ប្រែសម្រួលដោយៈ តេង សំអាន
តើលោកអ្នកធ្លាប់ជួបមនុស្សដែលអ្នកពិបាកនឹង ធ្វើការ ប្រាស្រ័យទាក់ទង ជាមួយទេ?
អត្ថបទនេះ ជាការចែករំលែក ក្រោយពីខ្ញុំបានអានអត្ថបទមួយ សរសេរដោយលោក Gary S. Topchik ជាអ្នកនិពន្ធសៀវមួយមានចំណងជើងថា Managing Workplace Negativity ។ យោងតាមការសិក្សារបស់គាត់ លោក Gary S. Topchik បានកត់សម្គាល់ អត្តចរិក ១៤ បែប នៃមនុស្ស ឬ អ្នករួមការងារ ដែលយើងពិបាកនឹងធ្វើការជាមួយ ហើយគាត់បានឲ្យឈ្មោះផ្សេងៗគ្នាដូចខាងក្រោម៖
១. ក្បាលរថភ្លើង
ជាបុគ្គលដែលតែងតែបង្ហាញភាពអវិជ្ជមានរបស់ខ្លួន ទៅលើអ្នកដទៃ។ ជាមនុស្ស ដែលឆេវឆាវ និង អមិត្ត ហើយ តែងបញ្ចេញការខឹងសម្បាររបស់ខ្លួនលើអ្នក ដទៃ។ គេបញ្ចេញអកប្បកិរិយាជិះជាន់សង្កត់សង្កិនលើអ្នកដទៃ ប្រើអំណាច លើសលប់ (បង្ខំឲ្យអ្នកដទៃគោរពតាម) និង ផ្តាច់ការ។ លើសពីនេះ គេជាមនុស្សមិនស្តាប់ហេតុផលរបស់អ្នកដទៃទេ។
២. អ្នកឥតខ្ចោះ
បុគ្គលនេះត្រូវការអ្វីដែលល្អឥតខ្ចោះ ភាពខ្វះចន្លោះនឹងធ្វើឲ្យគេមានគំនិតអវិជ្ជមានភ្លាម។ គេមិនកំណត់ស្តង់ដាការងារច្បាស់លាស់នោះទេ ហើយជួនកាលមិនទទួលយកសូម្បីការងារ នោះបានទទួលការសរសើរពីអ្នកផ្សេងក៏ដោយ។
បើបុគ្គលនោះជាថ្នាក់ដឹកនាំវិញ ទោះបីអ្នកក្រោមបង្គាប់ធ្វើបានល្អយ៉ាងណាក៏ដោយ គេក៏មិនវាយតម្លៃ ឲ្យខ្ពស់សក្តិសមនោះទេ ហើយតែងតែនិយាយថា “វាគួតែល្អជាងនេះ!”។
៣. មនុស្សទឹកកក
ជាបុគ្គលដែលមិនទទួលយកនូវការ ផ្លាស់ប្តូរ ទោះបីតិចតួចក្តី ផ្ទុយមកវិញបំផ្ទុសឡើងនូវ គំនិតអវិជ្ជមាន។ គាត់ស្រលាញ់ស្ថានភាពដែលនៅដដែល មិនផ្លាស់ប្តូរ។ “ការផ្លាស់ប្តូរ” និងបញ្ឆេះភាពច្រឡោតរបស់បុគ្គលប្រភេទនេះភ្លាម។
ភាគច្រើនកាលនៅក្មេង គេទទួលនូវគំនិតមួយថា “ការផ្លាស់ប្តូរ” គឺជាភាពអវិជ្ជមាន ហើយ ត្រូវតែរកវិធីទប់ស្កាត់ ប៉ុន្តែមិនបង្ហាញការជំទាស់នឹងការផ្លាស់ប្តូរដោយបើកចំហរទេ។ ការជំទាស់ធ្វើឡើងដោយឈ្លាសវៃ។ ជួនកាល គេថែមទាំងនិយាយថា ការផ្លាស់ប្តូរ និងនាំ មកនូវភាពប្រសើរ ប៉ុន្តែមិនយកមកអនុវត្តនោះទេ។
អ្នកដែលឆ្វេងនិយមបំផុត ប្រហែលនឹងជ្រើសរើសយកវិធីបំផ្លាញចោលតែម្តង បើគេយល់ ឃើញ ថាការផ្លាស់ប្តូរបង្កការគំរាមកំហែងដល់គេ។ គេតែងលើកឡើងថា “របៀបចាស់ ប្រសើរជាង” ។
៤. មិនមែនការងាររបស់ខ្ញុំ
ជាបុគ្គលដែលបង្ហាញគំនិតអវិជ្ជមាន ដោយបដិសេធធ្វើការ ទោះបីសមញ្ញក្តី ដែលគេចាត់ ទុកថាមិនស្ថិតក្នុងការទទួលខុសត្រូវរបស់គាត់។ ភាគច្រើនគេរងនូវការប្រព្រឹត្តិពីអ្នករួមការងារ ថ្នាក់លើ ឬពីអង្គភាពទាំងមូលពីពេលកន្លងមក ដូចជាខ្វះការសហការ ឬ ជំនួយជាដើម។ ម្យ៉ាងវិញទៀត គេ អាចជាអ្នកសម្លឹងរកមើលឱកាសរីកលូតលាស់ ការតម្លើងឋានៈជាដើម កាលណា គេមិនបានមើលឃើញឱកាសទាំងនោះទេ គេគ្មានកម្លាំងចិត្ត និង ការតាំងចិត្តនឹងទទួល ការងារក្រៅពីការងារដែលគេកំពុងធ្វើឡើយ។
៥. អ្នកបំផុសពាក្យចចាមអារ៉ាម
ជាបុគ្គលដែលបង្ហាញគំនិតអិវជ្ជមាន ជាអ្នកដែលបញ្ចេញភាពមិនយល់ស្រប ឬ គំនិតអវិជ្ជមានរបស់ខ្លួនតាមរយៈការបង្កើតពាក្យចាចាមអារាម។ គេមានអារម្មណ៍ថាខ្លួនមាន សារៈសំខាន់នៅពេលដែលពាក្យចចាមអារ៉ាមដែលបានបង្កើត ឮដល់អ្នកដទៃ ឬ ក៏ទទួល ការជំទាស់នៅពេលអ្នកដទៃបានស្តាប់ឮ។
បុគ្គលនេះមានអារម្មណ៍បាត់បង់ភាពម្ចាស់ការលើបរិយាកាសជុំវិញ ឬ អ្នកដទៃ។ ពាក្យចចាមអារ៉ាម ជួយឲ្យគេទទួលបានភាពម្ចាស់ការត្រលប់មកវិញ។ ភាគច្រើន ពាក្យចចាមអារ៉ាមដែល គេផ្សព្វផ្សាយមានទាក់ទងនឹង៖
- ថ្នាក់លើកំពូល
- អង្គភាព ឬ ការកាត់បន្ថយបុគ្គលិក
- ប្រាក់ខែរបស់អ្នកដទៃ
- អ្វីដែលក្រុមហ៊ុនប្រជែងផ្តល់ឲ្យបុគ្គលិករបស់គេ
- អ្នកណាណាត់អ្នកណានៅក្នុងក្រុមហ៊ុន
៦. ទុទិដ្ឋិថិជន
ទុទិដ្ឋិជន ជាបុគ្គលធ្លាប់ឆ្លងកាត់ពិភពលោក ជាកន្លែងដែលពិបាក។ គាត់ចង់ឲ្យពិភពលោក សម្របទៅតាមគេ បើមិនដូច្នោះ គេនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីជំទាស់ ឬទប់ស្កាត់កុំឲ្យកើតឡើង។ គេមិនរីករាយនឹងអ្វីដែលនៅជុំវិញ ទោះបីអ្នកផ្សេងធ្វើអ្វីដើម្បីគេក៏ដោយ ក៏គ្មានអ្វីប្រែប្រួលចំពោះគេឡើយ។ មនុស្សប្រភេទនេះ ក៏មានគំនិតរបៀបនេះនៅខាងក្រៅបរិយាកាសការងារផងដែរ។
៧. គ្មានការតាំងចិត្ត
ជនបុគ្គលដែលគ្មានការតាំងចិត្ត ធ្វើការមិនអស់ពីចិត្ត ហើយអាចក្លាយទៅជាបន្ទុកដល់អ្នករួមការងារជាមួយ។ ការងារមិនមែនជា អាទិភាពចម្បងសម្រាប់គេឡើយ។ គេព្យាយាមធ្វើកិច្ចការឲ្យបានតិចបំផុតតាមដែលអាចទៅរួច ដើម្បីទុកពេលសម្រាប់បញ្ហាផ្ទាល់ខ្លួន និងបញ្ហារបស់អ្នកដទៃ។ គេមិនយល់ពីភាពបន្ទាន់ក្នុងការសម្រេច កិច្ចការឲ្យហើយ។ គេមានទស្សនៈថា “យើងនៅមានពេល យើងអាចចាំពេលក្រោយបាន”។
៨. អ្នករិះគន់
តើអ្នកមានវិធីសាស្រ្តដែលមានការច្នៃប្រឌិតទេ? មានរបៀបផ្សេងក្នុងការធ្វើកិច្ចការអ្វីមួយ ឬ យោបល់ថ្មី មួយទេ? ប្រសិនបើអ្នកមាន អ្នករិះគន់នឹង រិះគន់ ឬរកកំហុសអ្នកភ្លាម។ បេសកកម្មរបស់បុគ្គលប្រភេទនេះគឺ ជំទាស់នឹងអ្វីដែលអ្នកផ្សេងបាន និយាយ។ គេ យកត្រូវជានិច្ច។ គេរិះរកបញ្ហា បំភ្លេចចោលឱកាស ទោះនៅកន្លែងណាក៏ដោយ។ គេមិនដែលផ្តល់ប្រតិកម្មវិជ្ជមានដល់អ្នកវិញទេ ផ្ទុយមកវិញ គេឈ្លេចរកបញ្ហារបស់អ្នក។ គេមានគំនិតថា “វាជាគំនិតមិនល្អ”។
៩. ក្មេងទទូច
បុគ្គលប្រភេទនេះ បញ្ចេញអកប្បកិរិយា ដូចក្មេងដែលទទូចធ្វើអ្វីមួយ។ បើមិនដូចចិត្ត គេនឹងបង្ហាញ គំនិតអវិជ្ជមានភ្លាម។ គេតែងមានគំនិតថា គ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះគេឡើយ បន្ទុកការងារច្រើន និង គ្មានការសហការពេញលេញ។
១០. អ្នកលះបង់
បុគ្គលប្រភេទនេះ មានបេះដូងដែលមានឈាមហូរនៅក្នុងកន្លែងការងារ។ គេមកមុនពេល និងចេញ យឺតពេល។ គេធ្វើរាល់អ្វីដែលគេដាក់ឲ្យធ្វើ ប៉ុន្តែនឹងត្អូញត្អែរអំពីបន្ទុកការងារ និយោជក អតិថិជន ឬ ថ្នាក់លើពិបាកធ្វើការជាមួយជាដើម។ គេមិនសូវរីករាយនឹងជិវិតផ្ទាល់ខ្លួនទេ ទើបគេធ្វើការបន្លប់។ អ្វីដែល ធ្វើឲ្យគេអាក់អន់ចិត្តនោះ គឺអារម្មណ៍ថាការងាររបស់គេត្រូវបានវាយតម្លៃទាបជាងការពិត។ គេមាន ទស្សនៈថា គេបានលះបង់ជិវិតរបស់គាត់សម្រាប់ក្រុមហ៊ុន ប៉ុន្តែគ្មាននរណាខ្វល់។
១១. អ្នកធ្វើទោសខ្លួនឯង
ជាបុគ្គលដែលរកាំ នឹងខ្លួនឯង ហើយប្រែក្លាយជាមានគំនិតអវិជ្ជមាន។ គេស្វែងរកកំហុសរបស់ខ្លួនឯងនៅក្នុង ការងារ សម្ផស្សឬរូបរាង ការអភិវឌ្ឍន៍អាជីព ឋានៈសង្គម ប្រវត្តិសិក្សារ ជាដើម។ គេឲ្យតម្លៃខ្លួនឯងទាប ហើយតែងបន្ទោសខ្លួនឯងថា "អាល្ងង់! ហេតុអ្វីបានធ្វើអញ្ចឹង?" ឬ "ឆ្កួតអីទៀតហើយ! ឯងគួរតែធ្វើបានល្អជាងនេះ" ជាដើម។ ជាទូទៅ ទស្សនៈលើខ្លួនឯងរបស់គេ ជាបញ្ហា។ ជួនកាល គេធ្វើកិច្ចការបានល្អ ប៉ុន្តែមិនយល់ដូច្នោះឡើយ។
១២. ស្វាស៊ីបាយ
ជាបុគ្គលដែលមិនទទួលខុសត្រូវ ឬទទួលការស្តីបន្ទោសពីកំហុសរបស់ខ្លួន ហើយតែងបង្វែរ ការទទួលខុសត្រូវនេះទៅឲ្យអ្នកដទៃ។ គេរីករាយនៅពេលឃើញអ្នកដទៃជួបនឹងបញ្ហា។ គេមាន ទស្សនៈថា "ខ្ញុំមិនបានធ្វើ! វាមិនមែនដូច្នោះឡើយ!"១៣. សំបកស៊ុត ឬត្រចៀកស
ជាបុគ្គលដែលងាយរំជើបរំជួល។ ការស្តីបន្ទោស ឬរិះគន់តិចតួចអាចធ្វើឲ្យគេ ធ្វើអ្វីលែងកើត។ បើមានបញ្ហាកាន់តែច្រើន គេនឹងមានគំនិតអវិជ្ជមានតែម្តង។ ទស្សនៈរបស់គេគឺ "កុំឲ្យខ្ញុំឮ ខ្ញុំទទួល មិនបានទេ!"
១៤. ល្អិតល្អន់ជ្រុល
ជាបុគ្គលដែលផ្តោលើភាពលំអិត ឬរាល់ចំណុចតូចតាចដែលពាក់ព័ន្ធ។ បុគ្គលប្រភេទនេះ ព្យាយាម យល់ ដឹង និងគ្រប់គ្រងរាល់បញ្ហាទាំងអស់។ គេជាបុគ្គលមានភាពស៊ាំញ៉ាំ និងស្មុគស្មាញ៕
No comments:
Post a Comment