Saturday, March 3, 2012

៣ សំណួរ​ឆ្អោះ​ទៅ​រក​​ភាព​ជោគជ័យ





ដោយៈ តេង សំអាន


តើអ្នកឲ្យនិយមន័យនៃភាពជោគជ័យយ៉ាងដូចម្តេច?

ការសម្រេច ឬទទួល​បាននូវអ្វីដែល​យើងបាន​គ្រោងទុក ចង់បាន ឬ​ព្យាយាម ធ្វើឲ្យ​បាន ប្រហែល​​ជា និយមន័យ​​ដ៏សមញ្ញ​មួយ​​នៃភាពជោគជ័យ។ បើមើល​តាមន័យ​ពាក្យ ក្នុង​ភាសា ខ្មែរយើង ពាក្យ “ជោគជ័យ” ផ្សំឡើង​ដោយ​ពាក្យ “ជោគ” ដែលមាន​ន័យថា “សំណាង” និង “ជ័យ” មាន​ន័យថា “ឈ្នះ ឬ​សម្រេចបាន” ដែលយើង​អាចបកស្រាយ មួយបែប​ទៀតថា “ភាព​​ជោគជ័យ ជាភាព អំណោយ ផលឬ ឱកាស​​សម្រាប់ឲ្យ​​យើងធ្វើអ្វី​មួយ ហើយយើង​អាចសម្រេច​កិច្ចការ​នោះបាន”។



តើភាពជោគជ័យមាន​លក្ខណៈ​ពិសេស​អ្វីខ្លះ?

ភាពជោគជ័យ សម្រាប់បុគ្គលម្នាក់ៗមិនដូចគ្នាឡើយ

បុគ្គល​ម្នាក់ៗ វាស់​វែង​ភាព​ជោគជ័យ​ដោយ​រង្វាស់​ផ្សេងៗ​ពីគ្នា។ ខ្លះ​អះអាង​ថា ជាការ​ទទួល បាន នូវ​ទ្រព្យ​សម្បត្តិ​លុយកាក់ ខ្លះថា​ទទួល​បាន​គ្រួសារ​​មួយ​មាន​​ភាព​រីក​រាយ​​និង​​ស្មោះត្រង់ ចំពោះ​គ្នា ខ្លះ ថាជា​ការ​ទទួល​បាននូវ កិត្តិយស កេរ្តិ៍ឈ្មោះ​ល្បីល្បាញ ខ្លះ ថា ទទួល​បាននូវ ចំណេះ វិជ្ជា ខ្ពង់ខ្ពស់ ខ្លះថា​ទទួល​បាន​នូវ​សេចក្តីស្ងប់​ខាងផ្លូវចិត្ត ឯខ្លះ​ទៀតថា ជាការ​បាន ជួយ អ្នកដទៃ។ល។ ហេតុនេះ យើង​ត្រូវបើក​គំនិតឲ្យ​ទូលាយ ហើយ​មើលពិភព លោក​ពីចំណែក ផ្សេងៗ គ្នា។ មិនមែន មាន​ន័យថា អ្នកដែល​មិនសូវ​សម្បូរទ្រព្យធន ជាអ្នក ដែលគ្មាន​ភាពជោគជ័យ​ឡើយ ហើយ​ក៏មិន មែន តែសេដ្ឋី​ទេដែលជា​អ្នកជោគជ័យ។ ប្រការ​​ដែលយើងត្រូវយល់នោះគឺថា ពួកគាត់មានរង្វាស់ ដោយឡែកៗពីគ្នា។
 
ភាពជោគជ័យមួយ ជាការចាប់ផ្តើមនៃភាពជោគជ័យមួយផ្សេងទៀត

ក្នុងមួយជីវិតរបស់មនុស្សម្នាក់ៗ មិនមែនមានតែភាពជោគជ័យមួយឡើយ។ លោក ប៊ីល ហ្គេត បានក្លាយជា មហាសេដ្ឋីពិភពលោក ជាការណ៍ដែលមនុស្សរាប់លាននាក់​នៅលើ​ពិភពលោក ចាត់ ទុកថា ជាមហាជោគជ័យ ប៉ុន្តែគាត់មិនដែលឈប់ត្រឹមនោះឡើយ។ អ្នកខ្លះ ចាត់ទុកគាត់ជាមនុស្ស លោភលន់ ប៉ុន្តែបើយើងមើលក្នុងន័យពីជ្រុងមួយទៀត យើងឃើញថា គោលដៅដែលគាត់សម្រេច បានមួយ ជាដំណាក់កាលចាប់ផ្តើមនៃ​គោលដៅមួយទៀត។ អ្នកវិទ្យាសាស្រ្តទទួលបានភាព ជោគ ជ័យ ពីការស្វែងរកថ្នាំព្យាបាល ជំងឺមួយ ប៉ុន្តែបើពួកគាត់ឈប់ស្រាវជ្រាវបន្ត នោះនឹងមានអ្នក ជម្ងឺ ច្រើនផ្សេងទៀត​ស្លាប់​ដោយសារជម្ងឺដូចគ្នាបាននៅពេលអនាគត ដោយសារពពួកភ្នាក់ងារបង្ករោគ​អាចបង្កើត​ភាពស៊ាំនិងថ្នាំចាស់ ដែលគេប្រើប្រាស់ក្នុងរយៈពេលយូរ។ និយាយឲ្យខ្លី ភាពជោគជ័យ ជាការខិតខំបន្តបន្ទាប់លើគោលដៅសម្រេចបានចាស់។

តើអ្នកត្រូវមានអ្វីខ្លះដើម្បីឈានទៅរកភាពជោគជ័យ

ឆន្ទៈ និង ចំណង់

ដើម្បីធ្វើអ្វីមួយឲ្យបានសម្រេច រាល់បុគ្គលចាំបាច់ត្រូវមានឆន្ទៈ និងចំណង់ក្នុង ការធ្វើកិច្ចការ នោះ។ លោក Bill Cosby បានលើកជាសុភាសិតមួយថា “ដើម្បីទទួលបានជោគជ័យ អ្នក​ត្រូវតែ មានចំណង់ ចង់ បានភាពជោគជ័យ ច្រើនជាងភាពភ័យខ្លាចចំពោះភាព​បរាជ័យ”។ ឆន្ទៈ និង ចំណង់ ជាកម្លាំងជម្រុញឲ្យយើងធ្វើកិច្ចការណាមួយអស់ពីចិត្តពីថ្លើម។

ជំនឿចិត្ត

ក្រៅពីចំណង់ និងឆន្ទៈ បុគ្គលជោគជ័យក៏ត្រូវមានជំនឿចិត្តលើខ្លួនឯងផងដែរ។ មានជំនឿ​ចិត្ត លើ គំនិត និងសមត្ថភាពទើបអាចធ្វើឲ្យយើង ជំនះភាពភ័យព្រួយចំពោះបរាជ័យបាន។ លោក ប៊ីល ហ្គេត បានពោលមួយឃ្លាថា “ជ័យជំនះ ជាគ្រូដ៏អាក្រក់មួយ។ វាប្រលោមចិត្ត អ្នកវាងវៃឲ្យគិតថា ពួកគេមិនអាចចាញ់។” ។​ ជំនឿចិត្ត វាជាគ្រឹះនៃដំណើរទៅរកភាព ជោគជ័យ។

ភាពឧស្សាហ៍ព្យាយាម

កម្រមានកិច្ចការដែលអាចសម្រេចបានដោយការព្យាយាមតែម្តងឡើយ។​កិច្ចការខ្លះអាច សម្រេច ក្រោយពីបរាជ័យច្រើនលើកច្រើនសារ។ បើយើងជួបភាពបរាជ័យហើយបោះបង់ នោះ ប្រហែល គ្មានភាពជោគជ័យនឹងកើតមានឡើងឡើយ។ ការមិនបោះបង់ចោល និង ធ្វើការឲ្យអស់ពីកម្លាំង កាយចិត្ត ជាកូនសោរដ៏សំខាន់មួយ ក្នុងការសម្រេចការងារ។ យើង អាចមើលឧទាហរណ៍ ពីក្នុង ប្រវត្តិសាស្រ្តរបស់យើង។ ប្រាសាទអង្គរវត្ត អាចមានភាពល្បី ល្បាញ កើតចេញពីស្នាព្រហស្ថ វីរៈក្សត្រជាច្រើនអង្គ និងភាពឧស្សាហ៍ព្យាយាមនៃ បណ្តា ជាងសំណង់ឆ្លងកាត់កន្លះ សតវត្សរ៍ ឯណោះ។  យើងត្រូវរៀនពីភាពបរាជ័យ ដើម្បីបង្កើត នូវភាពជោគជ័យ។

កុំឲ្យភាពជោគជ័យស្វែងរកអ្នក

បុគ្គលជោគជ័យ ប៉ិនប្រសប់ក្នុងការស្វែងរក កំណត់​ និងចាប់យកឱកាស។ មិនមែនភាព ជោគជ័យ មួយ ដើរមករកពួកគេឡើយ។ ស្ថាបនិក Google លោក ឡារី ភេជ យល់ច្បាស់ ពីតម្រូវការមួយ នៃ ការស្វែងរកព័ត៌មាននៅលើអ៊ីនធើណិត គាត់ស្ថាបនាក្រុមហ៊ុនមួយ បានដោយជោគជ័យ។ ហេតុ នេះ ចូររៀន ចូរគិត ចូរសង្កេត ចូរពិនិត្យ​ រាល់អ្វីៗដែលនៅ ជុំវិញខ្លួន ហើយផ្តួចផ្តើមឲ្យកើតជា សកម្មភាពឡើង។

ចំណេះវិជ្ជា

ខ្ញុំបញ្ចូលចំណុចនេះ ដោយសារយើងសព្វថ្ងៃរស់នៅក្នុងសម័យបច្ចេកវិទ្យា។ ការចេះស្រាវ ជ្រាវ ត្រិះរិះ វិភាគ និងបង្កើតជាសម្មតិកម្ម ជារង្វាស់ ជាខ្នាត ជាត្រីវិស័យ មានសារៈសំខាន់ ជាទីបំផុត។ ដូចនេះ ដើម្បីឈានទៅរកភាពជ័យបាន យើងគប្បីពង្រឹងពង្រីកចំណេះដឹង ចំណេះធ្វើ និងរក្សាការរៀនសូត្រពេញមួយជីវិតតែម្តង។
 
សំណួរទាំង ៣ ឈានទៅកាន់ភាពជោគជ័យ

អ្វីដែលបានរៀប​រាប់ពីខាងលើ ជាសញ្ញាណ នៃភាព​ជោគជ័យ។ ជាបន្ត ខ្ញុំនឹង​លើក​យក​មកបង្ហាញ សំណួរទាំង ៣ ដែលជាខ្លឹមសារសំខាន់នៃអត្ថបទនេះ។ ពួកវា ពុំមានលក្ខណៈ ស្មុគស្មាញឡើយ ផ្ទុយទៅវិញមានភាពសមញ្ញ និងងាយយល់។ ខ្ញុំគិតថាអ្នកនឹងអាចយក​សំណួរ​ទាំងនេះទៅ ប្រើ ប្រាស់ ក្នុងការ សិក្សា ការងារ និងការរស់នៅបាន។ សូម​បញ្ជាក់ផង​ដែរថា នៅក្នុងន័យជំនួញ គ្រប់ គ្រង និង គ្រប់គ្រង យុទ្ធសាស្រ្ត ក៏មានការប្រើ​ប្រាស់សំណួរ​ទាំងបីនេះដែរ។ អ្នកប្រាកដជាឆ្ងល់ថា តើសំណួរទាំងបីជាអ្វី​ និង មានន័យយ៉ាងដូចម្តេច?
សំណួរទាំង បី គឺៈ តើអ្នកចង់ទៅទីណា? តើពេលបច្ចុប្បន្ន អ្នកនៅកន្លែងណា? តើអ្នកត្រូវ ឈានទៅរកគោលដៅដោយវិធីណា?

១. តើអ្នកចង់ទៅទីណា?

វាជាសំណួរស្វែងរកគោលដៅរបស់អ្នក។ អ្នកត្រូវកំណត់ទិសដៅ និង គោលបំណង ដែលអ្នក ប្រាថ្នា សម្រេចឲ្យបាននៅពេលអនាគត។ វាអាចជាទិសដៅ  ១ឆ្នាំ ៣ឆ្នាំ ៥ឆ្នាំ ១០ឆ្នាំ ឬ ២០ឆ្នាំ ជាដើម។ វាក៏អាចជាផែនការ កំណត់ទៅតាមវ័យ ដូចជា​អ្វីត្រូវសម្រេច​មុនអាយុ ២៥ឆ្នាំ ៣០ឆ្នាំ ៤៥ឆ្នាំ ៦០ឆ្នាំ ឬក្រោយពេលចូលនិវត្តន៍ ផងដែរ។

ឧទាហរណ៍ ថាពេលនេះអ្នកកំពុងរៀននៅឆ្នាំដំបូងនៃមហាវិទ្យាល័យ។ គោលដៅ ៥ឆ្នាំ ​របស់ អ្នកគឺ រកការងារមួយឲ្យបានក្រោយពេលបញ្ចប់ការសិក្សា។ អ្នកអាចស្រមៃកន្លែង ដែលអ្នកនឹងទៅធ្វើការ មុខតំណែងដែលអ្នកនឹងកាន់ ប្រាក់ខែដែលអ្នកនឹងទទួល​បាន។ល។ ឧបមាថា អ្នកឆ្លើយថា “ខ្ញុំចង់ ធ្វើការនៅធនាគារមួយ មុខតំណែង​ជាមន្ត្រីទំនាក់​ទំនងអតិថិជន ប្រាក់ខែចន្លោះពី ២០០-៤០០ ដុល្លារ។”

ឥឡូវសន្មតថាគោលដៅរបស់អ្នកគឺ “៥ឆ្នាំក្រោយ ធ្វើការនៅធនាគារមួយ មុខតំណែង​ជាមន្ត្រីទំនាក់​ទំនងអតិថិជន ប្រាក់ខែចន្លោះពី២០០-៤០០ដុល្លារ”។ បន្ទាប់មក អ្នកចូល​ទៅឆ្លើយ​សំណួរ​ទីពីរ។

២. តើពេលបច្ចុប្បន្ន អ្នកនៅកន្លែងណា?

សំណួរទីពីរនេះ ជាសំណួរស្វែង​យល់​អំពី​អ្វី​ដែល​​អ្នកមាន ឬគ្មាន ដូចជា​​ធនធាន ចំណេះដឹង ជំនាញ បទពិសោធន៍ និង បុគ្គលិក​លក្ខណៈ ជាដើម។ អាច​និយា​យ​បានថា ជា​ការស្វែង​យល់ អំពី ស្ថានភាព ឬ បញ្ហា របស់អ្នកនាពេលបច្ចុប្បន្ន។ សូម​មើល​ឧទាហរណ៍​តមក ពី​សំណួរ​ទី១ ខាង​ក្រោម៖

គោលដៅ៥ឆ្នាំៈ 
  • “ធ្វើការនៅធនាគារមួយ មុខ​តំណែង​​ជា​មន្ត្រីទំនាក់​​ទំនង​អតិថិជន ប្រាក់​ខែ​ចន្លោះ​ពី​២០០-៤០០ដុល្លារ”
តើអ្នក​នៅ​ឯណានា​ពេលបច្ចុប្បន្ន? តើអ្នកមាន​លក្ខណៈ​សម្បត្តិគ្រប់គ្រាន់​ឬនៅ? តើអ្នក ខ្វះខាត គុណ​សម្បត្តិអ្វីខ្លះ?
  • “កំពុងសិក្សាឆ្នាំទី១ ត្រូវរៀន៤ឆ្នាំ។”
  • “ពុំទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេ។ ក្រៅពីបរិញ្ញាបត្រ ត្រូវមាន ចំណេះដឹង​ភាសា​អង់គ្លេស កុំព្យូទ័រ និង ទំនាក់ទំនង ។ល។ បើមានបទពិសោធន៍ការងារខ្លះកាន់តែប្រសើរ។”
៣. តើអ្នកត្រូវ ឈានទៅរកគោលដៅដោយវិធីណា?

សំណួរទី១ ជាគោលដៅ សំណួរទី២ ជាចំណុចខ្លាំង ខ្សោយ និងបញ្ហា រីឯសំណួរទី៣ នេះ តម្រូវឲ្យអ្នកកំណត់កិច្ចការដែលអ្នកត្រូវធ្វើ និង របៀបធ្វើកិច្ចការទាំងនោះដើម្បីឆ្ពោះទៅ សម្រេចលទ្ធផល។  យើងអាចពុះចែកសំណួរទី៣នេះ ជាសំណួរតូចៗដូចជា៖
  • ត្រូវធ្វើអ្វីខ្លះ? 
  • ត្រូវធ្វើដោយវិធីណា? 
  • ត្រូវការធនធានអ្វីខ្លះ? 
  • ត្រូវវាស់ភាពជោគជ័យរបស់អ្នកយ៉ាងដូចម្តេច? 
  • ត្រូវឆ្លងកាត់ឧបសគ្គ ឬបញ្ហាប្រឈមអ្វីខ្លះ?

ខ្ញុំសង្ខេប ឧទាហរណ៍ដដែលពីសំណួរទី១ និងទី២ ដូចខាងក្រោម៖
(i) តើអ្នកចង់ទៅទីណា?
គោលដៅ៥ឆ្នាំៈ 
  • “ធ្វើការនៅធនាគារមួយ មុខតំណែង​ជាមន្ត្រីទំនាក់​ទំនងអតិថិជន ប្រាក់ខែ ចន្លោះពី២០០-៤០០ដុល្លារ”
(ii) តើអ្នកកំពុងនៅឯណា ឬតើអ្នកកំពុងស្ថិតក្នុងស្ថានភាពអ្វី?
អ្វីដែលមានៈ
  • “កំពុងសិក្សាឆ្នាំទី១ ត្រូវរៀន៤ឆ្នាំ។”
អ្វីដែលខ្វះខាត
  • ចំណេះដឹង​ភាសា​អង់គ្លេស
  • ជំនាញកុំព្យូទ័រ
  • ជំនាញទំនាក់ទំនង
  • បទពិសោធន៍ការងារខ្លះ
(iii) តើអ្នកត្រូវ ឈានទៅរកគោលដៅដោយវិធីណា?
កិច្ចការត្រូវធ្វើ និងរបៀបបំពេញ និងរង្វាស់

ក. បញ្ចប់បរិញ្ញាបត្រ
- របៀបធ្វើៈ បំពេញការសិក្សាតាមឆ្នាំនិមួយៗ ៤ឆ្នាំ
- រង្វាស់ៈ សញ្ញាបត្របរិញ្ញាបត្រជំនាញ

ខ. រៀនជំនាញកុំព្យូទ័រ
- របៀបធ្វើៈ រៀន MS OFFICE នៅពេលរៀនឆ្នាំទី២
- រង្វាស់ៈ វិញ្ញាបនបត្របញ្ចប់ការសិក្សា

គ.​ រៀនភាសាអង់គ្លេស (របៀបធ្វើៈ យកឲ្យបានកម្រិត Upper មុនចូលឆ្នាំទី៤)
- រង្វាស់ៈ វិញ្ញាបនបត្របញ្ជាក់ការសិក្សា ឬប្រលង

ឃ. រៀនជំនាញទំនាក់ទំនង 
-របៀបធ្វើៈ រៀននៅអង្គការណាមួយ ក្នុងឆ្នាំទី ២​ឬទី៣
- រង្វាស់ៈ វិញ្ញាបនបត្រ

ង. រកបទពិសោធន៍ការងារ (របៀបធ្វើៈ រកការងារស្ម័គ្រចិត្ត ពេលចូលឆ្នាំទី៤)
- រង្វាស់ៈ អនុសាសន៍ការងារ

បញ្ហាប្រឈម
  • ការប្រកួតប្រជែងពីនិស្សិតមកពីមហាវិទ្យាល័យផ្សេងទៀត
  • ការប្រែប្រួលនៃឱកាសការងារ ក្រោយរយៈពេល ៤ឆ្នាំ

សង្ខេប
សំណួរទី១ តើអ្នកចង់ទៅទីណា?
  • ជាការកំណត់គោលដៅ បុគ្គល អង្គភាព ឬស្ថាប័ន របស់អ្នក។
សំណួរទី២ តើអ្នកកំពុងនៅឯណា?
  • ជាការកំណត់ស្ថានភាព ចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងបញ្ហាប្រឈមផ្សេងៗនៃ បុគ្គល អង្គភាព ស្ថាប័ន របស់អ្នក។
សំណួរទី៣
  • ជាការកំណត់កិច្ចការដែលត្រូវបំពេញ របៀបបំពេញ ពេលវេលាត្រូវបញ្ចប់ មធ្យោបាយ វាស់វែងភាពជោគជ័យ (ឬបង្ហាញប្រឈមចំពោះកិច្ចការនិមួយៗ)។
តាមរយៈឧទាហរណ៍ខាងលើ ខ្ញុំនឹងដាក់បញ្ចូលចម្លើយទាំងអស់ក្នុងតារាងមួយ៖

សំណួរទី១
កំណត់គោលដៅ
សំណួរទី២
កំណត់បញ្ហា
សំណួរទី៣
វិធីសម្រេចគោលដៅ
កិច្ចការត្រូវ​បំពេញ
របៀបធ្វើ
ឱសានវាទ
រង្វាស់
គោលដៅៈ
ធ្វើការនៅធនាគារមួយ មុខតំណែង​ជាមន្ត្រី ទំនាក់​ ទំនងអតិថិជន ប្រាក់ខែចន្លោះពី២០០-៤០០ដុល្លារ

បញ្ហាប្រឈមទៅៈ
-ការប្រជែងពី និស្សិត នៃសាលាផ្សេង
-ការប្រែប្រួលនៃឱកាស ការងារ
កំពុងសិក្សា​ឆ្នាំ​ទី១ ត្រូវរៀន​៤ឆ្នាំ
បញ្ចប់បរិញ្ញា​បត្រ
បំពេញការសិក្សា​តាមឆ្នាំនិមួយៗ
៤ឆ្នាំ
បរិញ្ញាបត្រ
ខ្វះជំនាញ​កុំព្យូទ័រ
រៀនជំនាញ​កុំព្យូទ័រ
រៀន MS OFFICE
ឆ្នាំទី២
វិញ្ញាបនបត្រ
ខ្វះចំណេះដឹង​ភាសា​អង់គ្លេស
រៀនភាសា​អង់គ្លេស
យកឲ្យបានកម្រិត Upper
មុនចូលឆ្នាំទី៤
វិញ្ញាបនបត្រ
ខ្វះជំនាញ​ទំនាក់ទំនង
រៀនជំនាញ​ទំនាក់ទំនង
រៀននៅអង្គការ ណាមួយ
ឆ្នាំទី ២​ឬទី៣
វិញ្ញាបនបត្រ
ខ្វះបទពិសោធន៍​ការងារ
រកបទពិសោធន៍ការងារ
រកការងារ ស្ម័គ្រចិត្ត
ឆ្នាំទី៤
អនុសាសន៍ ការងារ

នេះជាតារាងផែនការសកម្មភាពដ៏សមញ្ញមួយមែនទេ!!!!


កិច្ចការអនុវត្តន៍ៈ

ចូរសាកល្បងឆ្លើយនឹងសំណួរទាំងបី ហើយបំពេញក្នុងតារាងមួយ ដូចតារាងខាងលើ។ មួយខែម្តង ចូរអ្នកមើលតារាងរបស់អ្នក នឹងកែតម្រូវ។

"អ្នកមិនអាចញ៉ាំផ្លែប៉ោមមួយឲ្យអស់តែមួយម៉ាត់ឡើយ អ្នកត្រូវកាត់វាជាចំណែកៗ។ ដូចគ្នាដែរ អ្នកមិនអាចសម្រេចគោលដៅរបស់អ្នកតែម្តងឡើយ អ្នកត្រូវពុះវាជាគោល ដៅតូចៗដែលអ្នកអាចបំពេញបានដោយងាយ!!!"


No comments: