ប្រែសម្រួលដោយ តេង សំអាន
ប្រភពៈ រឿងនិទានចិន
សម្រាប់ជាការពិចារណា
កាលមួយនៅក្នុងប្រទេសចិន មានគ្រួសារមួយមានទ្រព្យសម្បត្តិ ច្រើនគួរសម។ គ្រួសារនេះ មានកូនប្រុសម្នាក់។ ឪពុកម្តាយស្រឡាញ់កូនប្រុសម្នាក់នេះណាស់ មិនដែលឲ្យធ្វើការអ្វីធ្ងន់ ហើយតែងផ្គាប់ចិត្តកូនជានិច្ច។
នៅពេលកូនមានជម្លោះជាមួយក្មេងដទៃ ឪពុកម្តាយតែងចេញមុខជួយការពារជានិច្ច។ កូនប្រុសកាលបើ បានឪពុកម្តាយកាន់តែទម្រើស ក៏កាន់តែបានចិត្ត។ កូននោះចេញទៅ លេងល្បែង ជាប់បំណុលគេ... ពួកគេតែងដើរសងជំនួសជានិច្ច។
ទោះបើវ័យកាន់តែចាស់ កូនប្រុសរូបនោះមិនគិតប្រកបកិច្ចការរកស៊ីនឹងគេឡើយ គិតដើរលេង ផឹកស៊ី និងលេងល្បែង។ ក្រោយមក ឪពុកក៏ស្លាប់ចោល។ ទោះបីគាត់កាន់តែមានការលំបាក ក្នុងការគ្រប់គ្រងគ្រួសារ ម្តាយមិនដែលរអ៊ូរ និងនៅតែទម្រើសកូនប្រុសនោះដដែល។
ពេលមួយ កូនប្រុសផឹកស្រវឹង ក៏បានចាប់កូនស្រីម្ចាស់ទៀមស្រារំលោភ... ម្តាយក៏ ចេញមុខការពារ ដោយសូកចៅក្រមផង សុខចិត្តសងជម្ងឺចិត្តផង។ ក្រោយហេតុការណ៍ នេះ កូនប្រុសក៏កាន់តែបានចិត្ត នឹងតែងបង្ករឿង និងជម្លោះជាមួយអ្នកដទៃ ជារឿយៗ។
ថ្ងៃមួយ កូនប្រុសនោះ មានជម្លោះ នឹងបានជ្រុលដៃសម្លាប់ ជាមួយអ្នកជិតខាងម្នាក់។ គាត់ ក៏ត្រូវបានគេចាប់ខ្លួន។ ម្តាយ ក៏ប្រមូលទ្រព្យសម្បត្តិដែលមានទាំងអស់ ដើម្បីយកទៅ សូកប៉ាន់ដើម្បីដោះលែងកូន។
គាត់អាចរត់ការកូនប្រុសដោយជោគជ័យ ប៉ុន្តែជាលក្ខខណ្ឌ កូននោះមិនអាចរស់នៅក្នុងស្រុកនោះទៀតទេ។ ក្រោយពេលរត់ទៅនៅស្រុកផ្សេង ដោយមិនចេះ ធ្វើការរកស៊ីអ្វីនឹង គេ ក៏តាំងចាប់ផ្តើមដើរលួច ឆក់ប្លន់ពីគេ នឹងបានក្លាយជាចោរសាហាវឃោឃៅម្នាក់។
ក្រោយមក រាជការក៏ចាប់បាន នឹងសម្រេចកាត់ទោសប្រហារជីវិត។ ម្តាយ អស់លទ្ធភាព នឹងជួយ ប៉ុន្តែតាំងចិត្តនឹងធ្វើគ្រប់បែបយ៉ាងដើម្បីកូន។ ពេលគេយកកូនប្រុស ទៅដល់ ទីលានប្រហារជីវិត គាត់បានរត់ទៅលត់ជង្គង់អង្វរអ្នកកាត់ក្តី ដើម្បីសុំមើលមុខកូនប្រុស គាត់ជាលើកចុងក្រោយ។
នៅពេលទៅដល់មុខកូនប្រុស កូនប្រុសក៏និយាយថា “ម៉ែ! បើម៉ែស្រលាញ់កូន ម៉ែអាច ឱប ខ្ញុំបានទេ?” ម្តាយក៏ធ្វើតាមទាំងទឹកភ្នែករហាម... ពេលនោះកូនប្រុសគាត់ ក៏យកស្មាឃឹស គាត់ដួល ហើយនិយាយថា “ម៉ែ អើយ! ហេតុតែម៉ែស្រលាញ់ខ្ញុំ ទើបខ្ញុំក្លាយជាបែបនេះ! ពេលខ្ញុំឈ្លោះជាមួយគេ ម៉ែថាត្រូវ! ពេលខ្ញុំវាយគេ ម៉ែក៏ថាត្រូវ! ពេលខ្ញុំលួចប្លន់គេ ម៉ែក៏ថា មិនខុស!... ម៉ែដឹងទេ បើម៉ែកុំស្រលាញ់ខ្ញុំបែបនេះ ខ្ញុំមិនមានថ្ងៃនេះឡើយ...”៕
“សូមកុំឲ្យក្តីស្រលាញ់ដែលគេផ្តល់ឲ្យអ្នក ក្លាយទៅទោសកំហុសឲ្យសោះ!!!”
No comments:
Post a Comment