Tuesday, January 3, 2012
រឿងកំប្លែងៈ ថ្លៃដើមកើន
ដោយ តេង សំអាន
បុរសម្នាក់ជិះម៉ូតូទៅដល់តូបលក់ទឹកកកមួយ រួចប្រាប់ទៅអ្នកលក់ “ឲ្យទឹកកកខ្ញុំ ៣០០០រៀលមក”។ អ្នកលក់ក៏អារទឹកកក លើកដាក់ ក្នុងស្បោង ហើយហុចឲ្យគាត់វិញ។
អ្នកទិញៈ ហ្អាក! ម៉េចក៏ដុំតូចយ៉ាងនេះ។ ខ្ញុំទិញលើកមុន ធំសឹងយួរមិនចង់រួច។
អ្នកលក់ៈ ពេលនេះជាពេលចូលឆ្នាំ... លក់ដាច់ស្ទើររកទឹកកកលក់មិនបានផង។
អ្នកទិញៈ ហ៊ឺ.... បើលក់ដាច់ទៅហើយ ហេតុអ្វីចាំបាច់ឡើងថ្លៃទៀត.... លក់ឲ្យតែបាន ច្រើនកាលណាមិនចំណេញច្រើនដូចតែគ្នាទេ?
អ្នកលក់ៈ មិនឡើងថ្លៃមិនបានទេ.... ថ្លៃដើមផលិតកើនឡើងណាលោក!
អ្នកទិញៈ ខ្ញុំគិតថា គ្មានអីកើនឡើងទេ!
អ្នកលក់ៈ លោកមិនយល់ទេ... ទឹកកកធម្មតាត្រូវការរយៈពេលមួយកំណត់ដើម្បីឲ្យវា កក ... សមត្ថភាពរោងចក្រមានកំណត់ ម្ល៉ោះហើយមិនបានផលិតឲ្យលើស ត្រៀមបំរុងទុកទេ។
អ្នកទិញៈ សមហេតុផលដែរ។ ចុះហេតុអ្វីក៏ថ្លៃកើន?
អ្នកលក់ៈ ដើម្បីផលិតឲ្យបានទាន់ពេល និង គ្រប់តំរូវការ រោងចក្រត្រូវបន្ថយរយៈពេល បង្កក... ការបន្ថយនេះហើយធ្វើឲ្យវាឡើងថ្លៃ។
អ្នកទិញៈ តើគេត្រូវប្រើម៉ាស៊ីន បច្ចេកទេសទំនើប ឬ មនុស្សបន្ថែមឬ?
អ្នកលក់ៈ អត់ទេ... គ្រាន់តែបន្ថែមធាតុផ្សំប៉ុណ្ណោះ... គឺគេត្រូវចាក់ជីអ៊ុយរ៉េ បន្ថែម ទើប ធ្វើឲ្យវា ឆាប់កក បាន។ ម្យ៉ាងទៀត សព្វថ្ងៃ ជីអ៊ុយរ៉េ ក៏ឡើងថ្លៃដែរ។
អ្នកទិញៈ អូហ៍... ទឹកកកក៏ត្រូវការជីដែរឬ?????