួយនឹងកម្មករចាំចំការរបស់គាត់ ឲ្យបានគ្នាជាប្តីប្រពន្ធ។ ថ្វីត្បិតតែប្តីរបស់នាងមិនមែនជាកូនកំព្រាដូចនាង គាត់ជាកូនប្រុសច្បងដែលមានប្អូនៗដល់ទៅ ៧នាក់ នៃគ្រួសារក្រីក្រមួយ។ ទាំងប្តី និង ប្អូនៗថ្លៃរបស់នាង មិនបានចូលរៀនសូត្រនឹងគេទេ ផ្ទុយទៅវិញពួកគេត្រូវចេញទៅរស់ផ្ញើខ្លួន ជាអ្នកស៊ីឈ្នួល ជាកម្មករ ឬ អ្នកនៅជាមួយគេដើម្បី ទទួលបានប្រាក់ខែមួយបន្តិចបន្តួច នឹងជាថ្នូរនឹងការហូបចុកប្រចាំថ្ងៃ។ ការស្លៀកពាក់ ហូបចុក កំសាន្ត និង ថ្នាក់ថ្នម ដែលពួកគេ គួរទទួលបានក្នុងឋានៈជាមនុស្សរស់ នៅក្នុងសង្គមមួយ ត្រូវបាត់បង់ស្ទើរទាំងស្រុង ដោយសារជីវភាព។ បាយម្ហូបមួយចានៗ ខោអាវមួយសម្រាប់ៗ លុយកាក់តិចតួច ដែលពួកគេទទួលបាន ជាតម្លៃនៃញើស ជាតម្លៃនៃឈាម និងជាតម្លៃនៃការលះបង់ឱកាសដែលក្មេងដទៃកំពុងមាន។
កន្លងទៅមួយឆ្នាំ គ្រួសារថ្មីនេះ បានផ្តល់កំណើតដល់ កូនស្រីម្នាក់។ កុមារីម្នាក់នេះ អាយុប្អូនហុង ម៉េង ប្រហែលមួយ ទៅមួយឆ្នាំកន្លះប៉ុណ្ណោះ។ ពេលនេះ ចំណីចំណុក និងអ្វីៗដែល ហុងម៉េង ធ្លាប់ទទួលបានពីម្តាយមីងត្រូវចែក រំលែកជាមួយ នឹងកូនបង្កើតរបស់ម្តាយមីងគេ។ នៅពេលអានមកដល់ចំណុចនេះ អ្នកប្រាកដជាអាច ស្មានបានហើយថា រវាងកូនបង្កើត និងក្មួយ បើទោះជាស្រឡាញ់យ៉ាងណា ក៏នៅតែលំអៀងដែរ។
ក្នុងសភាពហូបចុក និងថែទាំ មិនបានគ្រប់គ្រាន់ កុមារអភ័ព្វ ហុងម៉េង ក៏ធ្លាក់ខ្លួនឈឺ។ ជីវភាពខ្វះមុខខ្វះក្រោយនៃគ្រួសារដែលគេផ្ញើរខ្លួនជាមួយនេះ មិនអាចផ្តល់ ឲ្យគេ នូវការព្យាបាលឲ្យបានដិតដល់ឡើយ។ គ្រាដែលទើបតែបានអាយុបីឆ្នាំ ក្រៅពីបាត់បង់ការថ្នាក់ថ្នម ការស្រឡាញ់ និងរក្សាពីឪពុកម្តាយ រូបគេថែមទាំងខ្វះ អាហារូបត្ថម្ភ និងបៀតបៀនដោយជម្ងឺទៀត។ ពីមួយថ្ងៃទៅមួយថ្ងៃ សុខភាពកាន់តែ ទ្រុឌទ្រោមទៅៗ កុមារនេះ មានរូបកាយស្គមស្គាំងរហូតដើរលែងចង់រួច។ ជួនវា ជួនដើរនៅក្នុង ចំការធ្វើឲ្យខ្លួនរបស់ គេមុតបន្លា និងកើតដំបៅក្លាយរលេះរលួយពេញខ្លួន។
ក្នុងសភាពស្គមស្គាំង ភ្នែករូង ស្បែកដណ្តប់ឆ្អឹង និង ដំបៅរលេះរលួយពេញខ្លួន នេះ ជាទិដ្ឋភាពមួយគួរឲ្យសង្វេគពេកក្រៃ។ ក្នុងសភាពបែបនេះ ម្តាយមីង និង ឪពុកមារ បានគិតថា កុមារដ៏គួរឲ្យអាណិតម្នាក់នេះ កើតជម្ងឺអេដស៍ ឬថ្លើម ហើយអាចស្លាប់ ក្នុងពេលដ៏ខ្លីខាងមុខ។ ឪពុកមារបស់គេ បានសង់កូនខ្ទមតូចមួយ ទំហំប្រហែល ៥ គុណ ៨ តឹក ក្រាលឫស្សី នឹងប្រក់និងបាំងដោយកៅស៊ូផ្លាស្ទិច។ ហុងម៉េងត្រូវដាក់ ឲ្យដេកក្នុងខ្ទមនេះ ដើម្បីរង់ចាំថ្ងៃស្លាប់ ក្នុងសភាពដែលគេបង់បោះចោល។ គេដេក ក្នុងខ្ទមនេះដោយគ្មានមុង គ្មានភួយលើកំរាល ការ៉ុង ក្នុងតំបន់ដែលមានជម្ងឺគ្រុន ចាញ់ដ៏សាហាវដែលអាចសម្លាប់គេក្នុងរយៈពេលតែបី ទៅប្រាំពីរថ្ងៃ។
ប្រហែលទិដ្ឋភាពខ្លោចផ្សារ និងអណោចអធមនិងដក់ជាប់នៅក្នុងអារម្មណ៍របស់ អ្នក បើអ្នកបានឃើញដោយផ្ទាល់ភ្នែក នូវសភាពដែលគេដេក និង ស្ថានភាពដែល រងចាំ សេចក្តីស្លាប់យ៉ាងដូចច្នេះ។ កុមារម្នាក់ ដែលគួរទទួលបានការថ្នាក់ថ្នម និង គួរអាចរត់លេង សើចសប្បាយ និង និយាយលេងប៉ប៉ាច់ប៉ប៉ោច (បែបកូនក្មេងអាយុបីឆ្នាំ) មករកអ្នក។ ប្រហែលជាអ្នក នឹងយំអាណិតគេផងក៏មិនដឹង នៅពេល ដែលគេខំបើកភ្នែក ស្វែងរកសំណួរដែលអ្នក ឬអ្នកផ្សេងសួរទៅគេ ហើយ ធ្មេចភ្នែកទៅវិញ។
សេចក្តីមរណៈកាន់តែខិតមកជិត ដំណឹងនេះបានឮទៅដល់បុរសម្នាក់ដែលមានចំការនៅក្បែរ ហើយក៏ ជាមន្រ្តីរាជការម្នាក់។ គាត់បានយកដំណើររឿងនេះ ប្រាប់ដល់ស្ត្រីម្នាក់ទៀត ដែលជាសហការី របស់គាត់។ ជាបណ្តោះអាសន្នស្រ្តីរូបនោះ បានយល់ព្រមធ្វើជា ម្តាយចិញ្ចឹមរបស់ហុងម៉េង។ ពួកគេ បានទៅយកហុងម៉េងពីចំការ។ ម្តាយចិញ្ចឹមថ្មី នេះ ពុំហ៊ានយកដៃចាប់ខ្លួនរបស់ហុងម៉េង ដោយផ្ទាល់ទេ ដោយការរអារពីជម្ងឺផ្សេងៗ។ ពេលមកដល់ក្រុងបានលុង (ផ្ទះរបស់បុរសម្ចាស់ចំការ) បុរសម្ចាស់ចំការបានឲ្យប្រពន្ធ របស់គាត់ក៏រៀបចំ បាយឲ្យ ហុងម៉េង។ វាបានធ្វើឲ្យអ្នកទាំងបីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈវាខំប្រឹងស៊ីអាហារ ដោយក្តីស្រេកឃ្លានពន់ពេក។
ប្រហែលជាអាហារចុងក្រោយរបស់រូបគេហើយ គេត្រូវតែប្រឹងស៊ី។ ក្រោយពេល ស្រស់ ស្រូបហើយ ពួកគាត់បាននាំវាទៅមន្ទីរពេទ្យដើម្បីពិនិត្យជម្ងឺ។ កាលបើ ឃើញសភាពរបស់ ហុងម៉េង គ្រូពេទ្យក៏រអ៊ូរថា “ មិនចាំបាច់ពិនិត្យអ្វីច្រើនទេ បើមិន មែនជាអេដស៍ ក៏ជាថ្លើមដែរ ”។ ទោះជាមានពាក្យទាំងនេះ ពួកគាត់នៅតែជំនះ ឲ្យធ្វើការពិនិត្យ។ ការពិនិត្យពុំបានបង្ហាញ លទ្ធផលវិជ្ជមានណាមួយទេ ពោលគឺវា ឈឺដោយសារជម្ងឺផ្សេងទៅវិញ។ ខណៈពេលវាទទួលការព្យាបាល ពួកគាត់ក៏បាន រៀបចំបញ្ជូនដំណឹងនេះទៅឲ្យ អង្គការក្រៅរដ្ឋាភិបាលមួយនៅភ្នំពេញ ដើម្បីទទួលយក ហុងម៉េង។ តើវាសនា របស់គេទៅជាយ៉ាងណា បើគេមិនមានជម្ងឺសាហាវដែលអ្នកផ្សេង បានគិតផងនោះ?
ក្រោយមកពីរបីថ្ងៃ អង្គការនោះបានចុះទៅដល់មែន។ ប្រហែលជាពន្លឺជីវិតថ្មីមួយ សម្រាប់ហុងម៉េងហើយមើលទៅ។ ទោះយ៉ាងណាមានការអល់អែកពីបុគ្គលិក របស់ អង្គការ នោះ ក្នុងការទទួលយកហុងម៉េងដោយបារម្ភពីជម្ងឺ។ ការអល់អែកនេះ បានបញ្ចប់ នៅពេល លទ្ធផលនៃការពិនិត្យជម្ងឺត្រូវបានបង្ហាញ។ ទន្ទឹមពេលនោះ មានបញ្ហាថ្មីមួយទៀតកើតឡើង គឺឪពុករបស់វា។ ឪពុករបស់វាបានប្រកែក ដាច់អហង្ការពុំព្រមប្រគល់ ហុងម៉េង ឲ្យទៅគេ... ។ បើឪពុកមិនយល់ព្រម ហុងម៉េង ប្រាកដនឹងត្រូវត្រលប់ទៅរស់នៅនឹងម្តាយមីង ក្រោយពីការព្យាបាលមិនខាន កុំថាឡើយនឹកគិតដល់ការរៀនសូត្រ សូម្បីការហូបចុកក៏មាន បញ្ហាដែរ។
ក្រោយពីការសន្ទនាតាមទូរស័ព្ទជាមួយឪពុកបង្កើត ដែលនៅម៉ាឡេស៊ី អស់រយៈពេលយ៉ាងយូរ ឪពុក បង្កើតរបស់វាក៏យល់ព្រមប្រគល់វាឲ្យទៅគេ។ ហុងម៉េង ត្រូវបែកពី ញាតិមិត្ត និង អ្នកបានជួយគេនាពេលចុងក្រោយខណៈដែលមិនសង្ឃឹមថាអាចនឹងរស់ មកតាមអង្គការមករស់នៅភ្នំពេញ។ ទោះបីខ្វះខាតនូវការថ្នាក់ថ្នម តើរូបគេមានអារម្មណ៍ យ៉ាង ណានៅពេលដែលវាត្រូវបែកពីញាតិមិត្តរបស់វា ដែលជាសាច់ឈាមដែល មិនអាច កែប្រែបាននេះ?
ក្រោយពីមកដល់ភ្នំពេញ វាត្រូវបានគេព្យាបាល និង បានកើតទម្ងន់ឡើងវិញ។ ប្រវត្តិរូប រូបថតពេលឈឺ និង រូបថតនៃរោងរងចាំថ្ងៃស្លាប់របស់វា ត្រូវបានផ្ញើរ (ដោយអង្គការ) ទៅបរទេសដើម្បីរកឪពុកម្តាយចិញ្ចឹម។ មនុស្សធម៌ក្នុងលោកពិតជាមាន សេចក្តី អាសូរចំពោះគេបានធ្វើឲ្យគ្រួសារបរទេសមួយ យល់ព្រមទទួលយករូបគេជាកូន ចិញ្ចឹម ព្រមទាំងចង់បានគេយកទៅ រស់នៅជាមួយពួកគេផងដែរ។ ហុងម៉េង កុមារអភ័ព្វ ត្រូវបានប្តូរឈ្មោះថ្មីមួយទៀត (ដែលខ្ញុំមិនបានចាំ) ដើម្បីបញ្ចប់នូវទុក្ខសោក និង អតីតកាលដ៏ខ្លោចផ្សារ ...។
ខណៈដែលអ្នកទាំងអស់គ្នាកំពុងអាន ហុងម៉េង (ដែលតាមការពិត ខ្ញុំត្រូវហៅ ឈ្មោះ ថ្មីរបស់វា) កំពុងរងចាំការចាកចេញទៅរស់នៅជាមួយឪពុកម្តាយចិញ្ចឹម របស់វានៅបរទេស.... ទោះបីមិនដូច ម៉ាដុក (កូនប្រុសចិញ្ចឹមរបស់តារាភាពយន្ត អាមេរិច អេនជេលីណា ជូលៀរ) ក៏ជាមហាសំណាងសំរាប់រូបគេដែរ។
យើងសូមបួងសួងឲ្យរាល់ដំណើរការនៃការធានា ប្រព្រឹត្តិទៅដោយជោគជ័យ និងសូមជូនពរឲ្យ ហុង ម៉េង ទទួលបាននូវអ្វីៗដែលក្នុងនាមជាមនុស្សម្នាក់សមនឹងទទួលបាន ចាប់ពីពេលនេះតទៅ ...៕
* * *
“ តើមានកុមារប៉ុន្មាននាក់ផ្សេងៗទៀតដែលកំពុងរងគ្រោះ?
សូមឲ្យ
ក្តីស្រឡាញ់ ក្តីមេត្តា ការទទួលខុសត្រូវ ការអធ្យាស្រ័យ និង ការចែករំលែក
កើតមាននៅលើ មាតុភូមិរបស់យើង។”
សូមឲ្យ
ក្តីស្រឡាញ់ ក្តីមេត្តា ការទទួលខុសត្រូវ ការអធ្យាស្រ័យ និង ការចែករំលែក
កើតមាននៅលើ មាតុភូមិរបស់យើង។”
~ចប់~
© រក្សាសិទ្ធិ (តុលា ២០១០)
ដើម្បីជាការចែក រំលែក នៃការពិតមួយក្នុងសង្គមរបស់យើង។ លើសពីនេះ ក៏មិន
មានចេតនាណាមួយក្នុងការធ្វើអាជីវកម្មលើទុក្ខសោក និង ការឈឺចាប់ របស់អ្នក
ដទៃ ជាពិសេស កុមារហុងម៉េងតែម្តង។